​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ចិន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៩​កុម្ភៈ​បាន​និយាយថា​ការចោទប្រកាន់​របស់​ស​ហ​រដ្ឋ​អាម៉េរិក​ថា​បា​ឡុង​ចិន​ដែល​គេ​បាញ់​ទម្លាក់​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ឃ្លាំមើល​​ដ៏​ទូលំទូលាយ គឺ​ស្មើនឹង “​សង្គ្រាម​ព័ត៌មាន​ប្រឆាំង​នឹង​ចិន​”​។​

​មន្ទីរ​បញ្ច​កោណ​កាលពី​ថ្ងៃ​ពុធ​បាន​និយាយថា បា​ឡុង​ចិន ដែល​បាន​បាញ់​ទម្លាក់​នៅ​ឆ្នេរសមុទ្រ​រដ្ឋ​សៅ​ខា​រ៉ូ​ឡាយណា (South Carolina) កាលពី​ថ្ងៃ​សៅរ៍​គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​ដែល​ពាក់ព័ន្ធ​នឹង​​បា​ឡុង​អាកាស​បែប​នេះ​ជា​ច្រើន ដែល​ចិន​បាន​ដំណើរការ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។​

​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោកស្រី ម៉ៅ នី​ង (Mao Ning)​បាន​លើកឡើង​ម្តង​ទៀត​នូវ​ការទទូច​របស់​ចិន​ថា​បា​ឡុង​គ្មាន​មនុស្ស​​បើក​ដ៏​ធំ​នេះ​គឺជា​បា​ឡុង​ឧតុនិយម​ស៊ីវិល ដែល​បាន​ហោះ​ខុស​ទិស​ដោយ​ចៃដន្យ ហើយ​ថា សហរដ្ឋ​អាម៉េរិក “​មានប្រតិកម្ម​ជ្រុល​” ដោយ​បាញ់​ទម្លាក់​វា​ចោល​។​

​លោកស្រី​ម៉ៅ​បាន​និយាយ​នៅក្នុង​សន្និសីទ​ព័ត៌មាន​ប្រចាំថ្ងៃ​ថា “​វា​ជា​ការ​មិន​ទទួលខុសត្រូវ​។ ការចោទប្រកាន់​ចុងក្រោយ​អាច​ជា​ផ្នែក​មួយ​នៃ​សង្គ្រាម​ព័ត៌មាន​របស់​ភាគី​អាម៉េរិក​ប្រឆាំង​នឹង​ចិន​”​។​

​មន្ត្រី​អាម៉េរិក​បាន​ច្រាន​ចោល​ការអះអាង​របស់​ចិន ហើយ​ភ្នាក់ងារ​មកពី FBI​និង​សេវា​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​កងទ័ពជើងទឹក​កំពុង​ប្រមូល​កម្ទេចកម្ទី​ដែល​បាន​រកឃើញ​ពី​មហាសមុទ្រ​ហើយ​នាំ​វា​សម្រាប់​​កិច្ចដំណើរការ​ជា​បន្ត​។​

​ឧត្តមសេនីយ៍ទោ ផាត់ រ៉ា​យ​ឌឺ (Pat Ryder) អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​បាន​និយាយថា​នៅពេល​ដែល​បា​ឡុង​ស្រដៀង​គ្នា​នេះ​បាន​ឆ្លងកាត់​ទឹកដី​អាម៉េរិក​ក្នុងឱកាស​ចំនួន​បួន​ក្នុងអំឡុង​​រដ្ឋបាល​ត្រាំ​និង​បៃ​ដិ​ន សហរដ្ឋ​អាម៉េរិក​មិនបាន​កំណត់​អត្តសញ្ញាណ​ភ្លាមៗ​ថា​ពួក​វា​ជា​បា​ឡុង​ចារកម្ម​របស់​ចិន​នោះ​ទេ​។​

​ប៉ុន្តែ​លោក​បាន​និយាយថា “​ការវិភាគ​ចារកម្ម​ជា​បន្តបន្ទាប់​” បានអនុញ្ញាត​ឱ្យ​សហរដ្ឋ​អាម៉េរិក​បញ្ជាក់ថា ពួក​វា​ជា​ផ្នែក​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ចារកម្ម​របស់​ចិន និង​រៀនសូត្រ “​ច្រើន​ទៀត​”​អំពី​កម្មវិធី​​នេះ​។​

​លោក​រ៉ា​យ​ឌឺ​បាន​និយាយថា “​ខ្ញុំ​អាច​ធានា​អ្នក​ថា​នេះ​មិនមែន​សម្រាប់​គោលបំណង​ស៊ីវិល​ទេ … យើង​ច្បាស់ ១០០ ភាគរយ​អំពី​រឿង​នោះ​”៕

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោកស្រី ម៉ៅ នី​ង