ដោយៈ មុនីរ័ត្ន / ភ្នំពេញ ៖ ប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោក មូហាម៉េដ សាអេដ សាហ្វី អាល់-ហាចរី (Muhammad Saeed Shafi Al-Hajri) ឯកអគ្គរាជទូត នៃប្រទេសកូវ៉ែត ប្រចាំកម្ពុជា បានបញ្ជាក់ជាថ្មីនូវ ការប្តេជ្ញាបន្តជំរុញបន្ថែមទៀត នូវទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ការបញ្ជាក់របស់ភាគី ទាំងពីរ បានធ្វើឡើង នៅក្នុងឱកាសដែលឯកអគ្គរាជទូតកូវ៉ែត ចូលជួបសម្តែងការគួរសម លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣នៅទីស្តីការក្រសួង។

នៅក្នុងជំនួបនេះ ភាគីទាំងពីរ បានពិភាក្សាអំពីមធ្យោបាយនានា ដើម្បីជំរុញបន្ថែមទៀតនូវ កិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យមួយចំនួន រួមមាន ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការរុករកប្រេង/ឧស្ម័ន។

រដ្ឋមន្ត្រីក្រសួងការបបរទេសកម្ពុជា បានសង្ឃឹមថា សកម្មភាពរួមគ្នាមួយចំនួន នឹងត្រូវយក មកពិនិត្យ និងរៀបចំ ដើម្បីអបអរសារទរ ខួបអនុស្សាវរីយ៍លើកទី៣០ នៃការបង្កើតទំនាក់ ទំនងការទូត កម្ពុជា-កូវ៉ែត នៅឆ្នាំ២០២៤។

រដ្ឋមន្ត្រីការបរទេសកម្ពុជា និងឯកអគ្គរាជទូតកូវ៉ែត បានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ មួយចំនួន រួមទាំង កិច្ចសហប្រតិបត្តិការ រវាងអាស៊ាន និងក្រុមប្រឹក្សាសហប្រតិបត្តិការ ឈូងសមុទ្រ ។ លោកឯកអគ្គរាជទូតថ្មី បានអបអរសាទរកម្ពុជា ចំពោះជោគជ័យ នៃការធ្វើជាប្រធានអាស៊ាន កាលពីឆ្នាំមុន ផងដែរ៕ V / N