ដោយៈ ភ្នំស្វាយ / ព្រំដែនកម្ពុជា ថៃៈ
រដ្ឋបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា និងស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ បានឆ្លាស់វេនជួបប្រជុំពិភាក្សាសិក្សាស្វែងយល់ ផ្លាស់ប្តូរបទពិសោធន៍ និងរិតចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ ។ កិច្ចប្រជុំនោះ បានធ្វើឡើងនៅសាលាក្រុងប៉ោយប៉ែត កាលពីល្ងាចថ្ងៃទី ៧ ខែកុម្ភ: ឆ្នាំ២០២៣ ។

លោក ឆាក់ណាធីប ឌុកប៉ាក់នី អភិបាលស្រុកអារញ្ញាប្រថេត និងប្រតិភូ នាលើកនេះ បានអញ្ជើញមកជួបប្រជុំពិភាក្សា នៅសាលាក្រុងប៉ោយប៉ែត។

លោក ញឹម ផឿង អភិបាលរងក្រុងប៉ោយប៉ែតបានប្រាប់កាសែតរស្មីកម្ព្ជជា កាលពីថ្ងៃទី៨ ខែកុម្ភ:ថាៈ កិច្ចប្រជុំឆ្លាស់វេនរបស់ប្រតិភូរដ្ឋបាលក្រុងប៉ែតប៉ែត ទៅស្រុកអារញ្ញប្រាថេត កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ កន្លងមក ។ លើកនេះ ក្រុងប៉ោយប៉ែតធ្វើជាម្ចាស់ផ្ទះម្តង ។

នៅលើកនេះ សមភាគីក្រុងប៉ោយប៉ែត និងស្រុកអារញ្ញាប្រាថេត បានថ្លែងសុន្ទរកថា កត់សម្គាល់ ពីលទ្ធផលនៃការអនុគោលនយោបាយ នៃរាជរដ្ឋាភិបាល និងផែនការរបស់រដ្ឋបាលខេត្តរៀងៗខ្លួន លើវិស័យនានា ។ ដោយឡែក ផ្លែផ្កានៃទំនាក់ទំនង កិច្ចសហប្រតិបត្តិការរបស់ក្រុង ស្រុក នៃខេត្តដែលជា ភាគីចំណងមេត្រីភាពទាំងពីរ ពីមុនមក និងជាពិសេស ក្នុងរយ:ពេលចុងក្រោយ ក្នុងអំឡុងកំពុង និងក្រោយវិបត្តិសាកល នៃការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ព្រមទាំងការខិតខំស្តារជីវភាពប្រជាជន និងសេដ្ឋកិច្ចស្រុក ក្រុងឡើងវិញ ។

ប្រជាជន មន្ត្រីរាជការ កងកម្លាំងកម្ពុជានៃក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យព្រះរាជាណាចក្រកម្ពុជា និងសមភាគីថៃ ស្រុកអារញ្ញាប្រាថេត ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ កាន់តែមានទំនាក់ទំនង កិច្ចសហប្រតិបត្តិការ កាន់តែជិតស្និទ្ធ កក់ក្តៅ និងមានផ្លែផ្កាជាមួយគ្នាច្រើនឡើង ។

ក្នុងឱកាសនោះ ភាគីរដ្ឋបាលក្រុងប៉ោយប៉ែត បានរៀបចំកម្មវិធីទស្សនាតំបន់ និងមូលដ្ឋានសេដ្ឋកិច្ចខ្លះ ដើម្បីស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាជន តាមតំបន់ព្រំដែន, ការប្រកួតកីឡា និងពិសាអាហារសាមគ្គី ៕/V-PC