ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ការសិក្សាថ្មីមួយបានឱ្យដឹងនៅថ្ងៃពុធនេះថាមិនមានមេរោគកូវីដបំប្លែងថ្មីលេចឡើងនៅទីក្រុងប៉េកាំងជាច្រើនសប្តាហ៍បន្ទាប់ពីចិនបានបញ្ចប់គោលនយោបាយកូវីដសូន្យកាលពីចុងឆ្នាំមុន។
ចិនបានឃើញការផ្ទុះករណីឆ្លងបន្ទាប់ពីបានចាប់ផ្តើមដកចេញនូវវិធានការទប់ស្កាត់ជំងឺរាតត្បាតដ៏តឹងរ៉ឹងរបស់ខ្លួនតាំងពីដើមខែធ្នូ ដែលបង្កឱ្យមានការបារម្ភថាប្រទេសដែលមានប្រជាជនច្រើនជាងគេលើពិភពលោកនេះអាចក្លាយជាកន្លែងបង្កាត់ពូជសម្រាប់ប្រភេទមេរោគបំប្លែងថ្មី ដែលអាចឆ្លងខ្លាំងក្លាឬធ្ងន់ធ្ងរ។
ប្រទេសជាងដប់បានដាក់ចេញការរឹតបន្តឹងថ្មីៗលើអ្នកដំណើរពីប្រទេសចិនភ្លាមៗ ដោយលើកឡើងពីកង្វះតម្លាភាពអំពីទំហំនៃការផ្ទុះមេរោគ ជាហេតុបង្កឱ្យរដ្ឋាភិបាលក្រុងប៉េកាំងខឹងសម្បាជាខ្លាំង។
ប៉ុន្តែការសិក្សាថ្មីរបស់អ្នកស្រាវជ្រាវជនជាតិចិនដែលបានវិភាគសំណាកចំនួន ៤១៣ ពីទីក្រុងប៉េកាំងដែលធ្វើឡើងនៅចន្លោះថ្ងៃទី ១៤ ខែវិច្ឆិកាដល់ថ្ងៃទី ២០ ខែធ្នូបានឱ្យដឹងថា”មិនមានភស្តុតាងណាមួយថា មេរោគបំប្លែងថ្មីបានលេចឡើង” ក្នុងអំឡុងពេលនោះទេ។
ផ្ទុយទៅវិញ ជាង ៩០ ភាគរយនៃករណីឆ្លងគឺជាមេរោគបំប្លែងប្រភេទ BF.7 និង BA5.2ជាអនុមេរោគអូមីក្រុង ដែលមានវត្តមានរួចហើយនៅក្នុងប្រទេសចិននិងត្រូវបានវ៉ាដាច់ដោយប្រភេទអនុមេរោគបំប្លែងដែលឆ្លងខ្លាំងជាងនេះនៅក្នុងបណ្តាប្រទេសលោកខាងលិច។
BF.7 មានចំនួនបីភាគបួននៃសំណាក ខណៈជាង ១៥ ភាគរយគឺ BA5.2 នេះបើយោងតាមការសិក្សាដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្តី The Lancet ។
មីក្រូជីវវិទូ លោក ចច កៅ (George Gao) ជាអ្នកដឹកនាំការសិក្សាស្រាវជ្រាវនៅវិទ្យាស្ថានវិទ្យាសាស្ត្រចិននៅបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា “ការវិភាគរបស់យើងបង្ហាញថា អនុមេរោគបំប្លែងអូមីក្រុងចំនួនពីរ ដែលមិនមែនជាមេរោគបំប្លែងថ្មី គឺទទួលខុសត្រូវភាគច្រើនចំពោះការកើនឡើងករណីឆ្លងនាពេលបច្ចុប្បន្ននៅក្នុងទីក្រុងប៉េកាំងហើយទំនងជាប្រទេសចិនទាំងមូល”។
លោក វូហ្វហ្គាង ព្រីសឺ (Wolfgang Preiser) និងលោក តុងហ្គាយ ម៉ាពុនហ្គា (Tongai Maponga) អ្នកឯកទេសខាងមេរោគនៅសាកលវិទ្យាល័យ Stellenboschនៃប្រទេសអាហ្វ្រិកខាងត្បូង ដែលមិនពាក់ព័ន្ធនឹងការស្រាវជ្រាវនេះ បានព្រមានថា វាគ្របដណ្តប់តែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីចិនបានដកវិធានការកូវីដសូន្យរបស់ខ្លួន។
ពួកគេបាននិយាយនៅក្នុងផ្នែកអត្ថាធិប្បាយរបស់ទស្សនាវដ្តី Lancetថា “ប្រសិនបើមានពូជមេរោគបំប្លែងថ្មីលេចឡើងក្នុងដំណាក់កាលនៃការផ្ទុះមេរោគការសិក្សានេះប្រហែលជាឆាប់ពេកក្នុងការស្វែងរកពួកវា”។
ពួកគេបានបន្ថែមថា ចិនក៏បានកាត់បន្ថយការធ្វើតេស្តិ៍របស់ខ្លួនយ៉ាងខ្លាំងផងដែរ ដោយអាចប៉ះពាល់ដល់លទ្ធផល ដែលគ្របដណ្តប់តែទីក្រុងប៉េកាំង និងមិនមែនប្រទេសចិនទាំងមូល។
ទោះយ៉ាងណា អ្នកជំនាញខាងមេរោគទាំងពីរបានស្វាគមន៍ចំពោះ “ទិន្នន័យដែលត្រូវការចាំបាច់បំផុតពីចិន”៕
ក្រោយចិនដកការរឹតបន្តឹងកាលពីខែធ្នូ ប្រទេសជាច្រើនបារម្ភថា ចិននឹងក្លាយជាកន្លែងបង្កាត់ពូជរបស់មេរោគបំប្លែងថ្មីៗ