ដោយៈ ពៅនិមល / ភ្នំពេញ៖ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ នៅមជ្ឈមណ្ឌលការងារ រាជធានីភ្នំពេញ បានសហការជាមួយក្រុមហ៊ុន សហគ្រាស ចំនួន៩ ដោយផ្តល់ឱកាស ការងារ ចំនួនប្រមាណ ៨៥០ កន្លែង ជូនដល់សិស្ស និស្សិត និងអ្នកកំពុងស្វែងរកការងារ ធ្វើនៅក្នុងកម្មវិធីវេទិកាការងារ។

មន្រ្តីទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ បានឲ្យដឹងថាៈ ក្រុមហ៊ុន សហគ្រាស ចំនួន៩ ដែលចូលរួមក្នុងវេទិកានេះ រួមមាន៖ ម៉ាស្ទ័រ ស៊ុគីស៊ុប, សហគ្រាស ហ្គូដហៀល កម្ពុជា (GOODHILL), ក្រុមហ៊ុនជប៉ុន MinebeaMitsumi, ក្រុមហ៊ុន Construction Co.Ltd (CMED), ផ្សារម៉ាក្រូ (Makro), ក្រុមហ៊ុន Training and Josb Center, ក្រុមហ៊ុន Luxelite Group, ក្រុមហ៊ុន VE (Cambodia) Ltd និងក្រុមហ៊ុន Mega Asset Management Co.,Ltd។

មន្រ្តីរូបនេះ បានឲ្យដឹងទៀតថាៈ មជ្ឈមណ្ឌលការងារ រាជធានីភ្នំពេញ ក៏ដូចជា តាមខេត្ត មួយចំនួនទៀត ក្នុងពេលបច្ចុប្បន្ន និងអនាគត នៅតែបន្តសកម្មភាពផ្សព្វផ្សាយ អំពីព័ត៌មានការងារដដែល ហើយសម្រាប់គន្លឹះ ដែលយុវជន សិស្ស និស្សិត បានទទួល ឱកាសការងារ ក៏ដូចជា មិនទាន់ទទួលបានជោគជ័យ ហើយនោះ គឺទីភ្នាក់ងារជាតិមុខរបរ និងការងារ នឹងបន្តរៀបចំសម្របសម្រួល បន្ថែមទៀត ដោយឥតគិតថ្លៃ ខណៈដែលយុវជន រាប់ម៉ឺន សែននាក់ ឯណោះ បានកំពុងត្រៀមខ្លួន ដើម្បីចូលធ្វើការងារ។

សូមបញ្ជាក់ថា វេទិកាការងារ បានរួមចំណែកយ៉ាងសំខាន់ ដល់ភាគីនិយោជក ដែលកំពុងមានតម្រូវការ ជ្រើសរើសបុគ្គលិក ទាំងពេលបច្ចុប្បន្ន និងអនាគត ឲ្យមានឱកាស បានជួបជាមួយអ្នក កំពុងស្វែងរកការងារដោយផ្ទាល់ ដើម្បីយកទៅបំពេញបេសកម្ម ក្រុមហ៊ុន សហគ្រាស និងសម្រេចផែនការ របស់ភាគីនិយោជក។ ដោយឡែក សម្រាប់អ្នក ដែលមានបំណងស្វែងរកការងារ ឬចង់ផ្លាស់ប្តូរបទពិសោធន៍ការងារ គឺគ្រាន់តែកាន់ប្រវត្តិ រូបសង្ខេប (CV) និងរៀបចំខ្លួនឲ្យបានសមរម្យ ដើម្បីត្រៀមជួបសម្ភាសន៍ផ្ទាល់ ជាមួយ តំណាងក្រុមហ៊ុន ធំទាំងនោះ នៅវេទិកាការងារតែម្តង។

វេទិកាការងារនេះដែរ គឺជាផ្នែកមួយនៃយន្តការរបស់រដ្ឋាភិបាល ក្នុងការផ្ដល់ឱកាសដល់ សាធារណជនទូទៅ ជាពិសេសយុវជន ដែលចង់ស្វែងការងារធ្វើ អ្នកស្វែងរកកន្លែង កម្មសិក្សា ឬអ្នកចង់ផ្លាស់ប្តូរការងារ អាចទទួលបានកាន់តែងាយស្រួល ដោយចំណេញ ពេលវេលា និងនៅមួយកន្លែង។ សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ អាចយក ប្រវត្តិរូបសង្ខេប និងរៀបចំខ្លួន ឲ្យបានសមរម្យ ទៅតាមមុខតំណែង ដែលចង់បាន ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ និងសម្ភាសន៍ផ្ទាល់ ជាមួយក្រុមហ៊ុនទាំងនោះ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច នៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕ V / N

រូបភាព៖ ពៅនិមល