ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គីកាលពីថ្ងៃពុធទី៨កុម្ភៈបានធ្វើទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសអង់គ្លេសនិងបារាំងចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីកាលពីជិតមួយឆ្នាំមុន ដោយជំរុញសម្ពន្ធមិត្តរបស់លោកឱ្យបញ្ជូនអាវុធបន្ថែមទៀត និងជាពិសេសយន្តហោះចម្បាំង។
ដោយចេញក្រៅស្រុកជាលើកទីពីរចាប់តាំងពីការលុកលុយ លោកហ្សេលេនស្គីបានរីករាយជាមួយថ្ងៃពោរពេញដោយពិធីនៅទីក្រុងឡុងដ៍ជាកន្លែងដែលលោកបានចូលគាល់ស្តេចឆាលទី៣និងថ្លែងទៅកាន់សភា។
ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសបារាំង ដែលផ្ទុយពីនេះហាក់កើតឡើងនៅនាទីចុងក្រោយនោះ បានឃើញលោករៀបចំកិច្ចប្រជុំអាហារពេលល្ងាចជាមួយប្រធានាធិបតីបារាំងលោក អេមម៉ានុយអែល ម៉ាក្រុង ចូលរួមដោយអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល។
ប៉ុន្តែត្បិតមានទម្រង់ផ្ទុយគ្នាក៏ពិតមែន ប៉ុន្តែការទាមទាររបស់លោកហ្សេលេនស្គីគឺដូចគ្នា ពោលអាវុធច្រើនឡើង ជាពិសេសយន្តហោះចម្បាំង និងមីស៊ីលរយៈចម្ងាយឆ្ងាយនិងការបញ្ជូនឱ្យបានលឿនជាងមុន។
លោកបាននិយាយនៅទីក្រុងប៉ារីសថា “ការដែលអ៊ុយក្រែនឆាប់ទទួលបានសព្វាវុធធុនធ្ងន់រយៈចម្ងាយឆ្ងាយ អាកាសយានិករបស់យើងនឹងឆាប់ទទួលបានយន្តហោះ ការឈ្លានពានរបស់រុស្ស៊ីនឹងបញ្ចប់ឆាប់ៗ ហើយយើងអាចវិលទៅរកសន្តិភាពនៅអឺរ៉ុបវិញ”។
លោកបានព្រមានថា “មានពេលតិចតួចណាស់”។
លោកម៉ាក្រុងបានសន្យាថា បារាំងនឹងជួយអ៊ុយក្រែនឱ្យទទួលបានជ័យជម្នះក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ហើយនឹងបន្តការខិតខំប្រឹងប្រែងដើម្បីប្រគល់អាវុធ។
លោកនិយាយថា “បារាំងប្តេជ្ញាចិត្តជួយអ៊ុយក្រែនឱ្យទទួលបានជ័យជម្នះនិងការបង្កើតសិទ្ធិស្របច្បាប់របស់ខ្លួនឡើងវិញ”។
លោកបានបន្ថែមថា “អ៊ុយក្រែនអាចពឹងផ្អែកលើបារាំង ដៃគូអឺរ៉ុប និងសម្ពន្ធមិត្តរបស់ខ្លួនដើម្បីឈ្នះសង្គ្រាម។ រុស្ស៊ីមិនអាចនិងមិនត្រូវឈ្នះជាដាច់ខាត”។
លោកសូលបាននិយាយថា អាល្លឺម៉ង់និងដៃគូរបស់ខ្លួនគាំទ្រអ៊ុយក្រែន “ផ្នែកហិរញ្ញវត្ថុ ដោយមានជំនួយមនុស្សធម៌និងអាវុធ” ដោយបន្ថែមថា “យើងនឹងបន្តធ្វើដូច្នេះដរាបណាចាំបាច់”៕
លោកហ្សេលេនស្គីបានចូលគាល់ស្តេចឆាលទី៣កាលពីថ្ងៃពុធ
លោកហ្សេលេនស្គីជួបលោកម៉ាក្រុងនិងនាយករដ្ឋមន្រ្តីអង់គ្លេសកាលពីថ្ងៃពុធ