ដោយ៖ ដេប៉ូ / សៀមរាប៖ ការបង្កើតភាពស៊ីសង្វាក់គ្នា ក្នុងការសម្រេចបាន នូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ស្តីពីការប្រែប្រួលអាកាសធាតុ តាមរយៈសេដ្ឋកិច្ចចក្រា គឺជាប្រធានបទសំខាន់ ដែលបានលើកឡើងក្នុងកិច្ចពិភាក្សា នៃវេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី១១ ស្តីពី 3R និងសេដ្ឋកិច្ចចក្រា ។ នេះគឺជាការថ្លែងបញ្ជាក់ពីសំណាក់ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាន។

គួរបញ្ជាក់ថា ពិធីនេះមានការចូលរួមពីសំណាក់មន្ត្រីជំនាញ មកពីក្រសួងបរិស្ថាន នៃបណ្តាប្រទេសអាស៊ី និងប៉ាស៊ីហ្វិក នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោយពីពិធីបើកផ្លូវការ ដោយលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថាន។

លោក នេត្រ ភក្រ្តា បានថ្លែងបញ្ជាក់ថាៈ មន្ត្រីជំនាញបច្ចេកទេស មកពីបណ្តាប្រទេសនានា រួមនឹងអង្គការដៃគូ បានជជែកពិភាក្សា យ៉ាងផុសផុល ដើម្បីពិនិត្យលើបញ្ហា ដែលបានជួបប្រទះ និងដំណោះស្រាយ។

បើតាមការថ្លែងឱ្យដឹងរបស់លោក នេត្រ ភក្ត្រា វាគ្មិនមកពីក្រសួងបរិស្ថានកម្ពុជា ពីវៀតណាម អូស្ត្រាលី ហ្វីលីពីន អង្គការយូនីដូ បានធ្វើបទបង្ហាញលើប្រធានបទសំខាន់ៗ រួមមាន៖ ជីវសេដ្ឋកិច្ច ប្រកបដោយនិរន្តរភាព និងវិលជុំនៅក្នុងរបៀបវារៈអាកាសធាតុ និងកាលានុវត្តន៍ភាព, វិថីទៅកាន់អព្យាក្រឹត្យកាបូន តួនាទីរបស់សេដ្ឋកិច្ចចក្រា, កាតាលីករសកម្មភាពរួមសម្រាប់សហគ្រាសធុនតូច និងមធ្យម នាំទៅរកការផ្លាស់ប្តូរកាបូនទាប, យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងរបស់កម្ពុជា, ផែនទីបង្ហាញផ្លូវរបស់កម្ពុជា ក្នុងការប្រើប្រាស់ និងផលិតភាពប្រកបដោយនិរន្តរភាព, យុទ្ធសាស្ត្រសេដ្ឋកិច្ចចក្រា និងផែនការសកម្មភាព។

លោករដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានបញ្ជាក់បន្ថែមថាៈ គ្រប់គ្នាបានឯកភាពគ្នាថា ការផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចចក្រា គឺចាំបាច់ដើម្បីសម្រេចបាន ទាំងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងគោលដៅផ្នែកការប្រែប្រួលអាកាសធាតុ ដែលបានព្រមព្រៀងដោយសហគមន៍អន្តរជាតិ និងដើម្បីជួយកសាងសេដ្ឋកិច្ច ពិភពលោកឡើងវិញ ដើម្បីធ្វើឱ្យកាន់តែរឹងមាំ បៃតង និងប្រសើរជាងមុន។ បណ្តាប្រទេសនានា បានបង្ហាញពីភាពចាំបាច់នៃសមត្ថភាព ផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស។

លោកបានថ្លែងថាៈ មន្ត្រីនៃក្រសួងបរិស្ថានកម្ពុជា បានបង្ហាញដល់អ្នកចូលរួម អំពីការកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការរៀបចំតាក់តែង នូវគោលនយោបាយ និងផែនការសកម្មភាពផ្សេងៗ ក្នុងសេដ្ឋកិច្ចចក្រា ទៅក្នុងការអភិវឌ្ឍន៍ចម្បងៗ ។

លោករដ្ឋលេខាធិការ នេត្រ ភក្ត្រា បានលើកឡើងថាៈ កម្ពុជាបានរៀបចំយុទ្ធសាស្ត្រសេដ្ឋកិច្ចចក្រា ដើម្បីជួយឱ្យប្រសើរឡើង នូវទិដ្ឋភាពជាច្រើន នៃសេដ្ឋកិច្ច និងសង្គមសម្រាប់ប្រទេសកម្ពុជា និងការសម្រេចបាននូវនិរន្តរភាពបរិស្ថាន ដោយការលើកកម្ពស់ការប្រើប្រាស់ថាមពល និងធនធានសម្ភារៈ ឱ្យកាន់តែមានប្រសិទ្ធភាព ខណៈពេលដែលកាត់បន្ថយផលប៉ះពាល់ ពីការប្រើប្រាស់ធនធានហួសកម្រិត និងការបង្កើតកាកសំណល់។

លោកបានលើកឡើងថាៈ ប្រទេសកម្ពុជា ស្ថិតក្នុងទីតាំងដ៏រឹងមាំមួយ ក្នុងការសម្រេចបាន នូវការអភិវឌ្ឍន៍ ប្រកបដោយចីរភាព តាមរយៈសេដ្ឋកិច្ចចក្រា ការកសាងលើកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងការកើនឡើង នៃមូលដ្ឋានអ្នកប្រើប្រាស់វ័យក្មេង។ យ៉ាងណាក៏ដោយ ការណែនាំអំពីវិធីសាស្រ្តសេដ្ឋកិច្ចចក្រា ទាមទារឱ្យយកឈ្នះ លើឧបសគ្គផ្សេងៗ៕/V-PC