ដោយ៖ដេប៉ូ/សៀមរាបៈ មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល (អ័រគីដេ)សុខ អាន ភ្នំគូលែន បានកំពុងរៀបចំនូវផែនការមេ១៦តំបន់ ដើម្បីប្រែក្លាយជាការបែងចែកតំបន់អភិវឌ្ឍន៍ ដូចជាការរៀបចំហេដ្ឋរចនាសម្ព័ន, ការសិក្សាស្រាវជ្រាវ, ការអប់រំផ្សព្វផ្សាយ, ការរៀបចំចិញ្ចឹមសត្វ និងយន្តការអភិវឌ្ឍន៍ទៅជាតំបន់ទេសចរណ៍ធម្មជាតិ។
លោកស្រី ចាន់ សុម៉ាលី អនុលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងថា មជ្ឈមណ្ឌលនេះបានបង្កើតឡើងនៅឆ្នាំ ២០១៩ហើយ មានទំហំផ្ទៃដីសរុប ២០២០ហិកតា។
លោកស្រីបានថ្លែងប្រាប់ថា សម្រាប់គោលបំណងសំខាន់នៃការបង្កើតមជ្ឈមណ្ឌលនេះដែរមានទិសដៅចំនួន៤សំខាន់ៗគឺទី១ផ្តោតទៅលើការសិក្សាស្រាវជ្រាវ, ទី២គឺការថែរក្សាអភិរក្ស ប្រភេទកេរសកូលព្រៃ និង រុក្ខជាតិនានារបស់កម្ពុជាឱ្យគង់វង្ស, ទី៣គឺ ធ្វើការអប់រំផ្សព្វផ្សាយដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹងសម្បត្តិវប្បធម៌ជាតិដ៏សម្បូរបែបនៅកម្ពុជា និងទី៤គឺគោលបំណងធ្វើយ៉ាងណាយើងអាចផ្សារភ្ជាប់នូវសេដ្ឋកិច្ច និងការអភិរក្ស។
លោកស្រីបានបន្តថា ការបង្កើតមជ្ឈមណ្ឌលនេះក៏ជាទីកន្លែងមួយសម្រាប់កម្សាន្ត និង ក៏ជាទីកន្លែងអាចជួយឱ្យប្រជាពលរដ្ឋគាត់រកការងារចំណូលបន្ថែមទៀតផងដែរដែលមានន័យថាគោលដៅនៃការបង្កើតមជ្ឈមណ្ឌលនេះមិនត្រឹមមតែសម្រាប់កិច្ចការពារទេ ប៉ុន្តែនៅសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសជាតិយើង។
លោកស្រី ចាន់ សុម៉ាលី ដែលទទួលបន្ទុកមជ្ឈមណ្ឌលស្រាវជ្រាវ និង អភិរក្សកេសកូលសុខអានភ្នំគូលែនមានប្រសាសន៍ដោយបញ្ជាក់បន្ថែមទៀតថា ក្រោយទទួលការអនុញ្ញាតរបស់រាជរដ្ឋាភិបាលឱ្យបង្កើតមជ្ឈមណ្ឌលនេះមកក្រសួងបរិស្ថានបានរៀបចំនូវផែនការមេ ចំនួន១៦តំបន់។ក្នុងចំណោមទាំង១៦តំបន់នេះក្រៅពីតំបន់រដ្ឋបាល តំបន់ចំណតនិងតំបន់អាងស្តុកទឹកគឺយើងនៅមានតំបន់អភិរក្ស និងតំបន់សម្រាប់អភិវឌ្ឍន៍ក្នុងនេះមានតំបន់សំខាន់ៗដូចជាតំបន់ថែរក្សាពូជរុក្ខជាតិក្នុងស្រុក តំបន់សម្រាប់អភិវឌ្ឍន៍តំបន់ទេសចរណ៍ធម្មជាតិដែលក្នុងនេះយើងអាចបង្កើតជាតំបន់បោះជំរុំសម្រាប់ចូលដើរកម្សាន្តក្នុងព្រៃធម្មជាតិ។ក្រៅពីនេះក៏មានតំបន់សិក្សាស្រាវជ្រាវដំបូងគេនៅកម្ពុជា ហើយក៏ជាតំបន់មួយត្រូវបានចាត់ទុកសំខាន់ជាងគេពីព្រោះថា ជាទីកន្លែង សម្រាប់សិក្សាស្រាវជ្រាវ ក្នុងនេះយើងក៏គ្រោងបង្កើតជាបណ្តាល័យ បង្កើតទីកន្លែងសម្រាប់តាំងពិព័រណ៍ឱ្យប្រជាពលរដ្ឋចូលមើលកម្សាន្ត ការសិក្សាស្រាវជ្រាវ ហើយពិសេសការបង្កើតជាធនាគារពូជដោយក្នុងនោះយើងនឹងប្រមូលជាពូជរុក្ឋជាតិនិងសត្វក្នុងស្រុករបស់ប្រទេសកម្ពុជាយើងមកថែរក្សាការពារនៅទីកន្លែងប្រមូលផ្តុំនេះតែម្តង។
លោកស្រី ចាន់សុម៉ាលីបានលើកឡើងដោយបញ្ជាក់ប្រាប់ពីមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិរក្សកេសកូលសុខអានភ្នំគូលែននេះដែរថា”នៅថ្ងៃខាងមុខគេគ្រោងនឹងបង្កើតសម្រាប់ដំណើរកម្សាន្តតាមព្រៃដែលជាដំណើរកម្សាន្តបានបង្កប់នូវអត្ថន័យអប់រំ ដោយក្នុងនេះយើងនឹងបោះនូវឆ្លាកសញ្ញាផ្សេងៗនៃរុក្ឋជាតិនីមួយៗដើម្បីឱ្យប្រជាពលរដ្ឋបានចូលកម្សាន្តសប្បាយហើយបានយល់ពីផលប្រយោជន័ធម្មជាតិនីមួយៗទាំងនេះផងដែរ”។
ទាក់ទិនក្នុងលគោលំបណងសំខាន់មួយទៀតដែលក្រសួងបរិស្ថានគ្រោងនឹងបង្កើតឡើងដែរគឺតំបន់សម្រាប់ចិញ្ចឹមសត្វនិងការធ្វើកសិកម្មអភិរក្សដែលរក្សាបាននូវគុណភាពដីនិងមិនប្រើជីគីមីប៉ះពាល់ដល់ដីនិងសុខភាពមនុស្សយើង៕/PC