ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប្រធានាធិបតីតួកគី លោក រីស៊ីប ថាយយីប អឺដូហ្គាន កាលពីថ្ងៃពុធទី៨កុម្ភៈ បានទទួលស្គាល់ “ចំណុចខ្វះខាត”បន្ទាប់ពីការរិះគន់លើការឆ្លើយតបរបស់រដ្ឋាភិបាលរបស់លោកចំពោះរញ្ជួយដីដ៏ធំដែលបានសម្លាប់មនុស្សជាង ១២.០០០ នាក់នៅក្នុងប្រទេសតួកគីនិងស៊ីរី។
ទំហំនៃគ្រោះមហន្ដរាយដ៏ធំ ដែលបានពង្រាបអគាររាប់ពាន់ខ្នងឱ្យរាបដល់ដីនិងសង្កត់លើមនុស្សមិនដឹងចំនួនពិតប្រាកដនោះ បានបង្កការលំបាកខ្លាំងដល់ប្រតិបត្តិការសង្គ្រោះដែលរារាំងដោយអាកាសធាតុត្រជាក់ខ្លាំងរួចជាស្រេច។
អ្នកនៅរស់រានមានជីវិតត្រូវបានទុកចោលដោយគ្មានអាហារនិងទីជម្រក ហើយក្នុងករណីខ្លះបានត្រឹមអង្គុយមើលទាំងអស់សង្ឃឹម ខណៈសាច់ញាតិរបស់ពួកគេអំពាវនាវឱ្យជួយសង្គ្រោះហើយនៅទីបំផុតបានស្ងាត់មាត់ឈឹងនៅក្រោមកម្ទេចកម្ទី។
លោកស្រី សេមីរ៉េ ខូបាន (Semire Coban) គ្រូបង្រៀនថ្នាក់មត្តេយ្យនៅខេត្តហាតាយ (Hatay) ប្រទេសតួកគី បាននិយាយថា “ក្មួយប្រុសរបស់ខ្ញុំ ប្អូនថ្លៃរបស់ខ្ញុំនិងប្អូនស្រីរបស់ប្អូនថ្លៃខ្ញុំគឺស្ថិតនៅក្នុងគំនរបាក់បែក។យើងមិនអាចទាក់ទងពួកគេបានទេ។ យើងកំពុងព្យាយាមនិយាយជាមួយពួកគេ ប៉ុន្តែពួកគេមិនឆ្លើយតប…យើងកំពុងរង់ចាំការជួយ។ វាមានរយៈពេល ៤៨ ម៉ោងហើយ”។
ទោះយ៉ាងណា ក្រុមអ្នករុករកបានបន្តទាញអ្នកនៅរស់រានមានជីវិតពីកម្ទេចកម្ទី ពោលគឺបីថ្ងៃបន្ទាប់ពីរញ្ជួយដីកម្រិត ៧,៨ រិច្ឆទ័រ ជារញ្ជួយដីដ៏ប្រល័យបំផុតមួយក្នុងសតវត្សរ៍នេះរួចទៅហើយបើទោះបីជាចំនួនអ្នកស្លាប់នៅតែបន្តកើនឡើងក៏ដោយ។
ខណៈការរិះគន់បានកើនឡើងនៅលើបណ្តាញសង្គម លោកអឺដូហ្គានបានចុះទៅមើលកន្លែងរងគ្រោះខ្លាំងបំផុត គឺចំណុចស្នូលនៃរញ្ជួយដីនៅទីក្រុងការ៉ាម៉ាន់ម៉ារ៉ាស (Kahramanmaras) និង ទទួលស្គាល់បញ្ហានៅក្នុងការឆ្លើយតប។
លោកបានបន្តថា “ពិតណាស់មានចំណុចខ្វះខាត។ ស្ថានភាពគឺមើលឃើញច្បាស់នឹងភ្នែក។ វាមិនអាចទៅរួចទេដើម្បីត្រៀមខ្លួនសម្រាប់គ្រោះមហន្តរាយធំបែបនេះ”៕
អ្នកស្លាប់កើនឡើងដល់១២.០០០នាក់ហើយនៅពេលការងារស្វែងរកនិងជួយសង្គ្រោះកំពុងបន្ត