ប្រែសម្រួលៈបំណង(VNEpress)៖នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានបង្ហាញជំនឿថា ប្រទេសលោកនឹងអាចទទួលបានភ្ញៀវទេសចរបរទេសដល់ទៅជាង៣០លាននាក់នៅឆ្នាំនេះនៅពេលវិស័យទេសចរណ៍កំពុងកើនសម្ទុះខ្លាំង។
អ្នកនាំពាក្យរដ្ឋាភិបាលលោកអានុចា ប៊ូរ៉ាផាឆៃស្រ៊ី(Anucha Burapachaisri )បានប្រាប់សន្និសីទកាសែតមួយកាលពីថ្ងៃអង្គារថា លោកនាយករដ្ឋមន្ត្រីមានជំនឿថាព្រះរាជាណាចក្រនេះនឹងទទួលទេសចរបរទេសជាង៣០លាននាក់នៅឆ្នាំនេះ ។លោកប្រាយុទ្ធ ក៏បានណែនាំទៅកាន់បណ្តាទីភ្នាក់ងារពាក់ព័ន្ធអោយសម្រួលដល់ភ្ញៀវទេសចរជាមួយនឹងការធ្វើដំណើរនិងសុវត្ថិភាពរបស់ពួកគេ។
កាលពីដំបូង រដ្ឋាភិបាលព្យាករណ៍ថាថៃនៅឆ្នាំនេះនឹងទទួលបានទេសចរជាង២០លាននាក់ប៉ុណ្ណោះ និងក្រោមមកកែដល់២៨លាននាក់។
លោកអានុចាបាននិយាយថា «ចុងក្រោយបំផុតនេះ លោកនាយករដ្ឋមន្ត្រីជឿថា ចំនួនភ្ញៀវទេសចរនឹងកើនហួស៣០លាននាក់»។
ការព្យាករណ៍ចុងក្រោយនេះធ្វើឡើងបន្ទាប់ពីចិនបើកព្រំដែនរបស់ខ្លួនឡើងវិញហើយថៃមើលឃើញការសំរុកចូលនៃភ្ញៀវទេសចរចិនមកកាន់រមណីយដ្ឋាននានារបស់ខ្លួន។
ប្រធានអាជ្ញាធរទេសចរណ៍ថៃលោក យុត្ថាសាក់ ស៊ីផាសន(Yuthasak Supasorn)បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា «ថៃឥឡូវរំពឹងថានឹងទទួលបានទេសចរចិនពី៧ទៅ៨លាននាក់នៅឆ្នាំនេះ ដោយកើនពីការព្យាករណ៍ពីមុនថា៥លាននាក់ ដោយសារមុននេះយើងមិនបានគិតថា ចិនអនុញ្ញាតអោយមានដំណើរកម្សាន្តជាក្រុម…ឥឡូវយើងប្រមើលឃើញពួកគេនឹងមកដល់៧ទៅ៨លាននាក់»។
ចំនួនព្យាករណ៍ថ្មីនេះស្មើជាងពាក់កណ្តាលនៃអ្នកទេសចរចិន១១លាននាក់ដែលបានមកទស្សនាថៃនៅឆ្នាំ២០១៩មុនការផ្ទុះកូវីដ១៩។
នៅខែមករាកន្លងទៅ ថៃទទួលបានទេសចរបរទេសសររុបប្រមាណ២,១លាននាក់។
សូមបញ្ជាក់ថាមុនផ្ទុះកូវីដ១៩ ថៃទទួលបានទេសចរបរទេសជិត៤០លាននាក់ ដែលបានចំណាយ១,៩១ទ្រីលានបាត(៥៦,៧៨ពាន់លានដុល្លារ)នៅក្នុងប្រទេសនេះក្នុងឆ្នាំ២០១៩៕
ទេសចរទស្សនាវាំងថៃនៅក្រុងបាងកកកាលពីថ្ងៃ៧មករា ២០១៣
ភ្ញៀវមកដល់អាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ ក្នុងក្រុងបាងកកកាលពីថ្ងៃ៤មករា