​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ កីឡាករ​បាល់ទាត់​ហ្គា​ណា គ្រី​ស្ទាន អា​ត់ស៊ូ (Christian Atsu)​នៅតែ​បាត់​ខ្លួន​នៅ​ភាគ​ខាងត្បូង​ប្រទេស​តួ​ក​គី​បន្ទាប់​ពី​រញ្ជួយ​ដី​ដែល​បាន​បំផ្លិចបំផ្លាញ​​តំបន់​នេះ​កាលពី​ថ្ងៃ​ចន្ទ នេះ​បើ​យោង​តាម​ភ្នាក់ងារ​និង​អ្នក​ចាត់ការ​ទូទៅ​របស់​គេ បើ​ទោះបីជា​នាយក​ប្រតិបត្តិ​ម្នាក់​នៅ​ក្លិប​តួ​ក​គី Hatayspor បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា រូបគេ​ត្រូវ​បាន “​ទាញ​ចេញ​” ពី​គំនរ​បាក់បែក​ដោយ​រង​របួស​ក៏ដោយ​។​

​ភ្នាក់ងារ​របស់​អា​ត់ស៊ូ គឺ លោក ណា​ណា សា​ឈៀ (Nana Sachere) បាន​ចែករំលែក​សារ​នៅលើ Twitter ដោយ​និយាយថា​”​យើង​កំពុង​ធ្វើ​អ្វី​គ្រប់យ៉ាង​ដែល​យើង​អាច​ធ្វើបាន​ដើម្បី​កំណត់​​ទីតាំង​របស់​គ្រី​ស្ទាន​” ខណៈ​ជំរុញ​ឱ្យ​អ្នកគាំទ្រ “​ចៀសវាង​ការផ្សព្វផ្សាយ​ព័ត៌មាន​ដែល​មិន​ច្បាស់លាស់​”​។​

​អ្នក​ចាត់ការ​ទូទៅ​ក្រុម Hatayspor លោក វ៉ុល​កាន ដេ​មី​រែល (Volkan Demirel) ក៏​បាន​ប្រាប់​សារព័ត៌មាន​កីឡា​របស់​តួ​ក​គី​កាលពី​ថ្ងៃ​ពុធ​ដែរ​ថា​គាត់​មិន​បាន​ទទួល​ព័ត៌មាន​អំពី​កីឡាករ​រូប​​នេះ​ទេ ដោយ​បន្ថែម​ថា “​សូម​កុំ​ប្រាកដ​ពេក​ថា​រូបគេ​រួច​រស់​ជីវិត​” នេះ​បើ​យោង​តាម​ការបកប្រែ​របស់​កាសែត Washington Post ។​

​សមាគម​បាល់ទាត់​ហ្គា​ណា​បាន​បង្ហោះ​សារកាលពី​ព្រឹក​ថ្ងៃ​អង្គារ​ថា អា​ត់ស៊ូ “​ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​ជោគជ័យ​ពី​គំនរ​បាក់បែក​នៃ​អគារ​ដែល​ដួលរលំ ហើយ​កំពុង​ទទួល​ការព្យាបាល​” ខណៈ​អនុប្រធាន​ក្លិប Hatayspor លោក មូស្តា​ហ្វា អូ​ហ្សា​ត (Mustafa Ozat) ក៏​បាន​អះអាង​ផងដែរ​ថា អា​ត់ស៊ូ​ត្រូវបាន​រកឃើញ​។​

​នាយក​កីឡា​របស់​ក្លិប Hatayspor លោក ថា​ណឺ សាវុត (Taner Savut) ក៏​នៅ​កំពុង​បាត់​ខ្លួន​ដែរ បន្ទាប់​ពី​រញ្ជួយ​ដី​៕

អា​ត់ស៊ូ​នៅ​កំពុង​បាត់​ខ្លួន​នៅឡើយ​ក្នុង​គ្រោះ​រញ្ជួយ​ដី​នៅ​តួ​ក​គី