ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វ៊ុយមីអូ គីស៊ីដា និងប្រធានាធិបតីហ្វីលីពីន លោក ហ្វ៊ែរឌីណង់ ម៉ាកូស ជូនៀ (Ferdinand Marcos Jr.)ត្រូវគេរំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗដើម្បីបង្កើនទំនាក់ទំនងការពារជាតិរបស់ពួកគេនៅថ្ងៃព្រហស្បតិ៍ទី៩កុម្ភៈនេះ ខណៈទ្វីបអាស៊ីមើលឃើញភាពតានតឹងជុំវិញឥទ្ធិពលកើនឡើងរបស់ចិន។
លោកម៉ាកូសនឹងបំពេញទស្សនកិច្ចនៅប្រទេសជប៉ុនភ្លាមៗ បន្ទាប់ពីលោកនិងរដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោក ឡយ អូស្ទីនបានឈានដល់កិច្ចព្រមព្រៀងស្តីពីការអនុញ្ញាតឱ្យសហរដ្ឋអាម៉េរិកចូលទៅប្រើប្រាស់មូលដ្ឋានយោធាហ្វីលីពីនកាន់តែច្រើន ដើម្បីទប់ទល់មហិច្ឆតាទឹកដីរបស់ចិន។
កិច្ចព្រមព្រៀងការពារជាតិដ៏សំខាន់បំផុតមួយ ដែលនឹងចុះហត្ថលេខានៅពេលដែលលោកម៉ាកូសនិងលោកគីស៊ីដាជួបគ្នានៅថ្ងៃព្រហស្បតិ៍នេះនឹងអនុញ្ញាតឱ្យទាហានជប៉ុនចូលរួមក្នុងសមយុទ្ធហ្វឹកហ្វឺនបន្ថែមទៀត និងឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិនៅក្នុងប្រទេសហ្វីលីពីន។
វាអាចនាំឱ្យមានកិច្ចព្រមព្រៀងស្រដៀងគ្នាជាមួយប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត។
ប្រទេសកោះទាំងពីរកាលពីឆ្នាំមុនបានរៀបចំកិច្ចពិភាក្សាសន្តិសុខ “២+២” លើកដំបូងរវាងរដ្ឋមន្ត្រីការពារជាតិនិងការបរទេសរបស់ពួកគេ ដោយយល់ព្រមពង្រឹងទំនាក់ទំនងការពារជាតិរបស់ពួកគេ។
រដ្ឋាភិបាលរបស់លោកគីស៊ីដាកាលពីខែធ្នូបានអនុម័តការធ្វើឱ្យប្រសើរឡើងផ្នែកសន្តិសុខនិងការពារជាតិសំខាន់ៗ រួមទាំងសមត្ថភាពប្រឆាំងវាយបកវិញដែលប្រាសចាកពីគោលការណ៍ស្វ័យការពារមួយមុខគត់ក្រោយសង្គ្រាមរបស់ជប៉ុន ខណៈថែមទាំងបង្កើនការចំណាយការពារជាតិរបស់ខ្លួនទ្វេដងក្នុងរយៈពេលប្រាំឆ្នាំទៀតផង។
ជប៉ុនក្រោមយុទ្ធសាស្ត្រថ្មីនេះក៏នឹងប្រើប្រាស់ជំនួយអភិវឌ្ឍន៍របស់ខ្លួនដើម្បីគាំទ្រដល់ប្រទេសក្រីក្រផងដែរ ខណៈពួកគេពង្រឹងសុវត្ថិភាពដែនសមុទ្រ និងសមត្ថភាពសន្តិសុខផ្សេងទៀតរបស់ពួកគេ។ វាមានន័យដើម្បីប្រឆាំងនឹងឥទ្ធិពលតំបន់ដែលកំពុងកើនឡើងរបស់ចិន។
នៅថ្ងៃព្រហស្បតិ៍នេះ លោកគីស៊ីដាត្រូវគេរំពឹងថានឹងប្រកាសជំនួយសេដ្ឋកិច្ចដើម្បីកែលម្អហេដ្ឋារចនាសម្ពន្ធរបស់ហ្វីលីពីន ការឆ្លើយតបនឹងគ្រោះមហន្តរាយ និងសមត្ថភាពការពារសុវត្ថិភាពដែនសមុទ្រ៕
ជប៉ុននិងហ្វីលីពីននឹងចុះហត្ថលេខាលើផែនការពង្រឹងចំណងការពារជាតិនៅថ្ងៃព្រហស្បតិ៍នេះក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកម៉ាកូស ជូនៀ