ដោយៈ ចាន់តូ / ភ្នំពេញៈ យុវជនម្នាក់ បានស្លាប់ និងយុវជន ពីរនាក់ទៀត រងរបួសធ្ងន់ស្រាល បន្ទាប់ពីជិះម៉ូតូយ៉ាងលឿន ទៅបុករថយន្តកុងតឺន័រ ដែលចតចោល ពីក្រោយយ៉ាងពេញទំហឹង កាលពីវេលាម៉ោង១និង៥០នាទីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃ ព្រហស្បតិ៍ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ តាមបណ្ដោយផ្លូវទួលពង្រ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ច បានប្រាប់ថាៈ ជនរងគ្រោះដែលស្លាប់ មានឈ្មោះ វ៉ាន់ រ៉ា ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងពិដាន ស្នាក់នៅម្តុំព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ជាអ្នកបើក និងជាម្ចាស់ម៉ូតូ។
ចំណែកពីរនាក់ទៀត ដែលរងរបួស មិនត្រូវបានស្គាល់ឈ្មោះនោះទេ។ អ្នកទាំងបី ជិះម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DC.7198 ។ ចំណែកឯរថយន្ត គឺម៉ាកហ៊ីយ៉ាន់ដាយ ក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3C.8917 ចំណែកឯកន្ទុយខាងក្រោយពាក់ស្លាកលេខ កំពង់ចាម 4A.0010 ជាប្រភេទរថយន្តកុងតឺន័រ។ អ្នកបើកបរ មិនឃើញនៅកន្លែងកើតហេតុនោះទេ។
តាមសម្ដីមិត្តភ័ក្ររបស់ជនរងគ្រោះ បានប្រាប់ឲ្យដឹងថាៈ ដំបូងឡើយ ពួកគាត់បានចេញពីក្លិប ក្នុងគោលបំណងជូនគ្នាទៅបន្ទប់ជួលនៅខាងព្រៃស ដែលជិះម៉ូតូពីរគ្រឿង មានគ្នា ៥នាក់ ម៉ូតូជនរងគ្រោះ គឺជិះគ្នាបីនាក់ តាមបណ្តោយផ្លូវទួលពង្រ ក្នុងទិសដៅពីខាងជើងទៅខាងត្បូង ហើយបានបើកលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុករថយន្តកុងតឺន័រ ដែលចតនៅលើចិញ្ចើមផ្លូវ យ៉ាងពេញទំហឹង បណ្ដាលឱ្យរងរបួសធ្ងន់ស្រាល បីនាក់ ក្រោយពីបញ្ជូនទៅមន្ទីរពេទ្យ យុវជនម្នាក់ ក៏បានស្លាប់ ហើយរថយន្តដឹកសព យកមកកន្លែងកើតហេតុវិញ។
ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកវាស់វែង យកមធ្យោបាយទាំងពីរគ្រឿង ទៅរក្សាទុកនូវការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នា នៅពេលក្រោយ ។ ចំណែកសពសមត្ថកិច្ច ធ្វើកំណត់ហេតុរួចប្រគល់ឲ្យសាច់ញាតិ ដឹកយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕/V-PC