ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ វាហាក់ដូចជាលោក ប៊ីល ហ្គេត អាយុ ៦៧ ឆ្នាំបានរកឃើញគូស្នេហ៍ថ្មីជាអ្នកស្នេហាកីឡាវាយតេន្នីសវ័យ ៦០ ឆ្នាំលោកស្រី ផូឡា ហឺដ (Paula Hurd)។
លោកស្រីហឺដគឺជាស្ត្រីមេម៉ាយរបស់អតីតសហនាយកប្រតិបត្តិនិងជាប្រធានក្រុមហ៊ុន Oracleលោក ម៉ាក ហឺដ (Mark Hurd) ដែលបានស្លាប់នៅអាយុ ៦២ ឆ្នាំក្នុងឆ្នាំ ២០១៩បន្ទាប់ពីតស៊ូប្រឆាំងនឹងជំងឺមហារីក។
មិត្តភក្តិរបស់គូស្នេហ៍នេះបានប្រាប់វេបសាយ DailyMail.com ថា “ពួកគេមិនអាចបំបែកពីគ្នាបានទេ”។
“ពួកគេបានរួមរស់ជាមួយគ្នាជាងមួយឆ្នាំហើយ ហើយលោកស្រីតែងតែត្រូវគេពណ៌នាថាជាស្ត្រីអាថ៌កំបាំង ប៉ុន្តែវាមិនមែនជារឿងអាថ៌កំបាំងទេចំពោះមនុស្សនៅក្នុងរង្វង់គ្រួសាររបស់ពួកគេដែលថា ពួកគេកំពុងមានទំនាក់ទំនងស្នេហា”។
ធ្លាប់ជានាយកប្រតិបត្តិផ្នែកបច្ចេកវិជ្ជាខ្លួនឯង ពេលនេះលោកស្រីហឺដគឺជាអ្នករៀបចំព្រឹត្តិការណ៍ និងជាអ្នករៀបចំកម្មវិធី និងជាសប្បុរសជនផងដែរ។
ប្តីស្លាប់ទៅរបស់លោកស្រី ដែលបានចំណាយពេលភាគច្រើននៃអាជីពរបស់គាត់នៅក្រុមហ៊ុនបច្ចេកវិជ្ជា NCR និងក្រោយមកក្រុមហ៊ុន Hewlett-Packard មុនពេលចូលរួមជាមួយក្រុមហ៊ុន Oracle ក្នុងឆ្នាំ ២០១០ មានទ្រព្យសម្បត្តិសរុបប្រមាណ ៥០០ លានដុល្លារនៅពេលគាត់ស្លាប់។
ហើយវាមិនគួរឱ្យភ្ញាក់ផ្អើលស្អីនោះទេដែលផ្លូវរបស់ស្ថាបនិកក្រុមហ៊ុន Microsoft និងនាយកប្រតិបត្តិ Oracle ដែលជាឥស្សរជនលេចធ្លោនៅតំបន់ស៊ីលីកូនវ៉ាល់ឡេ (Silicon Valley) ដូចគ្នា និងភរិយារបស់គាត់បានមកប្រសព្វគ្នានៅប៉ុន្មានឆ្នាំមកនេះ។
លោកម៉ាក ដែលជាអតីតអ្នកលេងតេន្នីសឆ្នើមនៅមហាវិទ្យាល័យ និង លោកស្រីផូឡាថែមទាំងត្រូវបានគេថតនៅពីក្រោយលោកហ្គេតនៅក្នុងការប្រកួតតេន្នីសនៅរដ្ឋកាលីហ្វ័រញ៉ាក្នុងឆ្នាំ ២០១៥ ទៀតផង។ប៉ុន្តែកាលពីខែមុន វាជាលោកស្រីផូឡានិងលោកប៊ីល ហ្គេត ដែលមើលទៅសមជាគូនឹងគ្នា នៅពេលដែលអ្នកទាំងពីរឃើញនៅជាមួយគ្នាមើលការប្រកួតវគ្គផ្តាច់ព្រ័ត្រទោលផ្នែកបុរសនៅឯកម្មវិធី Australian Open ក្នុងទីក្រុងមែលប៊ន ក្នុងអំឡុងពេលធ្វើដំណើរទៅអូស្ត្រាលី។
អ្នកទាំងពីរក៏បានធ្វើដំណើរឡើងទៅទីក្រុងស៊ីដនីផងដែរ ជាកន្លែងដែលមហាសេដ្ឋីរូបនេះបានជួបជាមួយនាយករដ្ឋមន្ត្រី អានថូនី អាល់បាណេស (Anthony Albanese)។
លោកហ្គេតនិងលោកស្រីហឺដបានឆ្លៀតឱកាសដើរលេងបែបរ៉ូមែនទិកជុំវិញទីក្រុង នៅពេលដែលពួកគេបានឈប់ដើម្បីគយគន់ទេសភាពដ៏ស្រស់ត្រកាលនៃកំពង់ផែ និងដើរមើលអគារ Opera House ដ៏ល្បីល្បាញ៕
លោកស្រីហឺដនិងលោកហ្គេតទៅណាមកណាជាមួយគ្នាជាងមួយឆ្នាំហើយ