ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ក្មេងស្រីតូចម្នាក់ត្រូវបានប្រទះឃើញកំពុងការពារប្អូនប្រុសរបស់នាង បន្ទាប់ពីពួកគេបានជាប់នៅក្រោមគំនរបាក់បែកនៃផ្ទះដួលរលំរបស់ពួកគេ បន្ទាប់ពីមានរញ្ជួយដីដ៏ខ្លាំងក្លាជាបន្តបន្ទាប់។
វីដេអូបានផ្តិតយកពេលវេលាដ៏រំជើបរំជួលនេះ ខណៈបងប្អូនបង្កើតវ័យក្មេងភ័យញ័រទទ្រើកទាំងពីរត្រូវបានរកឃើញដោយក្រុមអ្នកជួយសង្គ្រោះក្នុងគំនរបាក់បែកក្នុងប្រទេសស៊ីរី។
ក្មេងស្រីអាយុ៧ឆ្នាំឈ្មោះថា ម៉ារីយ៉ាម (Mariam) និងប្អូនប្រុសរបស់នាងឈ្មោះ អ៊ីលអាហ្វ (Ilaaf) បានជាប់នៅក្នុងកម្ទេចកម្ទីអស់រយៈពេលប្រហែល ៣៦ ម៉ោង។
នៅក្នុងឃ្លីបនោះ នាងបានប្រាប់បុគ្គលិកសង្គ្រោះបន្ទាន់ថា “លោក ប្រសិនបើលោកជួយសង្គ្រោះខ្ញុំនិងប្អូនប្រុសរបស់ខ្ញុំ ខ្ញុំនឹងធ្វើអ្វីដែលលោកចង់បាន។ ប៉ុន្តែសូមយកពួកយើងចេញពីទីនេះសិន”។
ប្អូនប្រុសនិងបងស្រីនេះបានជាប់នៅក្រោមគំនរបាក់បែកនៅផ្ទះរបស់ពួកគេនៅភូមិបេស្នាយ៉ា ប៊ីសីណេ (Besnaya-Bseineh) ក្បែរទីក្រុងហារ៉ាម (Haram) ប្រទេសស៊ីរី។
នៅក្នុងវីដេអូ គេឃើញប្អូនប្រុសរបស់នាងជាប់នៅក្រោមគំនរបាក់បែក ខណៈអ្នកឆ្លើយតបកំពុងព្យាយាមជួយសង្គ្រោះអ្នកទាំងពីរ។
បន្ទាប់មក ក្មេងស្រីនោះបានលើកដៃបាំងលើក្បាលប្អូនប្រុសរបស់នាងដើម្បីការពាររូបគេ។
ក្រោយមក រូបថតមួយសន្លឹកត្រូវបានចែករំលែកអំពីក្មេងទាំងពីរកំពុងសម្រាកនៅលើគ្រែ បន្ទាប់ពីពួកគេត្រូវបានជួយសង្គ្រោះពីហេតុការណ៍ដ៏រន្ធត់នេះ។
ឪពុករបស់ពួកគេ គឺលោក មូស្តាហ្វា ហ្សូហៀ អាល់សាយ៉េត (Mustafa Zuhir Al-Sayed) បាននិយាយថា គាត់ ប្រពន្ធគាត់ និងកូនបីនាក់របស់ពួកគេកំពុងដេកនៅពេលរញ្ជួយដីវាយប្រហារ។គ្រួសារទាំងមូលត្រូវបានជួយសង្គ្រោះបានទាំងអស់៕
ម៉ារីយ៉ាមការពារក្បាលរបស់អ៊ីលអាហ្វ ពេលកំពុងជាប់នៅក្រោមគំនរបាក់បែក