ដោយៈ សុវណ្ណ / រតនគិរីៈ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ អគារមត្តេយ្យសិក្សា ១ខ្នងដែលលោក ចិន សំណាង ម្ចាស់ហាងលក់ពេជ្រ CSNJ នៅរាជធានីភ្នំពេញម្នាក់ បានផ្តល់ជូនសហគមន៍ជនជាតិភាគតិច នៅខេត្តរតនគិរីតាមរយៈលោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ដើម្បីទទួលកុមារជនជាតិដើមភាគតិច ឲ្យចូលរៀន។

សាលាមត្តេយ្យសិក្សា ១ខ្នងនោះ សង់អំពីបេតុងប្រក់ក្បឿងថៃ ទំហំ ៦ ម៉ែត្រ គុណនឹង ៣០ ម៉ែត្រ ស្មើនឹង ៥បន្ទប់ សង់នៅក្នុងបរិវេណវត្ដបរឡយ ភូមិបរឡយ ឃុំកិចុង ក្នុងស្រុកបរកែវ ខេត្តរតនគិរី ។

លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានអបអរសាទរ ដោយកោតសរសើរ ចំពោះលោក ចិន សំណាង ដែលបានជួយកសាងសាលាមត្តេយ្យសិក្សា ហ៊ុន សុីណាត បរឡយទុកជាចំណងដៃ ជូនដល់កូនក្មួយនៅទីនេះឲ្យបានចូលរៀនគ្រប់ៗគ្នា និងដើម្បីឲ្យមានចំណេះដឹង បន្ដទៅថ្ងៃខាងមុខ។

លោកអភិបាលខេត្ដ បានបន្ដថាៈ សាលាមត្តេយ្យសិក្សា ១ខ្នងនេះ មានសារៈសំខាន់សម្រាប់កូនក្មួយយើង និងក្មេងដទៃទៀត ដែលរស់នៅភូមិជិតខាង។ ពីថ្ងៃនេះតទៅ សាលាមត្តេយ្យសិក្សា ហ៊ុន ស៊ីណាត បរឡយ បានបើកទ្វារ លាដៃចាំទទួលកុមារា កុមារី ឲ្យបានចូលរៀនគ្រប់ៗគ្នា លែងលំបាកទៅរៀននៅសាលាឆ្ងាយ ដូចគ្រាមុនទៀត។ សមិទ្ធផលទាំងនេះ ផ្ដើមចេញពីយើង មានប្រមុខដឹកនាំរដ្ឋដ៏ឈ្លាសវៃ នៅជាមួយយើងនោះ គឺសម្ដេចតេជោ ហ៊ុន សែន ។

នៅក្នុងពិធីនោះ លោកស្រី ហ៊ុន ស៊ីណាត បានមានប្រសាសន៍ថាៈ សាលាមត្តេយ្យសិក្សា ដែលបានកើតថ្មី នៅលើទឹកដី ដាច់ស្រយាលមួយនេះ គឺជាសមិទ្ធផលមួយ ដ៏មានសារប្រយោជន៍សម្រាប់ជួយអប់រំ ដល់កុមារតូចៗរបស់កូនក្មួយជនជាតិដើមភាគតិច។

លោកស្រី បានស្នើសុំដល់អាជ្ញាធរមូលដ្ឋាន និងលោកគ្រូអ្នកគ្រូ រួមនឹងសិស្សនៅទីនោះ ត្រូវចេះរួមគ្នាថែរក្សាសាលារៀនមួយនោះ ឲ្យបានល្អ និងគង់វង្ស ដើម្បីបំរើផលផលប្រយោជន៍រួមឲ្យបានយូរអង្វែង។

នៅក្នុងឱកាសនោះដែរ លោក ចិន សំណាងម្ចាស់ហាងពេជ្រ នៅបានផ្ដល់សម្ភារសិក្សា ដល់សិស្ស និងផ្ដល់ជាអង្ករ ជូនប្រជាពលរដ្ឋចំនួន ២១៩ គ្រួសារ រួមនឹងថវិកាមួយចំនួន ដល់មន្រ្តីដែលបានចូលរួម មិនតែប៉ុណ្ណោះ នៅបានជួយជាអង្ករ ត្រីខ ជូនទៅខេត្ដ សម្រាប់ទុកជួយដល់ពលរដ្ឋណា ដែលងាយរងគ្រោះផងដែរ៕ V / N