ដោយ៖ សរិទ្ធ / ភ្នំពេញ៖ យុវជនម្នាក់ បានបើកម៉ូតូ​ក្នុងល្បឿនលឿនមធ្យម​ហើយស៊ីញ៉ូ បើកវ៉ាជែងរថយន្តដឹកកុងតឺន័រ ប៉ុន្តែរថយន្តនេះ បានបង្កើនល្បឿន និងកៀរម៉ូតូឲ្យដួល ចូលក្រោមរថយន្ត កិនបែកក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្ដង ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៨ៈ៥០ នាទី យប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវវ៉េងស្រេង ក្នុងភូមិជ្រៃកោង២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ​។

សពជនរងគ្រោះ មានឈ្មោះ ពិន សុខណា អាយុ ២៤ ឆ្នាំ មានស្រុកកំណើត នៅភូមិ ឡឡាំឡុង ឃុំជ្រៃឃ្មុំ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

យោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថាៈ មុនកើតហេតុ គេឃើញម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GX-3294 ជិះដោយបុរសរងគ្រោះ ជិះតែម្នាក់ឯង ធ្វើដំណើរ តាមបណ្តោយផ្លូវវ៉េងស្រេង ក្នុងទិសដៅពីខាងកើត មកខាងលិច ក្នុងល្បឿនលឿនមធ្យម ។

លុះមកដល់ចំណុចកើតហេតុ ខាងលើ ស្រាប់តែមានរថយន្តដឹកកុងតឺន័រ ក្បាលពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3D-1881 បើកបរដោយបុរសម្នាក់ ធ្វើដំណើរស្របទិសគ្នានឹងម៉ូតូ រងគ្រោះ ។ ពេលមកដល់ចំណុចកើតហេតុ គេឃើញជនរងគ្រោះ វាយភ្លើងស៊ីញ៉ូ បម្រុងនឹងវ៉ាជែង តែត្រូវរថយន្តដឹកកុងតឺន័ បួងចង្កូតវ៉ាជែងវិញ បណ្តាលឱ្យកៀរម៉ូតូ ដួល ហើយខ្ទាតចូលក្រោមកង់រថយន្ត កិនពីលើចំក្បាល បណ្តាលឱ្យបែក ធ្លាយខួរ ស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ។ ចំណែករថយន្តបង្កវិញ ព្យាយាមបន្តបើករត់ កាត់តាមបណ្តោយផ្លូវជាតិលេខ៤ រហូតដល់ព្រំប្រទល់សង្កាត់កន្ទោក ខណ្ឌកំបូល ទើបសមត្ថកិច្ច តាមឃាត់បានទាំងតៃកុង និងរថយន្តបង្ក។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសង្កាត់ចោមចៅទី២ បានចុះមកដល់ ពិនិត្យទៅ លើសព រួចក៏ទាក់ទងទៅខាងប៉ូលិសចរាចរណ៍ ដើម្បីឱ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុ យកម៉ូតូជនរងគ្រោះ ទៅរក្សាទុក នៅអធិការដ្ឋាននគបាល ខណ្ឌពោធិ៍សែនជ័យ រង់ចាំសាច់ញាតិ មកទទួល។ ចំណែកសព សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឱ្យទៅ ក្រុមគ្រួសារ យកទៅធ្វើបុណ្យ នៅស្រុកកំណើត តាមប្រពៃណី៕ V / N