ដោយៈ សុផល / ភ្នំពេញ៖ ​​ខេត្តកំពង់ស្ពឺ​ស្ថិតនៅ​ចន្លោះ​ប៉ូលសេដ្ឋកិច្ចធំពីរ​គឺរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ ទូទាំងខេត្ត​មានរោងចក្រ សហគ្រាស​តូច​ធំ​ចំនួន ៣៨៣ កន្លែង ដែលជា​ប្រភពការងារ​បង្កើតប្រាក់ចំណូល​ដល់ប្រជាពលរដ្ឋ​ក្នុង​ខេត្ត។ ក្នុងនោះ វិស័យវាយនភ័ណ្ឌកាត់ដេរ សម្លៀកបំពាក់ និងស្បែកជើង​ចំនួន ១៨៩ ​កន្លែង មានកម្មករ និយោជិត សរុប ១៤៥.៣៩៩ នាក់ ស្រី ១១០.៨៤៣ នាក់។

នេះបើតាមការឱ្យដឹងរបស់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ​នៅ​ក្នុងសន្និសីទ​ស្តីពី «ជោគជ័យរយៈពេល ៥ ឆ្នាំ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ» ដែលរៀបចំឡើងដោយ​អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល​នៅ​ព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ។

លោកអភិបាលខេត្ត បានឱ្យដឹងថា៖ កំពង់ស្ពឺ ក៏មានរោងចក្រធុនធំ ចំនួន ២២៩ មូលដ្ឋាន ប្រើប្រាស់កម្លាំងពលកម្ម សរុបចំនួន ១៣២.៥០៣ នាក់ ស្រី ១០២.៨៨៥ នាក់ ដោយប្រើប្រាស់ទុនវិនិយោគ សរុប ១.៧១៤.៨៣៦.០០០ ដុល្លារសហរដ្ឋអាមេរិក។ រោងចក្រធុនតូច និងមធ្យម និងសិប្បកម្ម​មានចំនួន ១.១៣០ មូលដ្ឋាន ទុនវិនិយោគ ចំនួន ២៦.៤៤៩.៩១០ ដុល្លារ ប្រើប្រាស់កម្លាំងពលកម្មសរុប ចំនួន ១៤.៦២០នាក់ ស្រីចំនួន ៧.៧០០ នាក់៕/V/R