ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ក្រុងចំនួន៥ របស់កម្ពុជា និងប្រទេសចំនួន៥ នៃតំបន់អាស៊ី ត្រូវបានចុះហត្ថលេខាលើ សេចក្តីប្រកាស Indore 3R ស្តីពីគោលដៅ ទឹកស្អាត ដីស្អាត និងខ្យល់អាកាសបរិសុទ្ធ ដែលសំដៅធ្វើយ៉ាងណា ឱ្យតំបន់ទីក្រុងទាំងនេះ ប្រកបដោយបរិស្ថានស្អាត អនាម័យល្អ គួរជាទីរស់នៅដ៏មនោរម្យ។
គួរបញ្ជាក់ថា ការចុះហត្ថលេខានេះ បានធ្វើឡើង នៅក្នុងវេទិកាថ្នាក់តំបន់អាស៊ី និង ប៉ាស៊ីហ្វិកលើកទី១១ ស្តីពី «3R និងសេដ្ឋកិច្ចចក្រា» ក្រោមប្រធានបទ «សមាហរណកម្ម សេដ្ឋកិច្ចចក្រា ទៅក្នុងការអភិវឌ្ឍន៍វិស័យចម្បងៗ ដើម្បីឈានឆ្ពោះទៅសម្រេចបាន សង្គមគ្មានសំណល់ និងគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព» ហើយដែលបានបើក ជាផ្លូវការនៅខេត្តសៀមរាប នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣។
នៅក្នុងវេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី១១ ស្តីពី «3R និងសេដ្ឋកិច្ចចក្រា» ក្រោមប្រធានបទ «សមាហរណកម្មសេដ្ឋកិច្ចចក្រា ទៅក្នុងការអភិវឌ្ឍន៍ វិស័យចម្បងៗ ដើម្បីឈានឆ្ពោះទៅសម្រេចបាន សង្គមគ្មានសំណល់ និងគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព» បានធ្វើការចុះហត្ថលេខា ដាក់ក្រុងចំនួន៥ របស់កម្ពុជា និងប្រទេស ចំនួន៥ នៃតំបន់អាស៊ី ចុះហត្ថលេខាលើសេចក្តីប្រកាស Indore 3R ស្តីពីគោលដៅ ទឹកស្អាត ដីស្អាត និងខ្យល់អាកាសបរិសុទ្ធ។
សម្រាប់ក្រុងចំនួន៥ របស់កម្ពុជា ដែលត្រូវបានដាក់លើសេចក្តីប្រកាស Indore 3R ស្តីពីគោលដៅ ទឹកស្អាត ដីស្អាត និងខ្យល់អាកាសបរិសុទ្ធនេះ រួមមានដូចជា៖ ក្រុងសែនមនោរម្យ នៃខេត្តមណ្ឌលគីរី, ក្រុងពោធិ៍សាត់ នៃខេត្តពោធិ៍សាត់, ក្រុងកែប នៃខេត្តកែប, ក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ និងក្រុងសៀមរាប នៃខេត្តសៀមរាប ។
បណ្តាប្រទេសដែលបានមកចូលរួម កិច្ចប្រជុំកម្រិតខ្ពស់ ថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី១១ រួមមានដូចជា៖ ប្រទេសជប៉ុន ឥណ្ឌា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង ថៃ បានចុះហត្ថលេខា ក្នុងការប្តេជ្ញាចិត្ត ឆ្ពោះទៅសម្រេចបាន នូវទឹកស្អាត ដីស្អាត និងខ្យល់អាកាសបរិសុទ្ធ ក្រោមអធិបតីភាព លោក សៅ សុភាព រដ្ឋលេខាធិការ ក្រសួងបរិស្ថាន។
គួរបញ្ជាក់ថា គិតមកដល់ពេលនេះ មានប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ចំនួន ៤៦ ប្រទេសហើយ ដែលបានចុះហត្ថលេខា លើសេចក្តីប្រកាស Indore 3R ៕ V / N