ដោយៈ ភ្នំស្វាយ / ព្រំដែនកម្ពុជា ថៃៈ ប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋបាលខេត្តបន្ទាយមានជ័យ និងក្រសួងដឹកជញ្ជូន និងរដ្ឋបាលខេត្តស្រះកែវ ភាគីថៃ កាលពីថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០២៣ បានជួបប្រជុំពិភាក្សា ស្តីពីវឌ្ឍនភាពការងារ កសាងច្រកព្រំដែនអន្តរជាតិថ្មីស្ទឹងបត់ ក្រុងប៉ោយប៉ែត និងច្រកព្រំដែនអន្តរជាតិ បានណងអៀន ស្រុកអារញ្ញប្រាថេត។
ពិធីបានធ្វើនៅទីស្នាក់ការនៃការិយាល័យ រដ្ឋបាលច្រកអន្តរជាតិស្ទឹងបត់ នាភូមិស្ទឹងបត់សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
ក្នុងឱកាសនោះ ភាគីទាំងពីរ បានលើកឡើងថាៈ វឌ្ឍនភាពនៃការសាងសង់ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធ នៃអគាររដ្ឋបាល ស្នាក់ការត្រួតពិនិត្យច្រកទ្វារ និងការិយាល័យធ្វើការ នៃសមត្ថកិច្ចជំនាញនានា បានមានសន្ទុះទៅមុខដូចដែលមានក្នុងផែនការ។
ហេតុនេះ ភាគីទាំងពីរ រំពឹងទុកថា ការបើកឲ្យដំណើរការ នូវច្រកព្រំដែនអន្តរជាតិថ្មី សម្រាប់ការដឹកជញ្ជូនធុនធ្ងន់ ឆ្លងកាត់ព្រំដែន នៃប្រទេសកម្ពុជា និងថៃ មួយនេះ នឹងអាចបើកឱ្យដំណើរការជាផ្លូវការ នាពេលដ៏ខ្លីខាងមុខនេះ ៕/V-PC