ដោយៈ សុផល / ភ្នំពេញ៖ ប្រព័ន្ធធនាគារកម្ពុជា មានធនាគារពាណិជ្ជ ៦០ ធនាគារឯកទេស ៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ ៥ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ មិនទទួលប្រាក់បញ្ញើ ៨២ គ្រឹះស្ថានឥណទានជនបទ ២២៤ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ ១៦ អ្នកដំណើរការតតិយភាគី ៥ គ្រឹះស្ថានផ្តល់ សេវាទូទាត់សងប្រាក់ ៣៤ អ្នកផ្តល់សេវា ប្រព័ន្ធចែករំលែកព័ត៌មានឥណទាន ១ ការិយាល័យតំណាងធនាគារបរទេស ៦ និងអាជីវកម្មប្ដូរប្រាក់ ២.៨៦៩។

នេះបើតាមការឱ្យដឹងរបស់លោក រ័ត្ន សោភ័ណ អនុប្រធានសមាគមធនាគារនៅកម្ពុជា នៅក្នុងសន្និសីទសារពត៌មាន ស្តីពី “​​ស្ថានភាពវិស័យធនាគារ និងហិរញ្ញវត្ថុ និងវិធានការ បុរេសកម្ម ឆ្លើយតបទៅនឹងការផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ” នាព្រឹកថ្ងៃទី៧ ខែកុម្ភៈនេះ។

លោក រ័ត្ន សោភ័ណ បានឱ្យដឹងថា៖ នៅឆ្នាំ២០២២នេះ ប្រព័ន្ធធនាគារកម្ពុជាសម្រេចបាន លទ្ធផលល្អ និងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងគាំទ្រ កំណើនសេដ្ឋកិច្ច ដែលត្រូវបានប៉ានស្មានថា ងើបឡើងវិញ ក្នុងអត្រា ៥,១%។ អត្រាប្តូរ​ប្រាក់រៀល ធៀបនឹងដុល្លារអាម៉េរិក ត្រូវបានរក្សាមានស្ថិរភាព ក្នុងរង្វង់ ៤.១០២ រៀល ក្នុង ១ ដុល្លារអាមេរិក ហើយអត្រាអតិផរណា​ ប្រចាំឆ្នាំ២០២២ មានកម្រិត ៥,៥%។

លោកអនុប្រធានសមាគមធនាគារ បានគូសបញ្ជាក់ថា៖ ប្រព័ន្ធធនាគារហិរញ្ញវត្ថុ បានផ្តល់ ឥណទានទៅកាន់វិស័យសេដ្ឋកិច្ច (Real Sector) ជាមួយកំណើន ២១% ប្រមាណជា ៥៦ ប៊ីលានដុល្លារអាមេរិក, ប្រាក់បញ្ញើអតិថិជនកើនជាង ១១% ឬប្រមាណ ជាង ៤៤ ប៊ីលានដុល្លារអាមេរិក។ ចំនួនគណនីប្រាក់បញ្ញើអតិថិជន កើនពី ១២,៧ លាន ដល់ ១៤,៣ លានគណនី និងគណនីឥណទាន​អតិថិជន ពី ៣,៤ លាន ដល់ ៣,៧ លានគណនី។

ដោយឡែក បើសិនជាគិតតែគ្រឹះស្ថានធនាគារតែឯង ឥណទានទៅកាន់វិស័យសេដ្ឋកិច្ច មានកំណើន ១៩% ប្រមាណជា ៤៦ ប៊ីលាន​ដុល្លារអាមេរិក នៅដំណាច់ឆ្នាំ២០២២, ប្រាក់បញ្ញើអតិថិជន កើនជិត ១០% ឬប្រមាណជាង ៣៨ ប៊ីលានដុល្លារអាមេរិក៕/V/R