ដោយៈ សុផល / ភ្នំពេញៈ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលលោក ឈើតគាត អាត់ថាកន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញ សមត្ថភាព នៃព្រះរាជាណាចក្រថៃឡង់ដ៍ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែង ការគួរសម នៅវិមានព្រឹទ្ធសភា។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវការ ស្វាគមន៍ និងអបអរសាទរ ចំពោះលោក ឈើតគាត អាត់ថាកន ដែលត្រូវតែងតាំងជា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃឡង់ដ៍ ប្រចាំនៅ ព្រះរាជាណាចក្រកម្ពុជា។ ការទទួលតំណែងជា ឯកអគ្គរាជទូតរបស់លោក ឈើតគាត អាត់ថាកន គឺស្របពេលដែលទំនាក់ទំនងការទូតផ្លូវការ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃឡង់ដ៍ គិតមកដល់ពេលបច្ចុប្បន្ននេះ គឺមានរយៈពេល ៧២ ឆ្នាំ។

សម្តេចមានជំនឿជឿជាក់ថាៈ តាមរយៈបេសកកម្មការទូតរបស់លោក នៅព្រះរាជា ណាចក្រកម្ពុជា លោក នឹងខិតខំប្រឹងប្រែងពង្រឹងពង្រីក ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ លើគ្រប់វិស័យ ឱ្យកាន់តែរឹងមាំ និងខ្លាំងក្លា ជាងនេះថែមទៀត ដើម្បីជាគុណប្រយោជន៍ដ៏ធំធេង សម្រាប់ប្រជាជន និងប្រទេសទាំងពីរ ទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។

ក្នុងឱកាសនោះ លោក ឈើតគាត អាត់ថាកន បានវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាព និងការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ របស់ប្រទេសកម្ពុជា ក្នុងរយៈពេលជាច្រើនឆ្នាំ កន្លងទៅនេះ។ ក្នុងនោះ ទំនាក់ទំនងមិតភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ បានពង្រឹងពង្រីកលើគ្រប់វិស័យ ជាពិសេសវិស័យ ពាណិជ្ជកម្ម និងការវិនិយោគ នៃប្រទេសទាំងពីរ មានការកើនឡើង គួរឱ្យកត់សម្គាល់។

លោកឯកអគ្គរាជទូត បានគូសបញ្ជាក់ថាៈ បន្ទាប់ពីជំងឺកូវីដ-១៩ បានធូរស្បើយ ប្រទេសទាំងពីរ បានបើកព្រំដែន សម្របសម្រួល ការធ្វើដំណើ រវាងប្រជាជន ជាពិសេស ការចាប់ផ្តើមធ្វើពាណិជ្ជកម្ម តាមព្រំដែន នៃប្រទេសទាំងពីរឡើងវិញ។ លោកសង្ឃឹមថា ការផ្លាស់ប្តូរទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគនៃប្រទេសទាំងពីរ នឹងមានការកើន ឡើង បន្ថែមទៀត នៅឆ្នាំខាងមុខនេះ។ ជាមួយគ្នានេះ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ ក៏នឹងត្រូវបានពង្រឹងពង្រីកបន្ថែមទៀតផងដែរ។

លោកឯកអគ្គរាជទូត សង្ឃឹមថា តាមរយៈបេសកកម្មការទូតរបស់លោក លោកនឹងខិតខំ អនុវត្តឱ្យសម្រេចបានសមិទ្ធផលថ្មីៗ ដែលរួមចំណែកដល់ ការពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដ៏ល្អប្រពៃ រវាងសភា រដ្ឋាភិបាល ប្រជាជន និងប្រទេស ទាំងពីរ ឱ្យកាន់តែល្អប្រសើរថែមទៀត។

លោកឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ ចំពោះការចូលរួមចំណែករបស់ ព្រឹទ្ធសភានៃ ប្រទេសទាំងពីរ ដែលបានដើរតួនាទី យ៉ាងសំខាន់ ក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។ លោកមានជំនឿជឿជាក់ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងព្រឹទ្ធសភា នៃប្រទេសទាំងពីរ នឹងកាន់តែរីកចម្រើនឡើង បន្ថែមទៀត ដើម្បីគាំទ្រគ្នា និងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការ រវាងស្ថាប័ននីតិបញ្ញតិ្ត នៃប្រទេសទំាងពីរ។

ជាមួយគ្នានេះ សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីរីករាយ ដោយបានឃើញ នូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ មានការរីកចម្រើន ជាលំដាប់។ ការរីកចម្រើននេះ ស្តែងឡើង តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ច របស់ថ្នាក់ដឹកនាំកំពូល ថ្នាក់ដឹកនាំជាន់ខ្ពស់ ថ្នាក់ដឹកនាំតាមក្រសួង ស្ថាប័ន និងការផ្លាស់ប្តូរ រវាងប្រជាជន និងប្រជាជនជាបន្តបន្ទាប់ ព្រមទាំងបានគាំទ្រគ្នា ទៅវិញទៅមក ក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ។

សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីរីករីយ អំពីការរីកចម្រើន ខាងសេដ្ឋកិច្ច វិនិយោគ រវាងប្រទេសទាំងពីរ ជាពិសេសការរក្សាបាន នូវកំណើននៃការផ្លាស់ប្តូរ ពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ រវាងប្រទេសទាំងពីរ។

សម្តេចប្រធានព្រឹទ្ធសភា បានបានកត់សម្គាល់ ដោយសេចក្តីពេញចិត្ត ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងព្រឹទ្ធសភាកម្ពុជា ជាមួយសភា នៃព្រះរាជាណាចក្រថៃឡង់ដ៍ តាមរយៈការបង្កើតក្រុមមិត្តភាពសភាទ្វេភាគី ការផ្លាស់ប្តូរទស្សនកិច្ច និងការគាំទ្រគ្នា ទៅវិញទៅមកលើវេទិការពហុភាគី ក្នុងក្របខ័ណ្ឌអន្តរសភា រួមមាន AIPA, APF, ASEP និង IPU ជាដើម។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភាត្រៀមខ្លួនជានិច្ច ក្នុងការធ្វើសហប្រតិបត្តិការ ដ៏ជិតស្និទ្ធជាមួយ លោកឯកអគ្គរាជទូត ក៏ដូចជា ស្ថានទូត ថៃឡងដ៍ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកដល់ការពង្រឹងពង្រីកចំណង មិត្តភាព និងកិច្ចសហប្រតិបតិ្តការកាន់តែល្អប្រពៃរវាងប្រជាជន និងប្រទេសទាំងពីរ។
សម្តេប្រធានព្រឹទ្ធសភា បានប្រសិទ្ធពរជូនលោកឯកអគ្គរាជទូត មានសុខភាពល្អបរិបូរណ៍ និងទទួលបានជោគជ័យ ក្នុងការបំពេញបេសកកម្មការទូត ដ៏ខ្ពង់ខ្ពស់នៅព្រះរាជាណាចក្រ កម្ពុជា៕ V / N