ប្រែសម្រួលៈបំណង(ស៊ីនហួរ,ដេល្លីម៉េល)៖ក្រោយជិះយន្តហោះក្នុងចម្ងាយផ្លូវជាង៨.០០០គីឡូម៉ែត្រតាមយន្តហោះឈ្នួលរបស់ក្រុមហ៊ុនAir Chinaមួយ ក្រុមជួយសង្គ្រោះចិនមានគ្នា៨២នាក់បានទៅដល់អាកាសយានដ្ឋានអាដាណា(Adana)កាលពីថ្ងៃពុធទី៨កុម្ភៈ ដើម្បីជួយការងារស្វែងរកនិងជួយសង្គ្រោះមនុស្សក្នុងហេតុការណ៍រញ្ជួយដីដ៏ប្រល័យនៅតួកគី។
យោងតាមលោក ហ្សាវ មិញ(Zhao Ming)ប្រធានក្រុមជួយសង្គ្រោះនេះ ក្រុមរបស់លោកបានទៅដល់តួកគីនៅម៉ោង៤កន្លះព្រឹកហើយបានចាប់ផ្តើមរើទម្លាក់អីវ៉ាន់និងគ្រឿងឧបករណ៍ និងត្រូវបានដឹកចេញភ្លាម។ក្រុមនេះនឹងបំពេញបេសកកម្មស្វែងរកនិងជួយសង្គ្រោះអាស្រ័យលើស្ថានភាពជាក់ស្តែង។
ក្រុមជួយសង្គ្រោះចិនត្រៀមចេញដំណើរ និងទៅដល់តួកគីកាលពីព្រឹកថ្ងៃពុធជាមួយនឹងថ្នាំពេទ្យ ឆ្កែបួនក្បាល គ្រឿងបរិក្ខារនិងគ្រឿងផ្គត់ផ្គង់ផ្សេងៗប្រមាណ២០តោន
នៅតួកគីតែមួយ អាគារប្រមាណ៦.០០០បានរលំបាក់ដោយសារកំលាំងរញ្ជួយ៧,៨រិច្ឆទ័រកាលពីថ្ងៃចន្ទនិងរញ្ជួយរាប់រយលើកតាមពីក្រោយ។
ទោះជាមានការខិតខំជួយសង្គ្រោះមនុស្សចេញពីគំនរថ្មនិងដែកនៃអាគារបាក់បែក ក៏រហូតមកទល់ថ្ងៃពុធនេះចំនួនមនុស្សស្លាប់ដោយរញ្ជួយដីនេះទាំងនៅតួកគីនិងស៊ីរីកើនដល់ជិត៩.៥០០នាក់ ក្នុងនេះ៦.៩៥៧នាក់នៅតួកគី និងជាង២.៥០០នាក់នៅស៊ីរី។
នៅតួកគី ការងារជួយសង្គ្រោះបានពង្រីកទៅកាន់ដប់ខេត្តចម្ងាយរាប់រយគីឡូម៉ែត្រ ចាប់ពីខេត្តហ្កាហ្សៀនតេប(Gaziantep)ទៅដល់បណ្តាទីប្រជុំជនឆ្ងាយៗនិងភូមិជនបទ កន្លែងដែលផ្លូវខូចខាតខ្លាំងរារាំងក្រុមជួយសង្គ្រោះ។
ក្នុងពេលជាមួយគ្នា កងទ័ពជើងទឹកតួកគីបានដឹកគ្រឿងចក្រ ភួយ ម៉ាស៊ីនភ្លើងនិងស្បៀងអាហារ ហើយទីភ្នាក់ងារគ្រោះមហន្តរាយជាតិបានបញ្ជូនបុគ្គលិកជាង១៦.០០០នាក់ គ្រឿងម៉ាស៊ីន៣.០០០និងត្រាក់ទ័រស្ទូចកាយចំនួន៦០០ទៅកាន់បណ្តាកន្លែងមានរលំបាក់អាគារ។
ប្រធានាធិបតីតួកគី លោក រេសេប តាយយីប អឺដូហ្កាន បានថ្លែងតាមទូរទស្សន៍ថា «យើងកំពុងប្រឈមគ្រោះមហន្តរាយធំបំផុតមួយដែលតំបន់នេះមិនដែនធ្លាប់ជួប»។
នៅស៊ីរី កន្លែងកើតមានសង្គ្រាមស៊ីវិលអស់មួយទសវត្សរ៍បង្កជាវិបត្តិមនុស្សធម៌ស្រាប់ ការងារជួយសង្គ្រោះត្រូវរារាំងដោយទីតាំងនៃរញ្ជួយដី ដោយសារតំបន់រងគ្រោះមានទាំងនៅខាងតំបន់ដែលរដ្ឋាភិបាលកាន់កាប់និងតំបន់ដែលក្រុមប្រឆាំងកាន់កាប់។ជំនួយភាគច្រើនត្រូវបានដឹកទៅកាន់រដ្ឋធានីដាម៉ាស ដែលស្ថិតក្រោមការកាន់កាប់របស់រដ្ឋាភិបាល៕
អ្នកជួយសង្គ្រោះបានរកឃើញទាំងអ្នកនៅមានជីវិតនិងសាកសពជនរងគ្រោះនៅពេលការងាររបស់គេឈានចូលថ្ងៃទីបី