ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ចំនួនមនុស្សស្លាប់ពីរញ្ជួយដីកំលាំង៧,៨រិច្ឆទ័រនិងរញ្ជួយតូចៗតាមពីក្រោយជាច្រើនទៀតនៅតួកគីនិងស៊ីរីបានកើនជាង៥.០០០នាក់នៅថ្ងៃអង្គារទី៧កុម្ភៈនេះនៅពេលសាកសពជាច្រើនទៀតត្រូវបានទាញចេញពីគំនរអាគារដួលរលំ។
អនុប្រធានាធិបតីតួកគី បាននិយាយថាចំនួនមនុស្សស្លាប់នៅតួកគីបានកើនដល់៣.៤១៩នាក់គិតត្រឹមរសៀលថ្ងៃអង្គារ និង២០.៥៣៥នាក់រងរបួស។បូករួមទាំងចំនួនស្លាប់១.៦០២នាក់ទៀតនៅខាងទឹកដីស៊ីរី ធ្វើអោយចំនួនមនុស្សស្លាប់ពីរញ្ជួយដីកាលពីថ្ងៃចន្ទឡើងដល់៥.១០២នាក់។
រញ្ជួយដីពិឃាតនេះបានកើតឡើងកាលពីដើមថ្ងៃចន្ទ ក្នុងពេលមនុស្សកំពុងដេកលង់លក់ក្នុងផ្ទះក្នុងអាគារ ដោយវាបានរំលំអាគាររាប់ពាន់។ពួកអ្នកជួយសង្គ្រោះបានខិតខំស្វែងរកអ្នកនៅរស់និងសាកសពមនុស្សដោយឥតឈប់សម្រាកទាំងយប់ត្រជាក់ទោះជាសីតុណ្ហភាពចុះក្រោមសូន្យនិងមានការរញ្ជួយតូចៗប្រមាន២០០លើកក្រោយមកទៀតក្តី។
នួរហ្គុល ឡាថាយ(Nurgul Atay)បានប្រាប់សារព័ត៌មានថា នាងបានឮសម្លេងម្តាយនាងស្រែកអោយជួយចេញពីក្រោមគំនរថ្មនៃអាគារបាក់នៅទីក្រុងអង់ថាក្យា(Antakya)ក្នុងខេត្តហាថាយ(Hatay)តែកិច្ចខិតខំរបស់នាងនិងអ្នកដទៃទៀតឥតប្រយោជន៍ដោយសារតែគ្មានបុគ្គលិកជួយសង្គ្រោះនិងគ្រឿងចក្រជួយ។នាងបាននិយាយថា«បើយើងអាចលើកផ្ទាំងថ្មចេញបាន យើងអាចចូលទៅដល់គាត់។ម្តាយរបស់ខ្ញុំអាយុ៧០ឆ្នាំ គាត់មិនអាចស៊ូទ្រាំបានយូរទេ»។
នៅទូទាំងខេត្តហាថាយ ពួកមន្ត្រីបាននិយាយថា អាគារជាង១.៥០០បានដួលរលំបាក់និងមនុស្សជាច្រើនកំពុងជាប់ក្រោមគំនរថ្ម ដោយក្រុមជំនួយនៅមិនទាន់ទៅដល់នៅឡើយ។
អាជ្ញាធរជឿថាចំនួនមនុស្សស្លាប់នឹងបន្តកើនឡើងដោយសារអ្នកជួយសង្គ្រោះកំពុងទាញចេញសាកសពពីក្រោមគំនរអាគារ និងតំបន់រងគ្រោះខ្លះអ្នកជួយសង្គ្រោះនិងស្វែងរកនៅមិនទាន់ចូលទៅដល់នៅឡើយ ៕
អង្គការសុខភាពពិភពលោកអះអាងថា រញ្ជួយដីកាលពីថ្ងៃចន្ទប៉ះពាល់មនុស្ស២៣លាននាក់នៅតួកគីនិងស៊ីរី