ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អ្នកនាំពាក្យរបស់ការិយាល័យមេធាវីប្រចាំតំបន់ទីក្រុងឡូសអ៊ែនជើឡេសបាននិយាយកាលពីថ្ងៃអង្គារទី៧កុម្ភៈថា តារាភាពយន្តអាសអាភាស លោក រ៉ុន ជេរ៉េមី (Ron Jeremy) ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យវិកលចរិត បន្ទាប់ពីត្រូវបានរកឃើញថាអសមត្ថភាពក្នុងការឡើងសវនាការជុំវិញករណីចាប់រំលោភនិងការចោទប្រកាន់ផ្សេងៗទៀត។
លោក ក្រេក រីស្លីង (Greg Risling) អ្នកនាំពាក្យការិយាល័យមេធាវីក្រុងឡូសអ៊ែនជើឡេសបាននិយាយថា លោកជេរ៉េមីអាចជាប់ឃុំរហូតដល់ពីរឆ្នាំ។សវនាការលើវឌ្ឍនភាពរបស់លោកជេរ៉េមីគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ៨ ខែឧសភា។
បុរសអាយុ ៦៩ ឆ្នាំរូបនេះត្រូវបានចោទប្រកាន់ពីបទរំលោភសេពសន្ថវៈនិងការបំពានផ្លូវភេទផ្សេងទៀតចំនួន ៣០ ករណីដែលកើតចេញពីឧបទ្ទវហេតុនៅក្នុងតំបន់ទីក្រុងឡូសអ៊ែនជើឡេសក្នុងអំឡុងរយៈពេល ២៣ ឆ្នាំពេលលោកនៅល្បីជាតារាសិច។ លោកមិនបានសារភាពកំហុសទេ។
ក្នុងខែមករា ចៅក្រមតុលាការកំពូលនៅទីក្រុងឡូសអ៊ែនជើឡេស លោក រ៉ូណាល់ អេស ហារីស (Ronald S. Harris) បានសម្រេចថា លោកជេរ៉េមីមិនមានសមត្ថភាពជួយក្នុងការការពារក្តីទេ នេះបើយោងតាមមេធាវីរបស់គាត់គឺលោក ស្ទូអាត ហ្គោលហ្វាប (Stuart Goldfarb) ។
លោកជេរ៉េមីគឺស្ថិតក្នុងចំណោមតារាល្បីឈ្មោះបំផុតនៅក្នុងឧស្សាហកម្មភាពយន្តសម្រាប់មនុស្សពេញវ័យ ដោយបានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តជាង ២.០០០ រឿង ដែលចាប់ផ្តើមនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៧០។
តារាសម្ដែងរូបនេះបានជាប់ពន្ធនាគារចាប់តាំងពីឆ្នាំ ២០២០៕
អតីតតារាភាពយន្តអាសអាភាស លោក រ៉ុន ជេរ៉េមី ជាប់ពន្ធនាគារចាប់តាំងពីឆ្នាំ ២០២០។ឥឡូវលោកមិនមានសមត្ថភាពស្មារតីដើម្បីឡើងសវនាការចំពោះបណ្តឹងប្រមាណ៣០ទៀតទេ