ដោយ: បូកគោ / កំពត: អភិបាលខេត្តកំពត បានផ្តាំផ្ញើដល់គ្រប់គ្រួសារ ដែលមានជីវភាព ខ្វះខាត ត្រូវរាយការណ៍ពីស្ថានភាពពិត ជូនអាជ្ញាធរ ដើម្បីទទួលបានដំណោះស្រាយ សមស្រប។ រាជរដ្ឋាភិបាល មិនបានទុកឲ្យពលរដ្ឋណាម្នាក់ បាត់បង់ជីវិត ព្រោះតែខ្វះ ស្បៀងអាហារ ប្រចាំថ្ងៃនោះឡើយ។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានផ្តាំផ្ញើដូច្នេះ កាលពីព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងពិធីសំណេះសំណាល ជាមួយអ្នកបើករថយន្តតាក់ស៊ី គ្រួសារម៉ូតូឌុប អាជីវករខ្នាតតូច ក្រុមជាងគ្រប់ប្រភេទ អ្នកបម្រើសេវាទេសចរណ៍ និងប្រជាពលរដ្ឋ មានជីវភាពខ្វះខាត មកពីក្រុងកំពត ប្រមាណ ៥.០០០ នាក់ ។

លោកអភិបាលខេត្ត បានមានប្រសាសន៍ថាៈ បច្ចុប្បន្ន ប្រជាពលរដ្ឋទូទាំងខេត្តកំពត មានប្រមាណ ៧០ ម៉ឺននាក់ ក្នុងក្រុង ស្រុក ទាំងប្រាំបួន។ ពិតណាស់ថា សព្វថ្ងៃ គ្រួសារបងប្អូន ភាគច្រើន មានជីវភាពធូរធារ ដែលអ្នកខ្លះ អាចសង់លំនៅស្ថាន បានស្កឹមស្កៃ សម្ភារៈប្រើប្រាស់ សម្បូរបែប។ ប៉ុន្តែ ពលរដ្ឋខ្លះ ក៏នៅមានជីវភាពខ្វះខាត ដោយអន្លើៗ តាមកាលវេលាផងដែរ។

លោក ម៉ៅ ធនិន បានបញ្ជាក់ថាៈ សម្រាប់លោកតែម្នាក់ មិនអាចបានដឹងគ្រប់ជ្រុងជ្រោយ នោះទេ។ ក្នុងករណីថ្នាក់ដឹកនាំមូលដ្ឋាន មានភាពចន្លោះប្រហោង សាមីគ្រួសារ ត្រូវរាយការណ៍ពីស្ថានភាពពិត ជូនអាជ្ញាធរ ដើម្បីឲ្យព័ត៌មាននេះ បានមកដល់លោកផ្ទាល់ ងាយស្រួលឆ្លើយតប និងដោះស្រាយជូន។ គោលការណ៍របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ជាប្រមុខ គឺមិនបានបណ្តែតបណ្តោយ ឲ្យពលរដ្ឋណាម្នាក់ ស្លាប់ដោយសារ គ្មានអាហារបរិភោគនោះទេ។

សូមបញ្ជាក់ថា ជាការភ្ជាប់មនោសញ្ចេតនា និងបង្កើនភាពសប្បាយរីករាយ ក្នុងពិធីនេះ លោកអភិបាលខេត្ត បានតម្រូវឲ្យរៀបចំចាប់ឆ្នោតផ្តល់រង្វាន់ សម្រាប់អ្នកមានសំណាង ក្នុងចំណោមពលរដ្ឋ ចូលរួមប្រមាណ ៥.០០០ នាក់។ រង្វាន់ទាំងនោះ រួមមាន ឆ្នាំងដាំបាយអគ្គិសនី ចំនួន២៤ កង់២៦គ្រឿង និងម៉ូតូ ១៦គ្រឿង៕ V / N