ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ កាហ្វេមួយកែវក្នុងមួយថ្ងៃអាចគ្រប់គ្រាន់ដើម្បីឱ្យអ្នកនៅឆ្ងាយពីគ្រូពេទ្យ។នោះគឺព្រោះតែអ្នកស្រាវជ្រាវបានរកឃើញថា អ្នកចូលចិត្តកាហ្វេមានសម្ពាធឈាមទាបជាងនិងបេះដូងមានសុខភាពល្អជាង។
ហើយពួកគេអះអាងថា អត្ថប្រយោជន៍អាចទទួលបានដោយការផឹកកាហ្វេតែមួយពែងរៀងរាល់ព្រឹក។
ក្រុមអ្នកជំនាញអ៊ីតាលីបានពណ៌នាអំពីឥទ្ធិពលវិជ្ជមានរបស់កាហ្វេថា “មើលឃើញច្បាស់នឹងភ្នែក”។
លទ្ធផលរកឃើញពីការសិក្សាលើមនុស្សជាង ១.៥០០ នាក់នេះបានបន្ថែមទៅលើភស្តុតាងច្រើនឡើងដែលបញ្ជាក់អំពីអត្ថប្រយោជន៍សុខភាពរបស់កាហ្វេ។
ការស្រាវជ្រាវមួយចំនួនបានផ្សារភ្ជាប់កាហ្វេទៅនឹងការកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ជំងឺខ្សោយបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលខណៈការសិក្សាផ្សេងទៀតរាយការណ៍ថាកាហ្វេជួយពន្យារអាយុជីវិត។
ប៉ុន្តែគ្រូពេទ្យនៅតែខ្វែងគំនិតគ្នា ដោយព្រមានថា បរិមាណកាហ្វេច្រើនហួសប្រមាណ ដែលផ្ទុកទៅដោយជាតិកាហ្វេអ៊ីន ពិតជាអាចបំផ្លាញបេះដូងបាន។
ទីភ្នាក់ងារសុខភាពជាតិអង់គ្លេសនិយាយថា កាហ្វេលើសពីបួនកែវក្នុងមួយថ្ងៃអាចបង្កើនសម្ពាធឈាម។
ប៉ុន្តែទោះយ៉ាងណាក្តី ការសិក្សាថ្មីនៅក្នុងទស្សនាវដ្តី Nutrients បានរកឃើញថា មនុស្សដែលផឹកកាហ្វេក្នុងបរិមាណច្រើនបែបនេះមានសម្ពាធឈាមទាបជាងអ្នកមិនផឹកកាហ្វេសោះ៕
កាហ្វេជួយបន្ថយសម្ពាធឈាមនិងជួយបេះដូងឱ្យមានសុខភាពល្អ