ដោយៈ មុនីរ័ត្ន/ភ្នំពេញ: លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានសំណូមពរឱ្យអ្នកនយោបាយខ្មែរ បញ្ចប់វប្បធម៌គុំគួនសងសឹក ពោលគឺខ្មែរត្រូវតែរួបរួមគ្នា និងសូមឱ្យអ្នកនយោបាយខ្មែរគ្រប់រូបងាកមក ចូលរួមដោះស្រាយបញ្ហាជាតិធំៗ ដោយតំកល់លើផលប្រយោជន៍ជាតិជាចំបង។ នេះជា ការលើកឡើងរបស់លោកញឹក ប៊ុនឆៃ ក្នុងវេទិកាសាធារណៈនៅឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣។

លោកញឹក ប៊ុនឆៃ បានបញ្ជាក់ថា “បទពិសោធន៍នយោបាយកម្ពុជា បានបង្ហាញយ៉ាងច្បាស់ថា អ្នកនយោបាយខ្មែរឈ្លោះគ្នា លាបពណ៌ ជេរប្រមាថ គុំគួនសងសឹក មានឯងអត់អញ មានអញអត់ឯង ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោច បង្កការឈឺចាប់ឱ្យគ្នាទៅវិញមក។ ផលវិបាក ធ្វើឱ្យយើងបែកបាក់ជាតិ បរទេសឆ្លៀតឱកាសកេញចំណេញផលប្រយោជន៍ជាតិ។ ជាពិសេសជម្លោះអ្នកនយោបាយខ្មែរបង្កើតទុក្ខលំបាកដល់រាស្ត្រស្លូតត្រង់។ ដូច្នេះ ខ្ញុំសូមណូមពរឱ្យអ្នកនយោបាយខ្មែរ បញ្ចប់វប្បធម៌គុំគួនសងសឹក។ យើងជាខ្មែរត្រូវតែរួបរួមគ្នា”។

ជាមួយគ្នានេះ លោកញឹក ប៊ុនឆៃ សូមឱ្យអ្នកនយោបាយខ្មែរគ្រប់រូបងាកមក ចូលរួមដោះស្រាយបញ្ហាជាតិធំៗ ដោយតំកល់លើផលប្រយោជន៍ជាតិជាចំបង។ គណបក្សខ្មែររួបរួមជាតិប្រកាន់គោលការណ៍ បង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ អហិង្សា មិនយកខ្មែរណាជាសត្រូវ……។ ខ្មែររួបរួម ខ្មែរខ្លាំង! ខ្មែររួបរួម ខ្មែររុងរឿង! បុគ្គលមិនអមតៈ កម្ពុជាអមតៈ!៕ P / N