ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ ប្រធានាធិបតី ចូ បៃដិន បាននិយាយថា សហរដ្ឋអាម៉េរិកនឹងសហការជាមួយចិនត្រង់កន្លែងដែលខ្លួនអាចធ្វើបាន ប៉ុន្តែការពារអធិបតេយ្យភាពរបស់ខ្លួន “ដូចដែលយើងបានបញ្ជាក់យ៉ាងច្បាស់កាលពីសប្តាហ៍មុន”។
លោកបៃដិនបាននិយាយក្នុងសុន្ទរកថារដ្ឋសហភាពរបស់លោកកាលពីថ្ងៃអង្គារទី៧កុម្ភៈថា “ខ្ញុំប្តេជ្ញាធ្វើការជាមួយចិនត្រង់កន្លែងដែលខ្លួនអាចជំរុញផលប្រយោជន៍អាម៉េរិកនិងផ្តល់ផលប្រយោជន៍ដល់ពិភពលោក។ ប៉ុន្តែកុំសាងកំហុស ៖ ដូចដែលយើងបានបញ្ជាក់យ៉ាងច្បាស់កាលពីសប្តាហ៍មុន ប្រសិនបើចិនគំរាមដល់អធិបតេយ្យភាពរបស់យើងយើងនឹងធ្វើសកម្មភាពដើម្បីការពារប្រទេសរបស់យើង។ ហើយយើងបានធ្វើមែន”។
វាជាការនិយាយដោយប្រយោលចំពោះការរំខានជុំវិញបាឡុងចារកម្មចិន ដែលបានឆ្លងកាត់ទឹកដីអាម៉េរិកមុនពេលវាត្រូវបានបាញ់ទម្លាក់។
ជាមួយភាពតានតឹងរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងប៉េកាំងកំពុងកើនឡើងខ្ពស់លើបញ្ហានេះ លោកបៃដិនបានប្រើវិធីសាស្ត្រថ្នមសម្តីនៅក្នុងសុន្ទរកថារបស់គាត់ដោយនិយាយនៅក្នុងអត្ថបទដែលបានរៀបចំទុកជាមុនរបស់គាត់ថា សហរដ្ឋអាម៉េរិកស្ថិតក្នុង “ទីតាំងខ្លាំងបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ដើម្បីប្រកួតប្រជែងជាមួយចិនឬនរណាផ្សេងទៀតនៅក្នុងពិភពលោក”។
លោកបៃដិនមិនបាននិយាយចំៗអំពីបាឡុងឬការអះអាងរបស់អាម៉េរិកថាវាជាបាឡុងចារកម្មនោះទេ។
ទោះយ៉ាងណា ជម្លោះនេះបានបង្កឱ្យមានទំនាស់ការទូតនិងបង្ខំឱ្យរដ្ឋមន្ត្រីការបរទេស លោក អ៊ែថូនី ប្លីងកិន ពន្យារពេលដំណើរទស្សនកិច្ចដែលបានគ្រោងទុកទៅកាន់ទីក្រុងប៉េកាំង។
យន្តហោះចម្បាំងអាម៉េរិកមួយគ្រឿងបានបាញ់ធ្លាក់បាឡុងនេះកាលពីថ្ងៃសៅរ៍លើមហាសមុទ្រនៃរដ្ឋសៅខារ៉ូឡាយណា (South Carolina) ។
សុន្ទរកថានេះគឺស្របតាមវិធីសាស្ត្របើកទូលាយរបស់លោកបៃដិន។
លោកបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា ឧបទ្ទវហេតុបាឡុងនេះមិនបានធ្វើឱ្យទំនាក់ទំនងរវាងអាម៉េរិកនិងចិនចុះខ្សោយទេ ហើយបានសម្រាលអំពីការធ្វើចារកម្មរបស់ចិន ដោយនិយាយថា វាជា “អ្វីដែលគេរំពឹងទុកពីប្រទេសចិន”៕
លោកបៃដិននិយាយក្នុងសុន្ទរកថារដ្ឋសហភាពនៅរដ្ឋសភាជាតិកាលពីថ្ងៃទី ៧ កុម្ភៈ ឆ្នាំ២០២៣