ដោយៈប.ខុន/ភ្នំពេញៈ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រាលក្រួសក្រហមចំនួន២៨ខ្សែស្មើប្រវែង១៦៥គីឡូម៉ែត្រនៅគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិ រុនតាឯក ស្ថិតនៅក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលជាគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទបានអនុវត្តរួចរាល់ហើយនិងកំពុងឈានទៅអនុវត្តគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែប្រវែង១៧គីឡូម៉ែត្រទៀតតភ្ជាប់ពីផ្លូវក្រវ៉ាត់តំបន់អង្គរទៅគម្រោងអភិវឌ្ឍន៍ពាក់ស្នែង។


លោក សួស គង់ រដ្ឋលេខាប្រចាំការក្រសួងអភិវឌ្ឍន៍ជនបទបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០២៣ថា គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រាលក្រួសក្រហមចំនួន២៨ខ្សែស្មើប្រវែងសរុប១៦៥គីឡូម៉ែត្រ នៅគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិ រុនតាឯក ស្ថិតនៅក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទនិងអនុវត្តដោយកងវិស្វកម្មសម្ដេចតេជោ ហ៊ុន សែន សៀមរាប ដែលលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានអញ្ជើញចុះពិនិត្យមើលកាលពីថ្ងៃទី៧ខែកុម្ភៈនោះ បានស្ថាបនារួចរាល់ហើយ ដោយផ្លូវសំខាន់ៗមួយចំនួនក្នុងចំណោមផ្លូវ២៨ខ្សែអាចនឹងត្រូវចាក់បេតុងនៅពេលខាងមុខ។ចំណែកផ្លូវមួយខ្សែប្រវែង១៧គីឡូម៉ែត្រភ្ជាប់ពីផ្លូវក្រវ៉ាត់តំបន់អង្គរទៅគម្រោងអភិវឌ្ឍន៍ពាក់ស្នែងដែលជាគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ត្រូវចាក់បេតុងនោះក៏កំពុងរៀបចំធ្វើដែរ។
នៅក្នុងឱកាសចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រាលគ្រួសក្រហម២៨ខ្សែខាងលើ លោក អ៊ុក រ៉ាប៊ុន ដែលអមដំណើរដោយនាយឧត្ដមសេនីយ៍ ខេង សុមេធ ប្រធានកងវិស្វកម្មសម្ដេចតេជោ ហ៊ុន សែន សៀមរាបនោះ បានថ្លែងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាន់យកវិស័យជាអាទិភាពសម្រាប់អភិវឌ្ឍន៍ប្រទេស គឺផ្លូវ ទឹក ភ្លើង មនុស្ស តែសម្រាប់នីតិកាលទី៦គឺមនុស្ស ផ្លូវ ទឹក ភ្លើង ពីព្រោះប្រទេសកម្ពុជាយើងកំពុង ធ្វើសមាហរណកម្មទៅក្នុងតំបន់ និងក្នុងសកលលោក ជាពិសេសនៅក្នុងសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន។
លោករដ្ឋមន្ត្រីមានប្រសាសន៍ថា ផ្លូវក្រាលក្រួសក្រហមដែលបានស្ថាបនារួចមានប្រវែង១៦៥គីឡូម៉ែត្រ ក្នុងតំបន់អភិវឌ្ឍន៍រុនតាឯកនេះ អនុវត្តដោយនាយឧត្ដមសេនីយ៍ ខេង សុមេធ ប្រធានកងវិស្វកម្មសម្ដេចតេជោ ហ៊ុន សែន សៀមរាប ដោយប្រើប្រាស់ថវិការរបស់រាជរដ្ឋាភិបាល ជាអាណាប័ករបស់ក្រសួងអភិវឌ្ឍន៍ជនបទ។
នាយឧត្ដមសេនីយ៍ ខេង សុមេធ បានបញ្ជាក់នៅក្នុងឱកាសខាងលើដែរថាបច្ចុប្បន្នមានប្រជាពលរដ្ឋប្រមាណជាង២.០០០គ្រួសារ ក្នុងចំណោមជាង ២០.០០០គ្រួ សារ បានស្ម័គ្រចិត្តចាកចេញពីតំបន់អង្គរមកស្នាក់នៅតំបន់រុនតាឯកនេះ ដោយអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
បន្ទាប់ពីបានបញ្ចប់ការពិនិត្យគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិ រុនតាឯកហើយ លោករដ្ឋមន្ត្រីនិងប្រតិភូបានអញ្ជើញទៅពិនិត្យទីតាំង គម្រោងអភិវឌ្ឍន៍តំបន់ពាក់ស្នែង ស្ថិតនៅក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ដែលគម្រោងនេះនឹងត្រូវស្ថាបនាផ្លូវក្រាលបេតុងសរសៃដែកប្រវែង ១៧,១០គីឡូម៉ែត្រ ទទឹង ៩ម៉ែត្រ ចិញ្ចើមសងខាង ប្រវែង ២ម៉ែត្រ និងស្ថាបនាស្ពានបេតុងទំហំ៣០ម៉ែត្រគុណ១៣ម៉ែត្រ ស្ថាបនាលូប្រអប់ចំនួន៤កន្លែង និងលូមូលចំនួន ១២កន្លែង តភ្ជាប់ពីភូមិដូនឪ ឃុំលាងដៃ ទៅភូមិខ្ទីង ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ដែលគ្រោងចំណាយថវិកាសរុបចំនួន ៥០.៥៤៧លានរៀល។
នៅជំហានទី២នៃឆ្នាំបន្ទាប់ក្រសួងនឹងគ្រោងស្ថាបនាផ្លូវក្នុងទីតាំង១និងទីតាំង២ ប្រវែង៨៨,៩០គីឡូម៉ែត្រ ដោយស្ថាបនាផ្លូវដីល្បាយក្រួសនិងសំណង់មុខទឹកមួយចំនួនទៀត។ជាមួយនេះក៏មានស្ថាបនាផ្លូវក្រាលបេតុងសរសៃដែកប្រវែង ៣៥,៩៨គីឡូម៉ែត្រទទឹង៧ម៉ែត្រ លើផ្លូវមេក្នុងទីតាំង១និងទីតាំង២និងភ្ជាប់រវាងទីតាំងទាំងពីរ ព្រមទាំងស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) ប្រវែង៥២គីឡូម៉ែត្រទទឹង៧ម៉ែត្រ លើផ្លូវរងក្នុងទីតាំងទាំងពីរផងដែរ៕ P / N