ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ ធនាគារពិភពលោកនឹងផ្តល់ជំនួយសង្គ្រោះនិងការស្តារប្រទេសឡើងវិញចំនួន១,៧៨ពាន់លានដុល្លារសំរាប់តួកគី នៅពេលប្រទេសនេះកំពុងតស៊ូជម្នះនឹងផលវិបាកបង្កឡើងដោយរញ្ជួយដ៏ខ្លាំងដែលបានសម្លាប់មនុស្សយ៉ាងតិច២១.០០០នាក់នៅតួកគីនិងស៊ីរី។
ធនាគារបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទឹកប្រាក់ជំនួយ៧៨០លានដុល្លារនឹងត្រូវប្រគល់អោយរដ្ឋាភិបាលទីក្រុងអង់ការ៉ាភ្លាម ដោយលុយនេះនឹងត្រូវបង្វែរចេញពីគំរោងរបស់ធនាគារពិភពលោកដែលមានស្រាប់នៅតួកគី។ប្រាក់១ពាន់លានទៀតជាជំនួយសំរាប់ការស្តារនិងស្ថាបនាតួកគីឡើងវិញ។វានឹងត្រូវរៀបចំនិងត្រូវចំណាយពេលយូរបន្តិច។
ក្នុងពេលជាមួយគ្នា អាម៉េរិកបានប្រកាសផ្តល់ជំនួយជំហានដំបូងចំនួន៨៥លានដុល្លារសំរាប់ជំនួយសង្គ្រោះបន្ទាន់ក្រោយរញ្ជួយដីដ៏ខ្លាំងនៅតួកគីនិងស៊ីរី។
ទីភ្នាក់ងារអាម៉េរិកសំរាប់ការអភិវឌ្ឃន៍អន្តរជាតិ (USAid )បាននិយាយថាលុយជំនួយទាំងនេះនឹងផ្តល់អោយដៃគូនៅក្នុងប្រទេសទាំងពីរដើម្បី«បញ្ជូនជំនួយត្រូវការចាំបាច់និងបន្ទាន់សំរាប់មនុស្សរាប់លាននាក់»រួមមានស្បៀង ជម្រកតង់និងសេវាសុខាភិបាលគ្រាអាសន្ន។
USAid បាននិយាយថាលុយទាំងនេះក៏គាំទ្រកម្មវិធីទឹកផឹកនិងអនាម័យដើម្បីបង្ការកុំអោយផ្ទុះជំងឺផងដែរ។
ការប្រកាសផ្តល់ជំនួយនេះកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាម៉េរិកកាលពីថ្ងៃព្រហស្បតិ៍បានទូរស័ព្ទទាក់ទងទៅសមភាគីតួកគីដើម្បីពិភាក្សាអំពីតំរូវការរបស់សម្ពន្ធមិត្តណាតូមួយនេះ។
អាម៉េរិកបានបញ្ជូនក្រុមជួយសង្គ្រោះបីក្រុមរួចហើយទៅកាន់តួកគីនិងបានជួយម៉ាស៊ីនបំបែកថ្ម ម៉ាស៊ីនភ្លើង ប្រព័ន្ធចម្រោះទឹកនិងឧទ្ធម្ភាគចក្រ។
ជំនួយនៅស៊ីរី អាម៉េរិកធ្វើតាមរយៈដៃគូក្នុងមូលដ្ឋាន ដោយសាររដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនមិនព្រមទាក់ទងជាមួយប្រធានាធិបតីស៊ីរីលោក បាសសាអាល់-អាសាដ៕
អ្នកនៅមានជីវិតពីរញ្ជួយដី នាំគ្នាមករើសយកភួយនិងទទួលស្បៀងនៅទីក្រុងអាឌីយ៉ាម៉ាន ប្រទេសតួកគីកាលពីថ្ងៃ៩កុម្ភៈ