ដោយៈ វៃកូ/ស្វាយរៀង: លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី , រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ហើយក៏ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង នារសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលជាមួយ បុគ្គលិកបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេវាកម្សាន្តទេសចរណ៍ មនុស្សពេញវ័យ មេការ នៅខេត្តស្វាយរៀង សរុបចំនួន ៥៦៨នាក់ នៅមន្ទីរគណបក្សខេត្តស្វាយរៀង ។

ថ្លែងក្នុងឱកាសនោះ លោកស្រី ក៏បានផ្តាំផ្ញើការសាកសួរសុខទុក្ខប្រកបដោយសេចក្តី នឹករឭកពីសំណាក់ពី សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់អង្គពិធីដោយក្តីនឹករលឹក និងការគិតគូរយកចិត្តទុកដាក់គ្រប់បែបយ៉ាង ជាពិសេស បុគ្គលិកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេវាកម្សាន្តទេសចរណ៍ មនុស្សពេញវ័យ ដែលបានអញ្ជើចូលរួមក្នុងថ្ងៃនេះ ។

លោកស្រីក៏បានមានប្រសាសន៍បន្ថែមទៀតថា បច្ចុប្បន្ននេះប្រទេសជាតិមានសុខសន្តិភាពនិងការអភិវឌ្ឍន៍គ្រប់វិស័យ ហើយ រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ដោះស្រាយវិបត្តិជាប់គាំងក្នុងបរិការណ៍កូវីដ ១៩ ដោយបានស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងឥតគិតពីនិន្នាការនយោបាយ តាមរយៈយុទ្ធសាស្ត្រ “អភិក្រមផ្ការីក” បានផ្ដល់ការឧបត្ថម្ភជាសម្ភារៈនិងថវិកាជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះ។ ព្រមទាំងបានដាក់ចេញជាយុទ្ធសាស្ត្រច្រើន ដើម្បីស្តារស្ថានភាពសេដ្ឋកិច្ចប្រទេសជាតិ រហូតដល់បើកប្រទេសឡើងវិញ ដែលបានធ្វើឲ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធផ្នែកសេវាកម្សាន្តទេសចរណ៍ មានការងើបឡើងបន្តិច ក្នុងនោះក៏មានបងប្អូនបុគ្គលិកមួយចំនួនបាននឹងកំពុងបម្រើការនៅក្នុងវិស័យទាំងនោះផងដែរ ហើយអ្នកបម្រើសេវាក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅពេលនេះក៏មានការយកចិត្តទុក្ខដាក់ពីរាជរដ្ឋាភិបាលផងដែរ ។

ជាចុងក្រោយ លោកស្រីក៏បាននាំយកថវិកាមួយចំនួនជូនដល់ បុគ្គលិកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួន ៥៦៨នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៨ម៉ឺនរៀល៕ P / N