ដោយៈ ជា សីហៈ/ភ្នំពេញៈ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅពេលជួប លោក ហ្វូមីអាគី តាកាហាស៊ី ( FUMIAKI TAKAHASHI)ប្រធានសមាគមកម្ពុជា-ជប៉ុន កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានជំរុញឱ្យសមាគមជប៉ុន-កម្ពុជាទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់កម្ពុជាដូចជា អាសិប និងកិច្ចព្រមព្រៀងទ្វេភាគីក៏ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាជាមួយដៃគូអាស៊ាន ដើម្បីពង្រីកទីផ្សារ និងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។

ក្នុងជំនួបនេះផងដែរ លោករដ្ឋមន្រ្តី ក៏បានជម្រាប សមាគម និងសហការីនៃសមាគមជប៉ុន-កម្ពុជា អំពីការងារអាទិភាពសំខាន់ៗ មួយចំនួនដែលក្រសួងពាណិជ្ជកម្ម បាននិងកំពុងអនុវត្តក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើឱ្យកាន់តែប្រសើរឡើងលើវិស័យពាណិជ្ជកម្ម និងធុរកិច្ច ដើម្បីជួយសម្រួលដល់វិនិយោគិននៅកម្ពុជា។

ជាការឆ្លើយតប លោកប្រធានសមាគម បានថ្លែងអំណរគុណចំពោះអនុសាសន៍ណែនាំរបស់ លោករដ្ឋមន្រ្តី ក៏ដូចជាការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ក្រសួងពាណិជ្ជកម្ម ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចនៅកម្ពុជាហើយ ក៏បានប្តេជ្ញាចិត្តក្នុងការផ្សព្វផ្សាយ និងកៀរគរវិនិយោគិនជប៉ុនឱ្យកាន់តែច្រើនបន្ថែមទៀតមកវិនិយោគនៅកម្ពុជា។

ក្នុងជំនួបនេះផងដែរ គណៈប្រតិភូសមាគមជប៉ុន-កម្ពុជា ក៏បានធ្វើបទបង្ហាញអំពីប្រតិបត្តិការធុរកិច្ចក៏ដូចជាទិសដៅរបស់ក្រុមហ៊ុនជប៉ុនមួយចំនួននៅកម្ពុជា ជាពិសេស ការវិនិយោគលើវិស័យវារីវប្បកម្ម ផលិតផលសុខភាព កម្លាំងពលកម្ម សូត្រជាដើម ហើយលោក រដ្ឋមន្រ្តី បានគាំទ្រ និងផ្តល់អនុសាសន៍ណែនាំឱ្យក្រុមហ៊ុនធ្វើការពាក់ព័ន្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួនឱ្យកាន់តែជោគជ័យបន្ថែមទៀត ជាពិសេសការនាំផលិតកម្ពុជាចូលទីផ្សារជប៉ុនតាមរយៈមជ្ឈមណ្ឌលធុរកិច្ចកម្ពុជានៅជប៉ុនជាដើម៕/PC