ដោយ: បូកគោ / កំពត: ជាមួយកំណើនទេសចរ នៅតំបន់រមណីយដ្ឋានទំនប់ម្លេច បានធ្វើឲ្យអ្នកបើកទូកខ្នាតតូច សម្រាប់នាំភ្ញៀវគយគន់កម្សាន្ត ក្នុងបឹងធម្មជាតិនេះ កំពុងមានស្ថានភាពល្អប្រសើរ ដោយអាចរកប្រាក់ចំណូល បានជិត ១០ ម៉ឺនរៀល ក្នុងមួយថ្ងៃ។

លោក បា នីត អ្នកបើកទូកដឹកភ្ញៀវទេសចរ នៅរមណីយដ្ឋានធម្មជាតិម្លេច បានប្រាប់ឲ្យ ដឹងថាៈ ក្រោយពេលស្ថានភាពកូវីដ-១៩ ស្ងប់ស្ងាត់ទៅវិញ ភ្ញៀវចាប់ផ្តើមមកលេង នៅតំបន់រមណីយដ្ឋាន ធម្មជាតិទំនប់ម្លេច កាន់តែច្រើន។ ដោយសារឃើញទេសចរ ចូលចិត្តជិះទូកកម្សាន្តច្រើន ទើបអំឡុងពេលចុងក្រោយ លោកបានចាប់យកមុខរបរ បើកទូកដឹកភ្ញៀវនេះ តរៀងមក។

អ្នកបើកបរទូកដដែល បានបន្តថាៈ ការជិះទូកគយគន់ទេសភាពផ្ទៃទឹក និងសម្រស់ព្រៃភ្នំ កំពុងពេញនិយម នាពេលបច្ចុប្បន្ន។ ភ្ញៀវក៏អាចផ្តោតអារម្មណ៍ លើការតុបតែងលម្អ ក្នុងន័យផ្សេងៗ តាមកន្លែងកម្សាន្តនីមួយៗ​នៅជាប់មាត់បឹងទៀតផង។ ការជិះទូកលម្ហែ កម្សាន្ត មានតម្លៃសមរម្យ ពោលគឺស័ក្តិសមដែលគ្រប់ភ្ញៀវ មិនអាចរំលងបាន។

លោក បា នីត បានបញ្ជាក់ថាៈ បច្ចុប្បន្ន ទូកដឹកភ្ញៀវនៅរមណីយដ្ឋានទំនប់ម្លេច មានច្រើន គ្រឿង ដោយទូកខ្លះ ជារបស់ម្ចាស់អាហារដ្ឋាន ឬម្ចាស់រីស៊តផ្ទាល់។ ឯទូកខ្លះទៀត ជារបស់ប្រជាពលរដ្ឋ។ ក្នុងមួយថ្ងៃ លោកអាចរកប្រាក់បាន ចន្លោះពី ៦ ម៉ឺនរៀល ទៅ ៨ ម៉ឺនរៀល៕ V / N