ដោយៈ ទេពកង្រី / កំពង់ឆ្នាំង: សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង បានចុះរៀបចំសណ្ដាប់ ធ្នាប់ និងរក្សាអនាម័យ នៅសួនច្បារដើមពោធិ៍ នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ នេះ ដើម្បីលើកកម្ពស់ សោភ័ណភាពទីក្រុង ។
មន្ត្រីនគរបាលក្រុងកំពង់ឆ្នាំង បានឱ្យដឹងថា នៅក្នុងការចុះរៀបចំសណ្ដាប់ធ្នាប់នេះ សមត្ថកិច្ច បានបំបែកពលរដ្ឋមួយក្រុម ដែលជាជនពនេចរ ដែលបានប្រមូលផ្ដុំគ្នា មករស់នៅលើសួនច្បារដើមពោធិ៍ កណ្ដាលក្រុងកំពង់ឆ្នាំង ដោយបំពុលបរិស្ថាន បាត់បង់សណ្ដាប់ធ្នាប់ អនាម័យ និងសោភ័ណភាព ជាង ១០ ថ្ងៃ កន្លងមកហើយ ។
ស្ត្រីម្នាក់ដែលជាអ្នកថែសួនច្បារដើមពោធិ៍ បានបញ្ជាក់ថាៈ ក្រុមពលរដ្ឋពនេចរទាំងនេះ បានប្រមូលផ្ដុំគ្នា រស់នៅក្រោមដើមចំប៉ី ក្នុងសួនច្បារដើមពោធិ៍នេះ ជាងដប់ថ្ងៃហើយ។
អ្វីដែលគេទើសភ្នែកនោះ គឺពួកគាត់ហូបចុក ដេកនៅ មុជទឹក បត់ដៃបត់ជើងតូចធំ ហាលសារុង ក្រមា ខោអាវ ពាសវាលពាលកាល នៅក្នុងសួនច្បារ ធ្វើឲ្យមានការបំពុល បរិស្ថាន នៅចំណុចនេះ កខ្វក់ ពិបាកភ្នែកមើលណាស់ ដូចនេះហើយទើបគាត់ សំ ណូមពរឱ្យមានការជួយអន្តរាគមន៍។
ដោយពិនិត្យឃើញករណី ដូចខាងលើនេះ លោកអភិបាលរងក្រុង និងលោកអធិការ នគរបាល ក្រុងកំពង់ឆ្នាំង បានបញ្ជាឱ្យសមត្ថកិច្ចនគរបាល មួយក្រុម ដឹកនាំដោយលោក ហង្ស ប៊ុនហាក់ អធិការរងនគរបាលក្រុង ចុះបំបែក ហ្វូងជនពនេចរមួយក្រុមនេះ ឱ្យចេញ ពីសួនច្បា ខាងលើ ដោយរៀបចំសណ្ដាប់ធ្នាប់ និងរក្សាអនាម័យ នៅសួនច្បារដើមពោធិ៍ ដើម្បីលើកកម្ពស់ សោភ័ណភាពទីក្រុង។
លោក ហង្ស ប៊ុនហាក់ បានឲ្យដឹងថា ការពិត ពលរដ្ឋមួយក្រុមនេះ គឺបីនាក់ ជាជនចំណាក ស្រុក ដោយស្ត្រីម្នាក់ មានកូនខ្ចី តូចម្នាក់ផងនោះ មកពីខេត្តតាកែវ ឯបួននាក់ទៀត គឺជាពលរដ្ឋរស់នៅក្នុងក្រុងកំពង់ឆ្នាំងយើងនឹងទេ តែបែរជាមកជួប ជុំគ្នាស៊ីផឹកស្រវឹង ជាប្រចាំនៅចំណុចខាងលើនេះ ទៅវិញ ។ ពលរដ្ឋក្រុមនេះ ត្រូវបានសមត្ថកិច្ចរបស់លោក ធ្លាប់បានណែនាំឱ្យចាកចេញជាច្រើនដងហើយ តែទៅហើយមកវិញៗ ដោយពិបាក ក្នុងការណែនាំណាស់។ ប៉ុន្តែទោះបែបណា នៅពេលនេះ សមត្ថកិច្ចបានណែនាំឱ្យពួក គេ ចាកចេញមិនឲ្យពួកគេរស់នៅជាប្រចាំ នៅចំណុចសួនច្បារនេះទេ ដែលនាំឲ្យប៉ះពាល់ ដល់អនាម័យ បរិស្ថាន និងសោភ័ណភាព នៃទីក្រុងកំពង់ឆ្នាំង នោះឡើយ៕ V / N