ប្រែសម្រួល៖បំណង(ដេល្លីម៉េល,ដឹដ្រាយ,ស៊ីជីធីអិន)៖អង់តែននិងដុំសូឡាត្រូវបានរកឃើញក្នុងចំណោមបំណែកនិងកម្ទេចបាឡុងចិនដែលត្រូវអាម៉េរិកបាញ់ទម្លាក់ចូលសមុទ្រកាលពីសប្តាហ៍មុន នេះបើតាមការអោយដឹងពីមន្ត្រីអាម៉េរិកម្នាក់កាលពីថ្ងៃព្រហស្បតិ៍។
ព័ត៌មានចុងក្រោអំពីបញ្ហានេះចេញពីក្រសួងការបរទេសអាម៉េរិកបង្ហាញថា ផ្នែកចារកម្មអាម៉េរិកកំពុងរកឃើញបណ្តាញស៊ើបការណ៍ដ៏ធំមួយប្រព្រឹត្តដោយរដ្ឋាភិបាលទីក្រុងប៉េកាំងលើប្រទេសចំនួន៤០។
ឥឡូវអាម៉េរិកកំពុងពិចារណាចាត់វិធានការលើចិនចំពោះអ្វីដែលខ្លួនហៅថាការរំលោភអធិបតេយ្យភាពរបស់អាម៉េរិក។
មន្ត្រីអាម៉េរិកជាន់ខ្ពស់ម្នាក់បាននិយាយថា បាឡុងជាច្រើនត្រូវបានយកមកប្រើសំរាប់ប្រតិបត្តិការទូទាំងពិភពលោក ដោយពួកវាអាចប្រមូលព័ត៌មានចារកម្ម។ផ្នែកចារកម្មអាម៉េរិកភ្ជាប់កម្មវិធីនេះដោយផ្ទាល់ទៅនឹងកងទ័ពរំដោះប្រជាជនចិន។
បាឡុងចិនត្រូវបានបាញ់ទម្លាក់លើសមុទ្របន្ទាប់ពីវាហោះហួសដីគោកអាម៉េរិកកាលពីថ្ងៃ៤កុម្ភៈ។ពួកមន្ត្រីអាម៉េរិកបាននិយាយថា អាម៉េរិកនឹងពិចារណាចាត់វិធានការប្រឆាំងបណ្តាអង្គភាពរដ្ឋចិនណាដែលជាប់ទាក់ទងនឹងកងទ័ពចិន
យោងតាមសារព័ត៌មានដឹដ្រាយ យន្តហោះU-2Sរបស់កងទ័ពអាកាសអាម៉េរិកបានស្ថិតចំណោមទ្រព្យអាម៉េរិកដទៃទៀតដែលបានតាមឃ្លាំមើលនិងប្រមូលព័ត៌មានលើបាឡុងចិនក្នុងអំឡុងពេលបាឡុងនេះហោះកាត់ទឹកដីអាម៉េរិក។យន្តហោះF-22 Raptor នៅទីបំផុតបានបាញ់ទម្លាក់វាដោយប្រើកាំជ្រួចAIM-9X Sidewinderនៅឯនាយឆ្នេររដ្ឋសៅខារ៉ូឡាយណាកាលពីថ្ងៃសៅរ៍។
យន្តហោះU-2Sបានចូលរួមប្រតិបត្តិការតាមដានបាឡុងចិនកាលពីសប្តាហ៍មុននិងបានសង្កេតឃើញអង់តែននៅនឹងបាឡុង
សូមបញ្ជាក់ថា ក្រសួងការបរទេសចិនបាននិយាយថា វាជាបាឡុងសិក្សាអាកាសធាតុមួយដែលត្រូវខ្យល់បក់ចេញពីផ្លូវតែហោះចូលអាម៉េរិកដោយចៃដន្យ ហើយបានចោទប្រកាន់អាម៉េរិកថាប្រតិកម្មជ្រុល។
ចិនកាលពីថ្ងៃព្រហស្បតិ៍ទី៩កុម្ភៈបាននិយាយថាការចោទប្រកាន់របស់សហរដ្ឋអាម៉េរិកថាបាឡុងចិនដែលត្រូវបានបាញ់ទម្លាក់ជាផ្នែកមួយនៃកម្មវិធីឃ្លាំមើលដ៏ទូលំទូលាយ គឺស្មើនឹង “សង្គ្រាមព័ត៌មានប្រឆាំងនឹងចិន”។
នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃកាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning)បានលើកឡើងម្តងទៀតនូវការទទូចរបស់ចិនថាបាឡុងគ្មានមនុស្សបើកដ៏ធំនេះគឺជាបាឡុងឧតុនិយមស៊ីវិល ដែលបានហោះខុសទិសដោយចៃដន្យ ហើយថាសហរដ្ឋអាម៉េរិក “មានប្រតិកម្មជ្រុល” ដោយបាញ់ទម្លាក់វាចោល។
អ្នកនាំពាក្យក្រសួងការពារជាតិចិនក៏បាននិយាយថា ភាគីចិននឹងមិនទទួលយកសំណើពីអាម៉េរិកដើម្បីធ្វើការសន្ទនាតាមទូរស័ព្ទរវាងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរទេ ដោយសារតែ«អំពើមិនទទួលខុសត្រូវនិងខុសឆ្គង»របស់អាម៉េរិកជុំវិញបាឡុងស៊ីវិលគ្មានមនុស្សបើករបស់ចិន។
ទោះជាយ៉ាងណានៅល្ងាចថ្ងៃព្រហស្បតិ៍ សភាអាម៉េរិកបានបោះឆ្នោតជាឯកច្ឆន្ទគាំទ្រសេចក្តីសំរេចចិត្តមួយដោយថ្កោលទោសការជ្រៀតចូលនៃបាឡុងចិនទៅក្នុងដែនអាកាសអាម៉េរិកថាជា«ការរំលោភអធិបតេយ្យភាពអាម៉េរិក»យ៉ាងច្បាស់ក្រឡែត។សភាបានបោះឆ្នោតក្នុងសម្លេង៤១៩ទល់នឹងសូន្យ នៅប្រាំថ្ងៃបន្ទាប់ពីកងទ័ពអាកាសអាម៉េរិកបាញ់ទម្លាក់បាឡុងចូលក្នុងសមុទ្រ៕