ដោយៈ សុផល / ភ្នំពេញ៖ កម្ពុជាបានរៀបចំការទទួលស្វាគមន៍ ចំពោះភ្ញៀវទេសចរចិន ១២៥ នាក់ ដែលមកពីទីក្រុងប៉េកាំង នៅអាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣។ នេះជាជើងហោះហើរ ពីប៉េកាំងមកភ្នំពេញ ឡើងវិញលើកទី១ ក្រោយរដ្ឋាភិបាលចិន បើកឱ្យប្រជាជន ធ្វើដំណើរចេញក្រៅប្រទេសឡើងវិញ ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣។

ការទទួលស្វាគមន៍នេះ រៀបចំដោយក្រសួងទេសចរណ៍ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ ស៊ីវិល ក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋានកម្ពុជា សមាគមទេសចរណ៍កម្ពុជា និងស្ថានទូតចិនប្រចាំកម្ពុជា។

នាឱកាសនោះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថាៈ ភ្ញៀវទេសចរ ចិន ដែលចុះមកក្នុងថ្ងៃនេះ គឺមានចំនួន ១២៥ នាក់ អ្នកខ្លះមកដើរលេង តាមរយៈក្រុមហ៊ុន ទេសចរណ៍ និងមកដើរលេងជាមួយមិត្តភក្តិធម្មតាខ្លះ។ ប្រតិបត្តិការហោះហើរនេះ ធ្វើឡើង​ដោយក្រុមហ៊ុនអាកាសចរណ៍ Air China ដែលជាក្រុមហ៊ុនអាកាសចរណ៍ របស់រដ្ឋចិន។

លោករដ្ឋមន្ត្រី ថោង ខុន បានបន្តថាៈ «បន្ទាប់ពីការមកដល់របស់ភ្ញៀវទេសចរចិន លើកដំបូងនេះ យើងនឹងប្រឹងប្រែងទាក់ទាញភ្ញៀវទេសចរចិន ឱ្យបានពី ៨០ ម៉ឺននាក់ ទៅ ១ លាននាក់ ក្នុងឆ្នាំ២០២៣ នេះ»។

លោករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ មូលដ្ឋានអាជីវកម្ម ក្នុងវិស័យទេសចរណ៍ អ្នកបម្រើការក្នុងវិស័យទេសចរណ៍ ត្រូវអនុវត្តតាមគោលការណ៍ ដែលមានស្រាប់ ដើម្បីទទួលបដិសណ្ឋារកិច្ច ចំពោះភ្ញៀវទេសចរ ឱ្យបានត្រឹមត្រូវ ខណៈទីផ្សារទេសចរចិន គឺជាទីផ្សារធំ សម្រាប់តែកម្ពុជា និងពិភពលោក។

លោករដ្ឋមន្ត្រី ថោង ខុន បានបន្ថែមទៀតថាៈ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខ ក៏នឹងមានជើងហោះលើកដំបូង ពីគួនមីង មកសៀមរាប និងពីសៀងហៃ មកសៀមរាប ដែលនឹងប្រតិបត្តិការ ដោយក្រុមហ៊ុន China Eastern (Charter Flights) ផងដែរ។

លោករដ្ឋមន្ត្រី មានសុទិដ្ឋិនិយមថាៈ «ការធ្វើរដំណើរទេសចរចិន មកកម្ពុជា នឹងកើនឡើង ជាលំដាប់ ចាប់ពីខែមីនា ឆ្នាំ២០២៣នេះ»។

គួរជម្រាបថា ក្នុងខែមករា ឆ្នាំ២០២៣ កម្ពុជាទើបទទួលបានទេសចរអន្តរជាតិ ប្រមាណ ៤០ ម៉ឺននាក់ ក្នុងនោះក៏មានទេសចរចិន ប្រមាណ ២៥,០០០ នាក់ដែរ ដែលមានការកើន ឡើង ៩០១% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២។ ក្នុងខែមករានោះដែរ ជើងហោះហើរ ដែលចូលមកដល់កម្ពុជា មានចំនួនសរុប ១.៦៤៨ ជើង ក្នុងនោះអាកាស យានដ្ឋានអន្តរជាតិភ្នំពេញ ទទួលបាន ១.១៧៨ ជើង»៕ V / N