ប្រែសម្រួល : កញ្ញាដាលីស (ស្ពុតនិក) ៖ សមាជិកសភាបក្សការងារអូស្ត្រាលី លោក ជូលៀន ហ៊ីល (Julian Hill) បានអះអាងថា បញ្ញាសិប្បនិមិត្ត (AI)អាចត្រូវបានប្រើប្រាស់សម្រាប់”ការបំផ្លិចបំផ្លាញដ៏ធំសម្បើម” នៅក្នុងសុន្ទរកថាក្នុងសភាជាលើកដំបូងនៅក្នុងប្រទេស ដែលសរសេរមួយផ្នែកដោយកម្មវិធីជជែក ChatGPTដំណើរការដោយ AI ។
សមាជិកសភារូបនេះបានអំពាវនាវឱ្យមានឯកសារសឬការស៊ើបអង្កេតមួយដើម្បីវាយតម្លៃ “ហានិភ័យនិងអត្ថប្រយោជន៍” ទាំងអស់នៃ AIដែលគាត់បានលើកឡើងថាអាចបណ្តាលឱ្យសិស្សលួចបន្លំផ្សាយព័ត៌មានមិនពិត និងអនុវត្តកម្មវិធីយោធាដែលមិនអាចគ្រប់គ្រងបាន ក្នុងចំណោមបញ្ហាប្រឈមផ្សេងទៀតជាច្រើន។
លោកហ៊ីលបានប្រាប់សមាជិកសភាអំពីរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយថ្មីៗនេះអំពី “សិស្សនៅប្រទេសអូស្ត្រាលីប្រើ AIដើម្បីលួចចម្លងនៅក្នុងការប្រឡងរបស់ពួកគេ”។
លោកនិយាយថា “បច្ចេកវិជ្ជា AI ដូចជាកម្មវិធីឆ្លាតវៃដែលអាចសរសេរតែងសេចក្តីនិងបង្កើតចម្លើយបាន កាន់តែងាយស្រួលរកបានសម្រាប់សិស្សដែលអនុញ្ញាតឱ្យពួកគេបំពេញកិច្ចការសាលានិងការប្រឡងដោយមិនយល់ច្បាស់អំពីមេរៀន ដោយបង្កឱ្យមានការព្រួយបារម្ភសម្រាប់គ្រូបង្រៀន ដែលព្រួយបារម្ភអំពីផលប៉ះពាល់លើសុចរិតភាពនៃប្រព័ន្ធអប់រំ”។
សមាជិកសភារដ្ឋវីកតូរៀរូបនេះបានព្រមានថា បច្ចេកវិជ្ជាបែបនេះអាចជួយសិស្សឱ្យឆ្លងកាត់ដំណើរការអប់រំប្រកបដោយប្រសិទ្ធភាពនិងទទួលបាន “ប្រៀបឈ្នះយ៉ាងអយុត្តិធម៌”ដោយសារគ្រូបង្រៀនមិនអាច “កំណត់អត្តសញ្ញាណនិងដោះស្រាយការបោកប្រាស់បានទេ” មុនពេលបង្ហើបប្រាប់ថា “ខ្ញុំត្រូវតែទទួលស្គាល់ថា ខ្ញុំមិនបានសរសេរអត្ថបទនេះទេ”។
លោកហ៊ីលបានព្រមានថាហានិភ័យដែលទាក់ទងនឹង AI ផ្សេងទៀតគឺពាក់ព័ន្ធនឹង “សក្តានុពលនៃការបាត់បង់ការងារ” ដោយអះអាងថា AI “អាចបន្តឱ្យមានភាពលំអៀងនិងការរើសអើងដែលមានស្រាប់” និង “អាចត្រូវបានប្រើប្រាស់សម្រាប់គោលបំណងព្យាបាទ ដូចជាការវាយប្រហារតាមអ៊ីនធឺណិត និងយុទ្ធនាការព័ត៌មានក្លែងក្លាយ”។
លោកបានទទូចថា AI មានសក្ដានុពលក្នុងការ “បំប្លែងសង្គ្រាមដូចដែលយើងដឹងរួចហើយ” ជាមួយនឹងផលវិបាកយ៉ាងធ្ងន់ធ្ងរសម្រាប់សន្តិសុខជាតិ។ សមាជិកសភារូបនេះបានលើកឡើងថា ប្រសិនបើ AI “ឆ្លាតហួសមនុស្ស វាអាចបង្កការគំរាមកំហែងដល់យោធារបស់យើង ដែលអាចធ្វើឱ្យសមត្ថភាពការពារបច្ចុប្បន្នរបស់យើងលែងប្រើបាន”៕
AI អាចបង្កមហន្តរាយនុយក្លេអ៊ែរ ប្រសិនបើវាឆ្លាតជាងមនុស្ស