ដោយ៖ ដេប៉ូ / ភ្នំពេញ៖ សមាគមជប៉ុន-កម្ពុជា (JCA) បានសន្យាថា នឹងទាក់ទាញ អ្នកវិនិយោគទុនរបស់ខ្លួន ឱ្យបានច្រើនបន្ថែមទៀត សម្រាប់ចូលរួមជួយអភិវឌ្ឍន៍វិស័យ ធនធានមនុស្សរបស់កម្ពុជា ឲ្យកាន់តែមានសមត្ថភាព ទាំងចំណេះ ជំនាញ ដើម្បីដើរឱ្យទាន់តម្រូវការសង្គម-សេដ្ឋកិច្ច ដែលកំពុងមានការរីកចម្រើន នាពេលបច្ចុប្បន្ននេះ។
គួរបញ្ជាក់ថា ការសន្យាថា នឹងជួយកម្ពុជា លើការអភិវឌ្ឍធនធានមនុស្សនេះ ធ្វើឡើង នៅក្នុងជំនួបពិភាក្សាការងារមួយ រវាងលោក អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Takahashi Fumiaki ប្រធានសមាគម ជប៉ុន-កម្ពុជា (JCA) និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ។
ថ្លែងក្នុងពិធីនេះ លោក អុិត សំហេង បានវាយតម្លៃខ្ពស់ ចំពោះលោកTakahashi Fumiaki ដែលជាមិត្តដ៏ល្អមួយរូបរបស់កម្ពុជា និងជាអ្នកការទូតដ៏មានសមត្ថភាព របស់ប្រទេសជប៉ុន ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ប្រកបដោយផ្លែផ្កា។ បើទោះបីជា លោក Fumiaki បានបញ្ចប់បេសកម្មការទូត នៅកម្ពុជាក្តី តែរូបលោកនៅតែបន្តទំនាក់ទំនងដ៏ល្អ ជាមួយកម្ពុជា។
ជាមួយគ្នានេះ លោក រដ្ឋមន្ត្រី បានថ្លែងដោយបញ្ជាក់ថាៈ រដ្ឋាភិបាលប្រទេសទាំងពីរ បានបង្កើនកិច្ចសហប្រតិបត្តិការ ដល់កម្រិត ដៃគូរជាយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ។ មួយវិញទៀត លំហូរពាណិជ្ជករជប៉ុន បានចូលមកកម្ពុជា កាន់តែច្រើនវិនិយោគលើ គ្រប់វិស័យ បានផ្តល់ឱកាសការងារ ជូនដល់ពលរដ្ឋកម្ពុជា បានយ៉ាងច្រើន នេះជាការបង្ហាញ ពីសក្តានុពល និងភាពទាក់ទងរបស់កម្ពុជា។ ការមើលឃើញពីវត្តមាន របស់អ្នកវិនិយោគជប៉ុន មកកាន់កម្ពុជាច្រើន ជាការជំរុញទាក់ទាញអ្នកវិនិយោគ ប្រទេសដទៃផ្សេងទៀត មកកាន់កម្ពុជា ក៏កាន់តែច្រើនបន្ថែមទៀត ផងដែរ។
លោក រដ្ឋមន្ត្រី បានបន្តថាៈ ការវិនិយោគរបស់ជប៉ុន ពិតជានាំនូវបច្ចេកវិទ្យាទំនើបថ្មីៗ និងយន្តការគ្រប់គ្រងក្រុមហ៊ុន រោងចក្រ ឱ្យកាន់តែមានភាពងាយស្រួល។ លោកបាន កត់សម្គាល់ឃើញថា ក្រុមហ៊ុនរបស់ជប៉ុនដែលមានវត្តមាននៅកម្ពុជា កម្រមានវិវាទការងារ ណាស់ ក្រុមហ៊ុនអនុវត្តទៅតាមច្បាប់បានល្អ រួមនឹងទំនាក់ទំនង រវាងនិយោជកជប៉ុន និងកម្មករ និយោជិតកម្ពុជា មានភាពសុខដុមរមនានឹងគ្នា។
ទាក់ទិនក្នុងរឿនេះដែរ លោករដ្ឋមន្ត្រី ចង់ឃើញកម្មសិក្សាការីកម្ពុជា បានទៅធ្វើការ នៅប្រទេសជប៉ុន ឱ្យបាន ៥ ម៉ឺននាក់ ខណៈបច្ចុប្បន្ន កម្មសិក្សាការីកម្ពុជា បានចេញទៅ ធ្វើការនៅជប៉ុន បានត្រឹមប្រមាណ ២ ម៉ឺននាក់ប៉ុណ្ណោះ។ លោកស្នើដល់ខាងភាគីជប៉ុន ធ្វើការបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជា ដើម្បីឈានទៅសម្រេចឱ្យបាន នូវចំនួន ៥ ម៉ឺននាក់ នាពេលដ៏ខ្លីខាងមុខនេះ។
ជាកិច្ចឆ្លើយតបដល់លោករដ្ឋមន្ត្រី អុិត សំហេង លោក Fumiaki រួមនឹងសមាជិករបស់ សមាគមបង្ហាញពីជំហរនឹងប្រឹងប្រែងធ្វើយ៉ាងណា ជួយមកកម្ពុជា លើជំនាញដ៏ចំាបាច់ ដែលកំពុងមានតម្រូវការសម្រាប់ ទៅធ្វើការនៅជប៉ុន។ ជាមួយនឹងនេះ ដោយសង្កេត ឃើញថា រថយន្តដែលផលិតនៅប្រទេសជប៉ុន បានចរាចរណ៍នៅកម្ពុជា មានចំនួនកាន់ តែច្រើន ដែលជាឱកាសមួយ សម្រាប់ឱ្យខាងជប៉ុន ផ្តល់ការបណ្តុះបណ្តាល លើជំនាញ ថែទាំ និងជួសជុលរថយន្តនេះ ទៅដល់យុវជនកម្ពុជា ឱ្យកាន់តែមានសមត្ថភាព រួមនឹងផ្តល់ ការបណ្តុះបណ្តាល ជំនាញកែសម្ជស្ស ដែលជាជំនាញមួយ កំពុងតែពេញនិយម ដែលអាចផ្តល់ចំណូលបានប្រសើរ បើយុវជន យុវតីរបស់កម្ពុជា ចាប់យកអាជីព ខាងកែសម្ជស្សនេះ បានស្ទាត់ជំនាញ។
ដើម្បីចូលរួមអបអរសាទរ គម្រប់ខួបលើកទី៧០ នៃចំណងមិត្តភាព រវាងកម្ពុជា-ជប៉ុន ខាងសមាគមជប៉ុន-កម្ពុជា(JCA) គ្រោងនឹងរៀបចំនូវ កម្មវិធីមួយចំនួន ដើម្បីជាការរំលឹក នូវកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសទាំងពីរផង ក៏ដូចជាទាក់ទាញអ្នកវិនិយោគជប៉ុន មកកម្ពុជា ឱ្យបានច្រើនបន្ថែមទៀត ដើម្បីលើកស្ទួយសេដ្ឋកិច្ចរបស់កម្ពុជា ឱ្យមានភាព សម្បូរសប្បាយ។
ក្នុងពិធីនេះដែរ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណ ដល់ភាគីជប៉ុន ដែលបានគិតគូរយកចិត្តទុកដាក់ ដល់កម្មសិក្សាការីកម្ពុជា ដែលបានទៅធ្វើការនៅជប៉ុន និងជួយកម្ពុជា លើជំនាញបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ដែលស្របគ្នាទៅនឹងផែនការយុទ្ធសាស្ត្រ ក៏ដូចជាផែនទីបង្ហាញផ្លូវ របស់កម្ពុជា ឆ្នាំ២០៣៥៕/V