ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ គ្រីស្ទាន អាត់ស៊ូ (Christian Atsu) អតីតខ្សែប្រយុទ្ធ Chelsea និង Newcastle ត្រូវបានជួយសង្គ្រោះពីគំនរបាក់បែកនៃអគារដែលបានដួលរលំបន្ទាប់ពីរញ្ជួយដីដ៏សាហាវដែលបានវាយប្រហារតួកគី នេះបើយោងតាមការចុះផ្សាយរបស់សមាគមបាល់ទាត់ហ្គាណា (GFA) នៅក្នុង Twitter កាលពីថ្ងៃអង្គារទី៧កុម្ភៈ។
កីឡាករអន្តរជាតិហ្គាណារូបនេះលេងឱ្យក្លិបតួកគី Hatayspor ។ អ្នកនាំពាក្យក្លិបកាលពីថ្ងៃចន្ទបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយតួកគីថា អាត់ស៊ូត្រូវគេគិតថាស្ថិតនៅក្នុងអគារមួយដែលត្រូវបានរំលំដោយរញ្ជួយដីកម្រិត ៧,៨ រិច្ឆទ័រ និង រលករញ្ជួយជាច្រើនទៀត ដែលបានវាយប្រហារភាគអាគ្នេយ៍ប្រទេសតួកគីនិងប្រទេសជិតខាងស៊ីរី។ ចំនួនអ្នកស្លាប់បានកើនឡើងលើសពី ៧.៨០០ នាក់ ហើយគេរំពឹងថានឹងកើនឡើងបន្ថែមទៀត។
ទីកន្លែងស្នាក់នៅនិងស្ថានភាពរបស់អាត់ស៊ូមិនត្រូវបានបញ្ជាក់ពេញមួយយប់រហូតដល់ GFA បង្ហោះព័ត៌មានថ្មីនៅលើគណនី Twitter ផ្លូវការរបស់ខ្លួនកាលពីថ្ងៃអង្គារដោយនិយាយថា “យើងបានទទួលព័ត៌មានវិជ្ជមានមួយចំនួនដែល គ្រីស្ទាន អាត់ស៊ូ ត្រូវបានជួយសង្គ្រោះដោយជោគជ័យ”។
អាត់ស៊ូកំពុងទទួលការព្យាបាល ប៉ុន្តែ GFA មិនបានផ្តល់ព័ត៌មានលម្អិតអំពីរបួសណាមួយឡើយ។
អាត់ស៊ូ វ័យ ៣១ ឆ្នាំបានចូលរួមជាមួយក្លិប Hatayspor ដែលមានមូលដ្ឋាននៅទីក្រុងអានតាក់យ៉ា (Antakya) ភាគខាងត្បូងកាលពីឆ្នាំមុន។
គ្រោះរញ្ជួយដីនេះបានវាយប្រហារកាលពីព្រឹកថ្ងៃចន្ទ ហើយមានចំណុចស្នូលនៅខេត្តការ៉ាម៉ានម៉ារ៉ាស (Kahramanmaras) ភាគអាគ្នេយ៍ប្រទេសតួកគី។ វាមានរំញ័រឆ្ងាយរហូតដល់ទីក្រុងគែរក្នុងប្រទេសអេហ្ស៊ីប។ រលករញ្ជួយជាច្រើនលើកបានបណ្តាលឱ្យមានការបំផ្លិចបំផ្លាញបន្ថែមផងដែរ៕
អាត់ស៊ូត្រូវបានជួយសង្គ្រោះទាំងរស់នៅតួកគី