ដោយៈ គង់ហេង/ កំពង់ចាម៖ ករណីគ្រោះអគ្គិសភ័យមួយដែលបានឆេះអស់ផ្ទះមួយខ្នង ដែលមានសមាជិកសរុប ប្រាំពីរ នាក់ គឺបណ្តាលឱ្យកូនស្លាប់ចំនួន បី នាក់ ហើយបានរងរបួសឪពុក និង ម្តាយកាលពីវេលាម៉ោងជិត ៥ទៀបភ្លឺថ្ងៃទី ៧ កុម្ភៈនោះ សមត្ថកិច្ចកំពុងបើកការស៊ើបអង្កេតរកមូលហេតុ នៃការឆេះនេះ។

ហេតុការណ៍ដ៏រន្ធត់ឆេះស្លាប់ និងរបួសមនុស្សមួយគ្រួសារក្នុងផ្ទះមួយខ្នងទំហំទទឹង ៦ម៉ែត្រ និងបណ្តោយ ៨ម៉ែត្រសង់ពីឈើដំបូលប្រក់ក្បឿង និងមានបន្ទប់ថ្មខាងក្រោមបានកើតឡើង ស្ថិតក្នុងភូមិអង្គរបានទី៣ ឃុំអង្គរបាន ស្រុកកងមាស ។ ជាមួយនោះក្រោយពីទទួលបានព័ត៌មានលោក អ៊ុន ចាន់ដា ក្នុងនាមប្រធានគណៈកម្មាធិការសាខាកាកបាទកម្ពុជា ខេត្តកំពង់ចាមបានដឹកនាំសហការីចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសាររងគ្រោះដល់កន្លែងកើតហេតុ។
លោក ភោគ សាវុធ អភិបាលស្រុកកងមាសបានឱ្យដឹងថា ជនរងគ្រោះដែលបានស្លាប់ក្នុងភ្នក់ភ្លើងទាំងបីជាបងប្អូនបង្កើត ទី១. ឯល ណូរ៉លចាន់ណាស់ ភេទស្រី អាយុ ១៧ ឆ្នាំ, ទី២. ឯល ហ្វារីទាស់ ភេទស្រី អាយុ ១៥ឆ្នាំ និងទី៣. ឯល ម៉ាត់ហ្វីទល ភេទប្រុស អាយុ ១០ ឆ្នាំ។ អ្នករបួសពីរ នាក់ៈ យ៉ា ឯល អាយុ ៤០ ឆ្នាំ ជាឪពុក និង ឯល រ៉ទីយ៉ាស់ អាយុ ៤១ ឆ្នាំជាម្តាយ បានបញ្ជួនទៅសង្រ្គោះឯមន្ទីរពេទ្យ។
លោកអភិបាលស្រុកកងមាសបានបន្ថែមថា នៅក្នុងរូបថតមួយសន្លឹកនេះជាសមាជិតគ្រួសាររងគ្រោះមានចំនួន ប្រាំពីរ នាក់ គឺកូនធំៗ ចំនួន បី នាក់អាយុចាប់ពី ១០ ឆ្នាំដល់ ១៧ ឆ្នាំដេកនៅបន្ទប់ខាងលើ គឺពេលកើតហេតុភ្លើងឆេះខ្លាំងមិនអាចឡើងទៅសង្រ្គោះបាន ហើយម៉្យាងពួកគេទាំងបី កំពុងដេកលង់លក់ទើបបង្កឱ្យស្លាប់យ៉ាងអាណោចអាធ័មដូច្នេះ ដោយសង្រ្គោះបានតែកូនតូចៗ ចំនួន ពីរនាក់ដែលដេកជាមួយនោះ៕/PC