ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖សហរដ្ឋអាម៉េរិកកំពុងស្រង់យកបំណែកបាឡុងចិនមួយនៅក្នុងមហាសមុទ្រអាត្លង់ទិចដើម្បីនាំទៅអោយពួកអ្នកជំនាញការស៊ើបការណ៍ធ្វើការវិភាគនិងមិនមានផែនការប្រគល់វាទៅអោយចិនវិញទេ ។
ពួកអ្នកមុជទឹកទៅពីកងទ័ពជើងទឹកអាម៉េរិកបានចាប់ផ្តើមស្រង់បំណែកបាឡុងចិនចេញពីបាតសមុទ្រកាលពីថ្ងៃអង្គារ ដោយប្រើដ្រូនទំនើបឈ្មោះថាKingfishនិងSwordfishដើម្បីកំណត់ទីតាំង។
ក្រោយស្រង់ក្រណាត់សនិងគ្រោងរបស់វាដែលអណ្តែតលើទឹក កងទ័ពជើងទឹកឥឡូវបានបន្តស្វែងរកបំណែកបាឡុងនៅក្រោមទឹកក្រោយយន្តហោះអាម៉េរិកបាញ់ទម្លាក់វានៅឯនាយឆ្នេររដ្ឋខារ៉ូឡាយណាខាងត្បូងកាលពីថ្ងៃសៅរ៍។
កងទ័ពជើងទឹកនិងក្រុមឆ្មាំសមុទ្រអាម៉េរិកកំពុងប្រើដ្រូនក្រោមទឹកដើម្បីកំណត់ទីតាំងនិងបង្កើតផែនទីតំបន់បំណែកបាឡុងដែលធ្លាក់ ហើយពួកអ្នកមុជទឹកចុះប្រមូលអ្វីៗដែលពួកគិតថាជារបស់បាឡុងដែលត្រូវបានបាញ់ទម្លាក់។
បំណែកដែលស្រង់បានត្រូវបញ្ជូនទៅកាន់ស្ថានីយក្រុមឆ្នេរសមុទ្រ ហើយបន្តទៅកាន់កន្លែងពិសោធន៍របស់ក្រុមFBIនៅក្រុងក្វាន់ទីកូ(Quantico)រដ្ឋវៀជីញ៉ា(Virginia)ឬកន្លែងដទៃទៀតដើម្បីអោយពួកអ្នកជំនាញការវិភាគ។
ជុំវិញបាឡុងចិននេះ ប្រធានបញ្ជាការខាងជើងអាម៉េរិកឧត្តមសេនីយ៍ ក្លេន វ៉ាន់ហឺក(Glen VanHerck)ដែលទទួលបន្ទុកការងារស្វែងរកបំណែកបាឡុង និងមន្ត្រីក្នុងរដ្ឋការលោកបៃដិនជាច្រើននាក់នឹងឡើងរាយការណ៍ជូនសភានៅថ្ងៃពុធឬថ្ងៃព្រហស្បតិ៍។ពួកសមាជិកសនឹងចោទសួរថាតើបាឡុងនេះអាចប្រមូលព័ត៌មានចារកម្មហើយបញ្ជូនត្រឡប់ទៅចិនវិញបានដែរឬអត់ក្នុងពេលវាធ្វើដំណើរកាត់អាម៉េរិក។
ពួកមន្ត្រីបាននិយាយថា អាម៉េរិកដឹងអំពីទីតាំងដែលបាឡុងបានហោះកាត់ រួមមានតំបន់រន្ធផ្ទុកកាំជ្រួចនុយក្លេអ៊ែរនិងទីតាំងយោធាផ្សេងៗ និងថែមទាំងដឹងរបៀបការពារបិទបាំងការពារទល់នឹងការឈ្លបយកការផង។ហើយទោះជាបាឡុងនេះអាចបញ្ជូនព័ត៌មានទៅចិន វាមិនទទួលបានព័ត៌មានថ្មីឬសំខាន់ណាទេ។
បាឡុងនេះមានកំពស់៦០ម៉ែត្រ ទំហំប៉ុនយន្តហោះមួយ និងអាចសណ្តោងដុំសិនស័រចាប់យករូបភាពនិងព័ត៌មាននានានៅពីក្រោម៕
ពួកអ្នកមុជទឹកទៅពីកងទ័ពជើងទឹកអាម៉េរិកបានចាប់ផ្តើមស្រង់បំណែកបាឡុងចិនចេញពីបាតសមុទ្រកាលពីថ្ងៃអង្គារ
កងទ័ពជើងទឹកនិងក្រុមឆ្មាំសមុទ្រអាម៉េរិកកំពុងប្រើដ្រូនក្រោមទឹកដើម្បីកំណត់ទីតាំងនិងបង្កើតផែនទីតំបន់បំណែកបាឡុងដែលធ្លាក់