ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប្រធានអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ គូថេរ៉េស បានព្រមានប្រទេសនានាកាលពីថ្ងៃចន្ទទី៦កុម្ភៈថា លោកបារម្ភថាលទ្ធភាពនៃការកើនឡើងបន្ថែមទៀតនៅក្នុងជម្លោះរុស្ស៊ីនិងអ៊ុយក្រែនមានន័យថាពិភពលោកកំពុងឆ្ពោះទៅរក “សង្គ្រាមកាន់តែធំ”។
អគ្គលេខាធិការរូបនេះបានដាក់ចេញនូវអាទិភាពរបស់លោកសម្រាប់ឆ្នាំនេះនៅក្នុងសុន្ទរកថាដ៏អាប់អួរទៅកាន់មហាសន្និបាតអ.ស.ប ដែលផ្តោតលើការឈ្លានពានរបស់រុស្ស៊ី វិបត្តិអាកាសធាតុនិងភាពក្រីក្រខ្លាំង។
លោកបានប្រាប់អ្នកការទូតនៅទីក្រុងញូវយ៉កថា “យើងបានចាប់ផ្តើមឆ្នាំ ២០២៣ ដោយសម្លឹងមើលទៅចំណុចប្រសព្វនៃបញ្ហាប្រឈមជាច្រើន មិនធ្លាប់បានឃើញក្នុងជីវិតរបស់យើងពីមុននោះឡើយ”។
លោកគូថេរ៉េសបានកត់សម្គាល់ថា អ្នកវិទ្យាសាស្ត្រកំពូលៗនិងអ្នកជំនាញសន្តិសុខបានរំកិល “នាឡិកាអវសានពិភពលោក” មកត្រឹម ៩០ វិនាទីនៅពាក់កណ្តាលអធ្រាត្រកាលពីខែមុនដែលជាការកំណត់ម៉ោងកៀកបំផុតមិនធ្លាប់មានដើម្បីបង្ហើបតម្រុយអំពីការវិនាសនៃមនុស្សជាតិ។
អគ្គលេខាធិការបាននិយាយថា លោកយកវាធ្វើជាសញ្ញាព្រមាន។
លោកអានបញ្ជីបញ្ហាបន្ទាន់សម្រាប់ឆ្នាំ ២០២៣ និងថាបញ្ហាកំពូលក្នុងបញ្ជីគឺសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែនដែលជិតឈានដល់ខួបមួយឆ្នាំរបស់វា។
លោកនិយាយថា “ការរំពឹងទុកសម្រាប់សន្តិភាពបន្តថយចុះ។ ឱកាសនៃការកើនឡើងជម្លោះបន្ថែមទៀតនិងការបង្ហូរឈាមនៅតែបន្តកើនឡើង”។ខ្ញុំបារម្ភថាពិភពលោកមិនកំពុងដេកមមើក្នុងសង្គ្រាមកាន់តែធំ។ ខ្ញុំខ្លាចថា ពិភពលោកកំពុងធ្វើដូច្នេះជាមួយភ្នែកបើកធំៗ”។
លោកគូថេរ៉េសបានលើកឡើងពីការគំរាមកំហែងផ្សេងទៀតចំពោះសន្តិភាពផងដែរ រាប់ចាប់ពីជម្លោះអ៊ីស្រាអែលនិងប៉ាឡេស្ទីនរហូតដល់អាហ្វហ្គានីស្ថាន មីយ៉ាន់ម៉ា តំបន់សាហែល (Sahel)និងហៃទី។
លោកបាននិយាយថា “ប្រសិនបើប្រទេសនីមួយៗបំពេញកាតព្វកិច្ចរបស់ខ្លួនក្រោមធម្មនុញ្ញ (អ.ស.ប) សិទ្ធិទទួលបានសន្តិភាពនឹងត្រូវបានធានា”។
លោកបានបន្ថែមថា វាដល់ពេលហើយដើម្បីផ្លាស់ប្តូរវិធីសាស្ត្ររបស់យើងទៅរកសន្តិភាព ដោយការប្តេជ្ញាចិត្តឡើងវិញចំពោះធម្មនុញ្ញ ដោយដាក់សិទ្ធិនិងសេចក្តីថ្លៃថ្នូរជាអាទិភាព៕
ប្រធានអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ គូថេរ៉េស