ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ សមាជិកបក្សប្រឆាំងជាប់ឃុំជាង ២០០ នាក់របស់នីការ៉ាហ្គាត្រូវបានដោះលែងកាលពីថ្ងៃព្រហស្បតិ៍ទី៩កុម្ភៈ ហើយត្រូវបានបណ្តេញទៅកាន់សហរដ្ឋអាម៉េរិក នៅក្នុងចំណាត់ការដ៏គួរឱ្យភ្ញាក់ផ្អើលមួយដោយប្រធានាធិបតីផ្តាច់ការខ្លាំងឡើងរបស់ប្រទេសអាម៉េរិកកណ្តាលមួយនេះ គឺលោក ដានីញែល អ័រតេហ្គា (Daniel Ortega)។
បន្ទាប់ពីកិច្ចពិភាក្សាស្ងាត់ៗជាច្រើនសប្តាហ៍ជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នីការ៉ាហ្គាបានអនុញ្ញាតឱ្យអ្នកជាប់ឃុំចំនួន២២២ នាក់ ដែលរាប់បញ្ចូលទាំងអតីតគូប្រជែងរបស់លោកអ័រតេហ្គាផងនោះ ឡើងជិះយន្តហោះទៅទីក្រុងវ៉ាស៊ីនតោន។
ក្រុមមន្ត្រីអាម៉េរិកបាននិយាយថា ពួកគេនឹងអនុញ្ញាតឱ្យអតីតអ្នកទោសដែលត្រូវបាននាំទៅកាន់សណ្ឋាគារស្នាក់នៅយ៉ាងហោចណាស់ពីរឆ្នាំនិងផ្តល់ជំនួយផ្នែកវេជ្ជសាស្ត្រនិងផ្លូវច្បាប់។
លោក វ័ន សេបាស្ទាន ចាម័ររ៉ូ (Juan Sebastian Chamorro) ដែលត្រូវបានចាប់ខ្លួនមុនពេលគាត់អាចប្រជែងជាមួយលោកអ័រតេហ្គាក្នុងការបោះឆ្នោតឆ្នាំ ២០២១ បាននិយាយនៅឯអាកាសយានដ្ឋានអន្តរជាតិដុលឡេស (Dulles) ក្បែររដ្ឋធានីអាម៉េរិកថា “ខ្ញុំសូមថ្លែងអំណរគុណដល់ព្រះជាម្ចាស់ និងអ្នកគ្រប់គ្នា ដែលបានធ្វើឱ្យមានអព្ភូតហេតុនេះឡើង គឺ អព្ភូតហេតុនៃសេរីភាព”។
លោកបាននិយាយថា “យើងនៅទីនេះក្នុងទឹកដីនៃសេរីភាព ហើយយើងមានក្តីអំណរគុណខ្លាំងណាស់”។
លោកចាម័ររ៉ូ ដែលម្តាយមីងរបស់គាត់បានយកឈ្នះលោកអ័រតេហ្គាក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ១៩៩០ បាននិយាយថា ក្រុមអ្នកទោសមិនបានទទួលដំណឹងអ្វីទេ រហូតដល់ពួកគេត្រូវបានផ្តល់សម្លៀកបំពាក់ ហើយនាំទៅបន្ទប់ផ្សេងទៀត មុនពេលត្រូវគេបញ្ជូនឡើងឡានក្រុង។
លោកបាននិយាយថា “វាមានរយៈពេល ២០ ខែនៅក្នុងការឃុំឃាំងនៅពន្ធនាគារដែលមានសន្តិសុខអតិបរមា ដោយគ្មានទំនាក់ទំនងទាំងស្រុង។ ប៉ុន្តែនៅទីនេះពួកយើងមានសេរីភាពពេញទី”។
លោកអ័រតេហ្គាមិនបានធ្វើអត្ថាធិប្បាយភ្លាមៗចំពោះការដោះលែងនេះទេ។ ប៉ុន្តែលោក អក់តាវីអូ រ៉ូតស៊ូ (Octavio Rothschuh) ប្រធានតុលាការឧទ្ធរណ៍នៅរដ្ឋធានីម៉ាណាហ្គា (Managua) បានពណ៌នាអ្នកទោសទាំងនោះថាត្រូវបាន “និរទេស” ហើយហៅពួកគេថា “ជនក្បត់ជាតិ”៕
អ្នកទោសនយោបាយ លោក វ័ន សេបាស្ទាន ចាម័ររ៉ូ និយាយទៅកាន់អ្នកកាសែតនៅក្រៅសណ្ឋាគារក្នុងទីក្រុងហឺនដុន រដ្ឋវើជីនៀ ក្រោយលោកត្រូវបានរដ្ឋាភិបាលនីការ៉ាហ្គាដោះលែង