ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ មេដឹកនាំចិនលោក ស៊ី ជីនភីង ហាក់កំពុងកែតម្រូវឡើងវិញនូវវិធីសាស្ត្ររឹងរូសរបស់លោកចំពោះតៃវ៉ាន់នៅក្នុងឆ្នាំនេះមុនពេលកោះនេះរៀបចំការបោះឆ្នោតប្រធានាធិបតី។
នេះក៏ព្រោះតែដៃគូចរចាមកពីតៃវ៉ាន់ដែលនិយមខាងរដ្ឋាភិបាលរបស់លោក គឺគណបក្សគួមីនតាំង (Kuomintang) មានឱកាសខ្ពស់ក្នុងការឈ្នះឆ្នោត។
លោក អេនឌ្រូ សៀ (Andrew Hsia) អនុប្រធានបក្សគូមីនតាំងត្រូវគេរំពឹងថានឹងធ្វើទស្សនកិច្ចនៅប្រទេសចិននៅថ្ងៃពុធនេះ។លោកនឹងទៅទីក្រុងជាច្រើនរបស់ចិនសម្រាប់រយៈពេលប្រាំបួនថ្ងៃ។
ដំណើរនេះនឹងរួមបញ្ចូលការឈប់សំចតនៅក្នុងរដ្ឋធានីប៉េកាំង ជាកន្លែងដែលលោកទំនងជានឹងជួបលោក សុង តាវ (Song Tao) អតីតអ្នកការទូតកំពូលរបស់បក្សកុម្មុយនីស្តដែលឥឡូវមើលការខុសត្រូវលើច្រកសមុទ្រតៃវ៉ាន់។
រដ្ឋាភិបាលក្រុងប៉េកាំងក៏បានបង្ហើបតម្រុយដែរថា ខ្លួនមានបំណងបន្តការនាំចូលពីក្រុមហ៊ុនអាហារតៃវ៉ាន់ជាង ៦០ ដែលស្ថិតក្នុងចំណោមអ្នកនាំចេញដែលខ្លួនបានរារាំងកាលពីឆ្នាំមុន។
ចំណាត់ការនេះគឺកំពុងដកចេញវិញនូវទណ្ឌកម្មក្រៅផ្លូវការ ដែលចិនបានប្រើដើម្បីបង្ហាញការមិនពេញចិត្តជាមួយប្រធានាធិបតី សៃ អ៊ីងវិនចំពោះសកម្មភាពនានាដូចជាការពង្រឹងទំនាក់ទំនងជាមួយសហរដ្ឋអាម៉េរិកជាដើម។
លោក វិនទី ស៊ុង (Wen-ti Sung) អ្នកឯកទេសខាងនយោបាយតៃវ៉ាន់និងទំនាក់ទំនងឆ្លងច្រកសមុទ្រតៃវ៉ាន់នៅសាកលវិទ្យាល័យជាតិអូស្ត្រាលី បាននិយាយថា “ឥឡូវនេះខណៈយុទ្ធនាការប្រធានាធិបតីតៃវ៉ាន់ហៀបនឹងចាប់ផ្តើម វាជាពេលវេលាដ៏ល្អមួយសម្រាប់រដ្ឋាភិបាលក្រុងប៉េកាំងបន្ធូរបន្ថយទណ្ឌកម្មរបស់ខ្លួនប្រឆាំងនឹងតៃវ៉ាន់ ព្រោះប្រសិនបើខ្លួនមិនធ្វើដូច្នោះទេទណ្ឌកម្មនឹងក្លាយជាទំនួលខុសត្រូវដ៏ធំមួយសម្រាប់អ្នកនយោបាយដែលនិយមខាងរដ្ឋាភិបាលក្រុងប៉េកាំងនៅតៃវ៉ាន់។ នោះហើយជាអ្វីដែលយើងកំពុងមើលឃើញឥឡូវនេះ”។
ខណៈវាលឿនពេកក្នុងការនិយាយអំពីទំហំនៃការផ្លាស់ប្តូរ យុទ្ធសាស្ត្រនេះគឺកើតឡើងគាប់ជួនគ្នានឹងប្រទេសចិនសម្របខ្លួនទទួលយកសំឡេងបែបផ្សះផ្សានៅក្នុងការទំនាក់ទំនងជាមួយសហរដ្ឋអាម៉េរិក និងសម្ពន្ធមិត្តរបស់អាម៉េរិក ចាប់តាំងពីលោកស៊ីនិងប្រធានាធិបតី ចូ បៃដិន បានជួបគ្នានៅប្រទេសឥណ្ឌូនេស៊ីក្នុងខែវិច្ឆិកា។
ការជួសជុលទំនាក់ទំនងនេះមានគោលបំណងដោះស្រាយការដួលរលំនៃការគាំទ្រសាធារណៈនៅទូទាំងពិភពអភិវឌ្ឍន៍ និងផ្តោតលើសេដ្ឋកិច្ចដែលត្រូវបានវាយសំពងដោយច្បាប់កូវីដសូន្យដ៏តឹងរ៉ឹងរយៈពេលបីឆ្នាំ។
រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក អ៊ែនថូនី ប្លីងកិន គ្រោងនឹងធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំង ដែលចាប់ផ្តើមនៅសប្តាហ៍នេះដែលជាដំណើរលើកដំបូងរបស់អ្នកការទូតកំពូលរបស់អាម៉េរិកក្នុងរយៈពេលជាងបួនឆ្នាំ។លោកប្លីងកិនបានពន្យារពេលផែនការទាំងនោះ ដោយសារតែបាឡុងចិន ដែលអាម៉េរិកនិយាយថាធ្វើចារកម្មលើសហរដ្ឋអាម៉េរិក។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក វ៉ាង វិនតាវ (Wang Wentao) ក៏បានជួបជាមួយសមភាគីអូស្ត្រាលី លោក ដុន ហ្វារែល (Don Farrell) កាលពីថ្ងៃចន្ទផងដែរ៕
បក្សគូមីនតាំងកំពុងបង្ហាញលទ្ធភាពខ្ពស់ក្នុងការឈ្នះឆ្នោតប្រធានាធិបតីនៅតៃវ៉ាន់