ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប្រទេសអឺរ៉ុបចំនួនបីបានសន្យាកាលពីថ្ងៃអង្គារទី៧កុម្ភៈថា អ៊ុយក្រែននឹងទទួលបានរថក្រោះយ៉ាងហោចណាស់ ១០០ គ្រឿងនៅ “ប៉ុន្មានខែខាងមុខនេះ” ខណៈរដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់បានធ្វើទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលទៅកាន់ទីក្រុងគៀវ។
ក្រសួងការពារជាតិអាល្លឺម៉ង់ ហូឡង់ និងដាណឺម៉ាក ក៏បាននិយាយផងដែរថា ការបណ្តុះបណ្តាលនិងការគាំទ្រនឹងត្រូវបញ្ជូនសម្រាប់រថក្រោះ Leopard 1មុនពេលការផ្តល់រថក្រោះទំនើប Leopard 2បន្ថែមទៀតនាពេលអនាគត។
ការសន្យានេះបានធ្វើឡើង ខណៈក្រុងរដ្ឋាភិបាលក្រុងមូស្គូបាននិយាយថា កងកម្លាំងរុស្ស៊ីកំពុងរុលឆ្ពោះទៅកាន់ទីក្រុងបាឃ្មុត (Bakhmut)និងទីក្រុងវូក្លេដា (Vugledar)ដែលជាមជ្ឈមណ្ឌលសំខាន់ពីរនៃការប្រយុទ្ធគ្នានៅក្នុងតំបន់ដូណិតសខ៍ភាគខាងកើតអ៊ុយក្រែន ដែលឥឡូវជាចំណុចក្តៅនៃសង្គ្រាម។
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីសប្តាហ៍មុនបានជំរុញឱ្យបណ្តាប្រទេសលោកខាងលិចពន្លឿនការប្រគល់អាវុធ ជាពិសេសមីស៊ីលរយៈចម្ងាយឆ្ងាយដូច្នេះទើបកងកម្លាំងរបស់គាត់អាចការពារការរុលចូលរបស់រុស្ស៊ីនៅ “បន្ទាយ” បាឃ្មុត។
សេចក្តីថ្លែងការណ៍របស់អឺរ៉ុបបានសន្យាថា “យ៉ាងហោចណាស់រថក្រោះ Leopard 1 A5 ចំនួន ១០០ គ្រឿង” នឹងត្រូវបញ្ជូនចេញពីឃ្លាំង។
ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិថ្មីរបស់អាល្លឺម៉ង់លោក បូរីស ពីស្តូរៀស (Boris Pistorius)បានកើតឡើងពីរសប្តាហ៍បន្ទាប់ពីរដ្ឋាភិបាលក្រុងប៊ែរឡាំងបានយល់ព្រមផ្តល់រថក្រោះដើម្បីជួយអ៊ុយក្រែនទប់ទល់នឹងកងកម្លាំងរុស្ស៊ី បន្ទាប់ពីរងសម្ពាធខ្លាំងពីរដ្ឋាភិបាលក្រុងគៀវនិងសម្ពន្ធមិត្តអឺរ៉ុបជាច្រើនរបស់រដ្ឋាភិបាលក្រុងបែរឡាំង។
រដ្ឋាភិបាលក្រុងបែរឡាំងក៏បានសន្យានឹងរដ្ឋាភិបាលក្រុងគៀវនូវរថក្រោះ Leopard 2ស៊េរីថ្មីចំនួន ១៤ គ្រឿងផងដែរ។
លោកហ្សេលេនស្គីបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានជាមួយលោកពីស្តូរៀសថា “ការសម្រេចចិត្តចុងក្រោយបំផុតទាក់ទងនឹង…ការផ្គត់ផ្គង់រថក្រោះ Leopardគឺជាការសម្រេចចិត្តដ៏សំខាន់សម្រាប់យើង។ យើងមិនចង់ផ្តល់ប្រៀបឈ្នះដល់រុស្ស៊ីទេ”៕
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលើករថក្រោះគំរូជាមួយសមភាគីអាល្លឺម៉ង់