ដោយៈ សុផល / ភ្នំពេញ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសមាគមធនាគារ នៅកម្ពុជា (ABC)បានសហការរៀបចំ សន្និសីទសារព័ត៌មានមួយ ស្តីពី “ស្ថានភាព វិស័យធនាគារ និងហិរញ្ញវត្ថុ និងវិធានការបុរេសកម្ម ឆ្លើយតបទៅនឹងការផ្តល់សេវា ហិរញ្ញវត្ថុក្រៅផ្លូវការ” នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣។
សន្និសីទនេះ មានគោលបំណងផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹង ផ្នែកហិរញ្ញវត្ថុ ជូនប្រជាពលរដ្ឋ និងបុគ្គលិកពាក់ព័ន្ធ ដើម្បីឆ្លើយតបនឹងកាត់បន្ថយ ការផ្តល់កម្ចីក្រៅផ្លូវការ និងសេវាហិរញ្ញវត្ថុ ដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ។ ការបញ្ជ្រាបចំណេះដឹងនេះ បានត្រូវគេរំពឹងថា នឹងជួយឱ្យប្រជាពលដ្ឋ ធ្វើការសម្រេចចិត្ត ផ្នែកហិរញ្ញវត្ថុបានត្រឹមត្រូវ និងចៀសវាងផុតពីការប្រើប្រាស់ សេវាហិរញ្ញវត្ថុក្រៅផ្លូវការ ផងដែរ។
សូមជម្រាបថា បច្ចុប្បន្ននេះ ការផ្តល់ប្រាក់កម្ចីខុសច្បាប់ និងការផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុ ដែលគ្មានច្បាប់អនុញ្ញាត នៅបន្តមានវត្តមាន ដែលបង្កហានិភ័យខ្ពស់ ដល់ប្រជាជន និងអ្នកប្រើប្រាស់។
លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានលើកឡើងថាៈ បន្ទាប់ពីសេចក្តីប្រកាសរួម រវាងធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ អំពីកម្ចីក្រៅផ្លូវការ ឬខុសច្បាប់ តាមប្រព័ន្ធអនឡាញ យើងនឹងមានការផ្សព្វផ្សាយបន្ថែមទៀត ដល់សហគមន៍ និងអាជ្ញាធរមូលដ្ឋានផងដែរ ដើម្បីឱ្យគាត់យល់ និងជ្រាបច្បាស់ អំពីការជ្រើសរើស ឬប្រើប្រាស់កម្ចីពីស្ថាប័ន ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ និងមានការការពារអតិថិជនច្បាស់លាស់ ដើម្បីចៀសវាង កុំឱ្យអតិថិជនប្រើប្រាស់កម្ចីក្រៅផ្លូវការ និងមិនមានការទទួលស្គាល់ពីអាជ្ញាធរ។
លោកបានបន្តថាៈ សមាគមមីក្រូហិរញ្ញវត្ថុ នឹងមានបញ្ជីឈ្មោះស្ថាប័ន ដែលមាន អាជ្ញាប័ណ្ណត្រឹមត្រូវ ពីធនាគារជាតិ ដើម្បីចែកជូន ទៅតាមសហគមន៍នីមួយៗ ហើយប្រសិនពួកគាត់ ពិនិត្យបញ្ជីឈ្មោះទៅ ហើយមិនឃើញស្ថាប័ន ដែលពួកគាត់ មានបំណងចង់ប្រើប្រាស់កម្ចីនោះ វាអាចមានបញ្ហា ឬពួកគាត់អាចរាយការណ៍ មកកាន់អាជ្ញាធរមានសមត្ថកិច្ច។ ក្នុងន័យនេះ វានឹងអាចជួយប្រជាពលរដ្ឋ ដែលបំណង ចង់ប្រើប្រាស់កម្ចីងាកមកប្រើប្រាស់ កម្ចីផ្លូវការពីស្ថាប័ន ដែលទទួលស្គាល់ពីធនាគារជាតិ នៃកម្ពុជា និងអាជ្ញាធារមានសមត្ថកិច្ច ហើយចៀសផុតពីកម្ចីក្រៅ ឬខុសច្បាប់ ដែលមានហានិភ័យខ្ពស់”។
លោក សុខ វឿន បានបន្តថាៈ សមាគមទាំងពីរ និងភាគីពាក់ព័ន្ធនានា នឹងបន្តផ្សាព្វផ្សាយ និងបញ្ជ្រាបចំណេះដឹង ផ្នែកហិរញ្ញវត្ថុ តាមរយៈកម្មវិធី និងមធ្យោបាយនានា ជូនប្រជាពលរដ្ឋ និងសាធារណជន ដើម្បីធ្វើយ៉ាងណា ឱ្យមានប្រជាពលរដ្ឋ ធ្វើសម្រេចចិត្ត ផ្នែកហិរញ្ញវត្ថុ ពិសេសការប្រើប្រាស់កម្ចីបានត្រឹមត្រូវ។
លោកបានបន្តថាៈ ទន្ទឹមនឹងនេះ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា បានដាក់ចេញក្រមប្រតិបត្តិ សម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក៏ដូចជាវិធានផ្តល់កម្ចី ប្រកបដោយទំនួលខុសត្រូវ (Responsible Lending) ដើម្បីជួយឱ្យវិស័យហិរញ្ញវត្ថុ និងអ្នកប្រើប្រាស់កម្ចី (អតិថិជន) មានការរីកចម្រើនទាំងអស់គ្នា។
លោក រ័ត្ន សោភ័ណ អនុប្រធានសមាគមធនាគារនៅកម្ពុជា (ABC) បានថ្លែងថាៈ នាពេលកន្លងមក សមាគម បានផ្សព្វផ្សាយពីបញ្ជីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្លូវការ ដែលទទួលបានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា ត្រឹមត្រូវ ជូនសាធារណជន ដើម្បីឱ្យពួកគាត់ យល់ជ្រាប អំពីគ្រឹះស្ថានផ្លូវការ ដែលពួកគាត់អាចទទួលបាន ការប្រើប្រាស់កម្ចីផ្លូវការ និងចៀសវាងពីការប្រើប្រាស់កម្ចីក្រៅផ្លូវការ។
លោកបានថ្លែងបន្តថាៈ កម្ចីក្រៅផ្លូវការ តែងតែមានលក្ខខណ្ឌងាយស្រួល តែបង្កហានិភ័យ ខ្ពស់ ដូចជាការប្រាក់ខ្ពស់។ ដោយឡែក សម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្លូវការ តែងតែពិនិត្យ និងសួរនាំច្រើន មុនផ្តល់កម្ចីដល់អតិថិជន ហើយអ្វីដែលសំខាន់ គឺពិនិត្យ មើលលទ្ធភាពសងនិងគោលបំណងនៃឥណទាន ហើយទ្រព្យបញ្ចាំ គឺស្ថិតនៅចំណុច ក្រោយគេ នៃលក្ខណៈវិនិច្ឆ័យ មុនផ្តល់កម្ចី។ ដូច្នេះបរិយាបន្នហិរញ្ញវត្ថុ ពិតជាមាន សារៈសំខាន់ណាស់ ដែលជំរុញឱ្យប្រជាជនទទួលបានសេវាហិរញ្ញវត្ថុបានទូលំទូលាយ។
លោក រ័ត្ន សោភ័ណ បានឱ្យដឹងថាៈ បន្ថែមពីលើសនេះ ការផ្សព្វផ្សាយ និងបញ្ជ្រាប ចំណេះដឹង ផ្នែកហិរញ្ញវត្ថុ តាមរយៈមធ្យោបាយនានាជូនប្រជាពលរដ្ឋ និងសាធារណជនគឹស្ថិតនៅក្នុងរបៀបវារៈសំខាន់ របស់សមាគមទាំងពីរ ដែលនឹងបន្តផ្សព្វផ្សាយ ជូនប្រជាពលរដ្ឋជាយានក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ និងចៀសផុតពីការប្រើប្រាស់ កម្ចីក្រៅផ្លូវការនានា ដែលអាចបង្កហានិភ័យខ្ពស់។
លោកអនុប្រធានសមាគមធនាគារនៅកម្ពុជា បានអំពាវនាវដល់ សាធារណជន និងអ្នកមានបំណង ចង់ប្រើប្រាស់កម្ចី ពិនិត្យ និងសម្រេចចិត្ត ឱ្យបានច្បាស់លាស់ មុននឹងប្រើប្រាស់កម្ចី ពិសេសការប្រើប្រាស់កម្ចីក្រៅផ្លូវការ និងតាមប្រព័ន្ធអនឡាញ ដែលផ្តល់លក្ខខណ្ឌកម្ចីងាយស្រួល តែបង្កហានិភ័យផ្សេងៗ ដល់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ផងដែរថា ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី២ ខែកុម្ភៈឆ្នាំ២០២៣ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដើម្បីជូនដំណឹង ដល់សាធារណជន ជ្រាបថា ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ នឹងចាត់វិធានការផ្លូវច្បាប់ យ៉ាងតឹងរ៉ឹង ចំពោះការផ្តល់ប្រាក់កម្ចីខុសច្បាប់ និងការផ្សាយ ពាណិជ្ជកម្មគ្រប់ប្រភេទ ពាក់ព័ន្ធនឹងការផ្តល់សេវាហិរញ្ញវត្ថុដែលគ្មានច្បាប់អនុញ្ញាត៕/V-PC