ដោយៈសុផល/ភ្នំពេញ៖ធនាគារសហគ្រាសធុនតូចនិងមធ្យមកម្ពុជា (SME Bank) នៅឆ្នាំ២០២២ បានផ្តល់ឥណទានដោយផ្ទាល់ជូនដល់សហគ្រាស ធុនតូច និងមធ្យម ចំនួន ២៣១ សហគ្រាស ដែលមានសហគ្រិនជាស្រ្តីចំនួន ៦២ សហគ្រាស និងសហគ្រិនជាបុរសចំនួន ១៦៩ សហគ្រាស ជាមួយទំហំទឹកប្រាក់ឥណទានសរុបប្រមាណ៥៣,៤លានដុល្លារអាម៉េរិក។នេះបើតាមរបាយការណ៍ពីសិក្ខាសាលាបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២និងការលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៣” របស់ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា នាពេលថ្មីៗនេះ។
ទាក់ទងនឹងគម្រោងសហហិរញ្ញប្បទានទ្រទ្រង់ សហគ្រាសធុនតូច និងមធ្យម ជំហានទី១ និង ទី២ធនាគារបានផ្តល់ការគាំទ្រ ដល់ សហគ្រាសសរុបចំនួន ១៩៩២ស្មើនឹងទំហំទឹកប្រាក់សរុប២៤០លានដុល្លារដែលជាថវិកាបដិភាគស្មើគ្នារវាងធនាគារសហគ្រាស ធុនតូច និងមធ្យម កម្ពុជា និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម។
របាយការណ៍ដដែលបានឱ្យដឹងទៀតថា SME Bankបាន និងកំពុងដំណើរការគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ នូវចំនួនទឹកប្រាក់សរុប ១៥០ លានដុល្លារ ដែលជាថវិកាបដិភាគស្មើគ្នា រវាងធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម គិតត្រឹមខែធ្នូ ឆ្នាំ២០២២ ធនាគារក៏បានផ្តល់ឥណទានទៅម្ចាស់អាជីវកម្មស្ថិតនៅក្នុងវិស័យទេសចរណ៍ចំនួន ២៩២ ដែលមានទំហំឥណទានសរុបប្រមាណ ៤២ លានដុល្លារ។
សូមជម្រាបថាធនាគារសហគ្រាសធុនតូចនិងមធ្យមកម្ពុជាជាធនាគារគោលនយោបាយ ដែលទទួលបានអាជ្ញាបណ្ណប្រតិបត្តិការធនាគារ ពីធនាគារជាតិ នៃ កម្ពុជា កាលពីឆ្នាំ២០២០ ហើយធនាគារនេះបង្កើតឡើងក្រោមគំនិតផ្តួចផ្តើម របស់រាជរដ្ឋាភិបាល និងមានបេសកកម្មផ្តល់ហិរញ្ញប្បទានប្រកបដោយលក្ខខណ្ឌអនុគ្រោះជូនដល់សហគ្រាសធុនតូច និងមធ្យម ដែលស្ថិតនៅក្នុងវិស័យអាទិភាព៕សរន/R