ដោយៈ ជា សីហៈ/ភ្នំពេញៈនៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» បានរៀបចំកិច្ចប្រជុំលើកទី៣របស់ខ្លួន ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបទប្បញ្ញត្តិក្រោមច្បាប់ស្តីពីការប្រកួតប្រជែង លើរបៀបវារៈសំខាន់ៗ ចំនួន ៣ រួមមាន៖ ៖ (១.)សេចក្តីព្រាងប្រកាសស្តីពីបែបបទ និងនីតិវិធីនៃការចេញវិធានការផ្អាកជាបណ្តោះអាសន្ន និង/ឬសេចក្តីសម្រេចរបស់ គ.ប.ក. (២.)សេចក្តីព្រាងសេចក្តីសម្រេចស្តីពីបែបបទ និងនីតិវិធីនៃការគណនាប្រាក់ផាកពិន័យ និង (៣.)សេចក្តីព្រាងសេចក្តីសម្រេចស្តីពីកម្រិតកំណត់នៃការជូនដំណឹងជាមុនអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច។

កិច្ចប្រជុំនេះ រៀបចំឡើងក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» និងមានការអញ្ជើញចូលរួមពី លោក/លោកស្រី អនុប្រធានអចិន្ត្រៃយ៍ អនុប្រធាន សមាជិក នៃគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» និង សមាជិក គ.ប.ក. ដែលជាបុគ្គលឯករាជ្យ ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃលេខាធិការដ្ឋាននៃ គ.ប.ក. ជាច្រើនរូប។
កិច្ចប្រជុំលើកទី៣ របស់ គ.ប.ក. នេះ គឺមានគោលបំណងផ្តល់ឱកាសដល់សមាជិក គ.ប.ក. ទាំងអស់ផ្តល់ធាតុចូលសំខាន់ៗលើឯកសារទាំងនេះ ដើម្បីធានាឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយនិងសមស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងផ្តល់ឱកាសជូនលេខាធិការដ្ឋាននៃ គ.ប.ក. ឆ្លើយតប និងការផ្តល់សេចក្តីពន្យល់ដល់ គ.ប.ក. ពាក់ព័ន្ធនឹងការរៀបចំ និងកសាងនូវឯកសារទាំងនេះ ក្នុងកំឡុងពេលកិច្ចប្រជុំតែម្តង។

ជាលទ្ធផល អង្គប្រជុំបានឯកភាពជារួមលើខ្លឹមសារនៃឯកសារទាំង ៣ ខាងលើ ព្រមទាំងឯកភាពក្នុងការទទួលធាតុចូលបន្ថែមលើឯកសារទាំងនេះ ពីសមាជិក គ.ប.ក. ទាំងអស់ ត្រឹមថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ តាមរយៈការបញ្ជូនធាតុចូលទាំងនោះមកលេខាធិការដ្ឋាន ក្នុងការសម្របសម្រួល និងកែសម្រួល ដើម្បីដាក់ជូន លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធាន គ.ប.ក. ចុះហត្ថលេខា៕ P / N