ដោយៈ បាយ័ន / សៀមរាបៈ ក្រុមអ្នកបច្ចេកទេស អាជ្ញាធរជាតិអប្សរា សហការជាមួយ វិទ្យាស្ថានជាតិណារ៉ា ប្រទេសជប៉ុន កំពុងជំរុញការងារជួសជុលប្រាង្គកណ្តាល នៃប្រាសាទតុបខាងលិច ឱ្យរួចរាល់ក្នុងអំឡុងពេល ៤ ឫ ៥ ខែ ខាងមុខ។
ប្រភពអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈនេះ បានឱ្យដឹងថាៈ ការជួសជុល ប្រាសាទ ដែលសាងឡើង ក្នុងសតវត្សរ៍ទី១០ មួយនេះ មានការលំបាកយ៉ាងខ្លាំង និងប្រើពេលវេលាយូរ ដោយថ្មប្រាសាទ មួយចំនួនធំ ត្រូវបាត់បង់ និងខូចគុណភាព។ រហូតមកដល់ពេលនេះ ការងារជួសជុល សម្រេចបានជិត ៩០ ភាគរយហើយ។
ដោយឡែក កិច្ចការនៅសេសសល់ គឺរៀបផ្គុំហោជាងទី២ ឡើងវិញ ដែលជាផ្នែកចុង ក្រោយនៃការងារ គ្រោងនឹងបញ្ចប់ នាពេលដ៏ខ្លីខាងមុខ តាមដែលអាចធ្វើបាន។
បើតាមការបញ្ជាក់របស់លោក ឡាំ សុភ័ក្រ អ្នកសម្របសម្រួលគម្រោងជួសជុលរបស់ វិទ្យាស្ថានជាតិណារ៉ា បានឱ្យដឹងថាៈ បន្ទាប់ពីការជួសជុលប្រាង្គកណ្តាលនេះ រួចរាល់ យើងនឹងធ្វើការជួសជុល ខឿនវិហារខាងមុខ ប្រាសាទបន្តទៀត៕/V-PC